ទីក្រុងឌូបៃៈ ក្រុម​អ្នករៀបចំ​ពិព័រណ៍​ឆ្នាំ​ ២០២០ ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ពិភពលោក​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ ដែល​បានកំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​នៅ​ទីក្រុង​ឌូបៃ​នៅ​ខែតុលា​ចុង​ឆ្នាំ​ ២០២០ ​នេះ​កាលពី​ថ្ងៃ​ចន្ទ បានផ្ដល់​អនុសាសន៍​ឲ្យ​ពន្យារ​រយៈពេល​ ១ ​ឆ្នាំ​ដោយសារ​តែ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

ឌូបៃ គឺជា​ទីក្រុង​ដ៏ភ្លឺ​ចិញ្ចាច​ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​សង្ឃឹម​ថា​នឹង​ទាក់ទាញ​ភ្ញៀវ​ប្រហែល ២៥ ​លាន​នាក់មក​ទស្សនា​នៅក្នុង​ព្រឹត្តិការណ៍​នោះ​។

លោកស្រី Reem alHashimi ប្រធាន​ព្រឹត្តិការណ៍​ពិព័រណ៍​ឌូបៃ ឆ្នាំ​ ២០២០ បាន​និយាយថា​៖ «​ប្រទេស​ជាច្រើន​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​កូវីដ​១៩ ហើយ​ប្រទេស​ទាំងនោះ​បានបង្ហាញ​ពី​បំណង​ក្នុង​ការពន្យារពេល​ការបើក​ដំណើរការ​ពិព័រណ៍​ឌូបៃ​ឆ្នាំ​ ២០២០ រយៈពេល​ ១ ​ឆ្នាំ​»​។

លោកស្រី​បន្តថា​៖ «​ប្រទេស UAE និង​អ្នករៀបចំ​ពិព័រណ៍​ឌូបៃ ឆ្នាំ​ ២០២០ បាន​ស្ដាប់​តាម [​ពួកគេ​]​។ ក្នុង​ស្មារតី​សាមគ្គី និង​ឯកភាពគ្នា យើង​បាន​គាំទ្រ​សំណើ​នេះ​ដើម្បី​ស្វែងរក​ការពន្យារពេល​ ១ ​ឆ្នាំ​»​។

វិស័យ​សំខាន់ៗ​របស់​ទីក្រុង​នេះ​មាន​ដូចជា អចលនទ្រព្យ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ត្រូវ​បាន​ចុះខ្សោយ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។

ក្រុម​អ្នករៀបចំ​ពិព័រណ៍ និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (BIE) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ដែល​ជា​ស្ថាប័ន​ផ្ដល់​ពានរង្វាន់​ដល់​ព្រឹត្តិការណ៍​នេះ បាន​យល់ព្រម​ឲ្យ​មាន​ការសិក្សា​ពី​ការផ្លាស់ប្តូរ​ពេលវេលា​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​។

លោកស្រី Hashimi បាន​ថ្លែងថា​៖ «​យើង​ទន្ទឹង​រង់ចាំ​ស្វាគមន៍​ពិភពលោក​ដោយ​ក្ដីរីករាយ​។ យើង​ពិតជា​នឹង​ចេញ​ផុតពី​បញ្ហា​ប្រឈម​ដ៏ខ្លាំង​នេះ និង​កាន់តែ​រឹងមាំ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​»​។

ការសម្រេចចិត្ត​ចុងក្រោយ​លើ​ការពន្យារពេល​នឹង​ត្រូវ​ធ្វើឡើង​ដោយ BIE ខណៈ​អគ្គលេខាធិការ​ស្ថាប័ន​នេះ​គឺ​លោក Dimitri Kerkentzes បាន​ស្វាគមន៍​អនុសាសន៍​នេះ​។

លោក​ថ្លែងថា​៖ «​ការសម្រេចចិត្ត​របស់ UAE ដើម្បី​គាំទ្រ​ការពន្យារពេល​ ១ ​ឆ្នាំ​បង្ហាញ​ពី​ភាពជាក់ស្ដែង ភាព​បើកចំហ និង​ការប្ដេជ្ញាចិត្ត​ក្នុង​ការផ្ដល់​ពិព័រណ៍​ដែល​បំពេញ​មហិច្ឆតា​រួម​របស់​យើង​»​។

ទីក្រុង​ឌូបៃ​ដែល​ល្បី​ខាង​ការរៀបចំ​សន្និសីទ​រាប់រយ​ប្រចាំឆ្នាំ​បាន​លុបចោល​រួចមក​ហើយ​នូវ​ព្រឹត្តិការណ៍​វប្បធម៌ និង​ការកម្សាន្ត​ជាច្រើន​នៅ​សប្ដាហ៍​ថ្មីៗ​នេះ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងច្រើន​មកទល់​ពេល​នេះ ។

លោក M.R. Raghu ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កូវែត (Markaz) បាន​ថ្លែងថា​៖ «​ការសម្រេចចិត្ត​ក្នុងការ​ពន្យារពេល​ពិព័រណ៍​ឆ្នាំ​ ២០២០ ធ្វើឡើង​ក្នុង​ពេលវេលា​ដ៏សំខាន់​មួយ នៅពេល​សេដ្ឋកិច្ច​បាន​ធ្លាក់ចូល​ទៅក្នុង​សភាព​ថមថយ​»​។

លោក​ថ្លែងថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) វិស័យ​បដិសណ្ឋារកិច្ច ទេសចរណ៍ និង​លក់រាយ​ដែល​កំពុង​មាន​ដំណើរការ​មិនល្អ​រួចហើយ​នោះ​នឹងរង​ផលប៉ះពាល់​ចំនួន​ ២ ដោយសារ​តែ​តម្លៃ​ប្រេង​ទាប និង​ការរីករាលដាល​វីរុស​កូរ៉ូណា​ដែល​សង្ឃឹមថា​នឹង​អាច​ប៉ះប៉ូវ​បាន និង​ស្ទុះ​ងើបឡើង​វិញ​នូវ​អាជីវកម្ម​ដែល​ខាតបង់​នៅក្នុង​អំឡុងពេល​ពិព័រណ៍​នេះ​»​។

មកទល់​ពេល​នេះ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​ពី​ការរកឃើញ​វីរុស​កូរ៉ូណា​ចំនួន ៦១១ ​ករណី និង​មាន​មនុស្ស​ ៥ ​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ​ត្រូវបាន​អនុវត្ត​វិធានការ​បិទ​ការធ្វើ​ចរាចរណ៍​ដ៏ទូលំទូលាយ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​នេះ​រួមទាំង​បម្រាម​គោចរ​នៅពេល​យប់​ដែល​កំពុង​បន្ត​អនុវត្ត​៕ LA