ទីក្រុងប៉េកាំងៈ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានឡើងថ្លៃបន្តិចក្នុងខែមេសាដែលជាសញ្ញាបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះចាប់ផ្តើមងើបឡើងវិញយឺតៗ ខណៈការហាមឃាត់ការធ្វើដំណើរត្រូវបានបន្ធូរបន្ថយក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ លើពិភពលោក។
កាសែត Straitstimes បានផ្សាយបន្តពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានអះអាងថា តម្លៃផ្ទះថ្មីជាមធ្យមក្នុងទីក្រុងធំៗចំនួន ៧០ បានកើនឡើងប្រមាណ ០,៥ ភាគរយ ក្នុងខែមេសាធៀបនឹងខែមីនា បន្ទាប់ពីកើនឡើង ០,១ ភាគរយក្នុងខែមីនា។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានគណនាផ្អែកលើទិន្នន័យការិយាល័យស្ថិតិជាតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
តាមមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះបានកើនឡើង ៥,១ ភាគរយក្នុងខែមេសា បើប្រៀបធៀបជាមួយការកើនឡើង ៥,៣ ភាគរយក្នុងខែមីនា។
មន្ត្រីការិយាល័យស្ថិតិជាតិបានឲ្យដឹងបន្ទាប់ពីការចេញទិន្នន័យនេះថា៖ «តម្រូវការផ្ទះដ៏ឆាប់រហ័សកំពុងកើនឡើងក្នុងខែមេសា ពេលដែលសេដ្ឋកិច្ច និងជីវភាពប្រជាជនបន្តវិលទៅរកភាពប្រក្រត្រីឡើងវិញ»។
ភាគច្រើននៃទីក្រុងទាំង ៧០ ដែលបានស្ទង់មតិដោយការិយាល័យស្ថិតិជាតិ បានរាយការណ៍ពីតម្លៃប្រចាំខែកើនឡើងសម្រាប់ផ្ទះថ្មី ដោយចំនួនផ្ទះកើនឡើងយ៉ាងរហ័សពី ៣៨ ដល់ ៥០ ក្នុងខែមីនា។
ទីក្រុងណានជីង ដែលជាទីក្រុងមួយស្ថិតនៅភាគខាងកើតខេត្ត Jiangsu និងទីក្រុង Tangshan ក្នុងភាគខាងជើងខេត្ត Hebei មានសកម្មភាពខ្លាំងដោយកាលពីខែមុនតម្លៃផ្ទះបានកើនជាប្រចាំខែដល់ ១,៨ ភាគរយ។
តម្លៃនេះនៅទាបជាងទីក្រុង Wuhan ដែលជាកន្លែងដំបូងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះបើយោងតាមទិន្នន័យ។
បើទោះជាតំបន់ភាគច្រើនបានលើកបម្រាមគោចរក៏ដោយ ក៏ការលក់អចលនទ្រព្យនៅតំបន់ខ្លះនៅតែស្ថិតក្រោមសម្ពាធដដែល ខណៈអាជ្ញាធរបន្តរក្សាការរឹតត្បិតឡើងវិញមួយចំនួន បន្ទាប់ពីការឆ្លងថ្មីៗមួយចំនួនត្រូវបានរកឃើញ៕ Thestraitstime/RR