ភ្នំពេញៈ ទីផ្សារ​ដីឡូត៍​ដែល​ចាប់ផ្តើម​មានដំណើរ​ល្អ​ឡើងវិញ​ជា​បណ្តើរៗ​កាលពី​ដើម​ឆ្នាំ​ ២០២១ ​នោះ​ពេលនេះ​បាន​ជួបនឹង​បញ្ហា​ប្រឈម​ជាថ្មី​ម្តងទៀត ដោយ​សកម្មភាព​ទិញ-លក់​​ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ដែល​បណ្តាល​មកពី​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិកាណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ដីឡូត៍​នៅ​កម្ពុជា​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ខែមីនា កម្ពុជា បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចំនួន​ ៧៥ ​នាក់​ទៀត ខណៈ​អ្នកជំងឺ​ ២២ ​នាក់​បានជា​សះស្បើយ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។ អ្នកជំងឺ​ទាំង​ ៧៥ ​នាក់​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ មកដល់​ថ្ងៃ​ពុធ កម្ពុជា​បានបញ្ជាក់​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន ១ ៥០៥ ​នាក់ ​ក្នុង​នោះ ៨៤០ ​នាក់​ជាសះស្បើយ និង​ស្លាប់​ម្នាក់​។

កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើឱ្យ​តំបន់​ជាយ​រាជធានី-ខេត្ត​នៅពេលនេះ​មាន​គម្រោង​ពុះ​ដីឡូត៍​លក់​ជាច្រើន​កន្លែង​។

លោក វិន ឈុនហៀត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដី​ថ្មី រៀលអ៊ីស្ទេត ដែលមាន​គម្រោង​ដីឡូត៍​លក់​នៅ​ផ្លូវជាតិ​លេខ​ ៣ និង ៤ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ ១៧ ខែមីនា​ថា ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បាន​ធ្វើឱ្យ​ការលក់​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​ពី​ ៣០-៥០ ​ភាគរយ​។

ការលក់​ធ្លាក់ចុះ​ពេលនេះ​អាច​បណ្តាលមកពី​កត្តា​ធំៗ​ ២ គឺ​ក្តីបារម្ភ​ពី​ការបាត់បង់​ប្រភព​ចំណូល​ពី​ប្រាក់ខែ ឬ​អាជីវកម្ម និង​ការបារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅពេល​ចេញ​ក្រៅ​ផ្ទះ​។ លោក​បន្តថា ជាធម្មតា​ការទិញ​ដី​តែង​ត្រូវការ​ប្រាក់​ច្រើន​គួរសម ឬ​មាន​ស្ថិរភាព​ល្អ​ (​បង់រំលស់​) ​ហេតុនេះ​នៅពេល​មាន​ការផ្ទុះ​កូវីដ​ ១៩ ក្នុង​សហគមន៍​អតិថិជន​តែង​ប្រយ័ត្នប្រយែង​លើ​ការចំណាយ​។

លោក​ថ្លែងថា​៖ «​មុនពេល​កូវីដ​ផ្ទុះឡើង​ក្នុង​សហគមន៍​លើក​ទី​៣ មាន​អតិថិជន​ជាច្រើន​បាន​ខល​មក​ណាត់​ទៅ​មើល​ដី ប៉ុន្តែ​គ្រាន់តែ​កូវីដ ​១៩ ផ្ទុះឡើង​ភ្លាម ការណាត់​ស្ទើរ​ទាំងអស់​ត្រូវ​បាន​គេ​លុបចោល​វិញ​»​។

ទោះយ៉ាងណា​លោក ឈុនហៀត លើកឡើង​ថា នៅក្នុង​ដំណាក់កាល​នេះ ប្រសិនបើ​អ្នក​ដែលមាន​បំណង​ចង់​វិនិយោគ​លើដី​ឡូត៍ គេ​គួរតែ​ទិញ​ពេល​នេះ ព្រោះ​វា​ជា​ឱកាស​ឱ្យគេ​ទិញ​បាន​ក្នុង​តម្លៃ​ទាប និង​អាចមាន​លក្ខខណ្ឌ​ល្អប្រសើរ​ទៀតផង​។

បុគ្គលិក​ផ្នែក​លក់​ម្នាក់​នៃ​ក្រុមហ៊ុន​សាវុធ អចលនទ្រព្យ ដែលមាន​ដី​ជាង ៣០ ​ហិកតា​ កំពុង​ពុះឡូត៍​លក់​នៅ​តាម​ផ្លូវជាតិ​លេខ​ ៥១ ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ប្រាប់​ថា​ការធ្លាក់ចុះ​យ៉ាងគំហុក​សកម្មភាព​ទិញ-លក់​ដីឡូត៍​គឺ​ចាប់​តាំងពី​ការផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ លោក​បន្តថា មុន​ថ្ងៃ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ក្រុមហ៊ុន​លោក​អាច​លក់​បាន​រហូតដល់​ ២០ ​ឡូត៍ ប៉ុន្តែ​ពេលនេះ ក្នុង​ ១ ​ថ្ងៃ​ ក្រុមហ៊ុន​លក់បាន​តែ ៣-៤ ​ឡូត៍​ប៉ុណ្ណោះ​។

លោក​និយាយថា​៖ «​ការលក់​នៅពេល​នេះ​មិនល្អ​ទេ ដោយ​ក្នុង​ ១ ​ថ្ងៃៗ​មិនសូវ​មាន​អ្នក​មក​មើល​ទីតាំង​ច្រើន​ដូច​មុន​ឡើយ ហើយ​អតិថិជន​ដែល​សន្យាថា​នឹង​មក​មើល​ដី​ក៏​បាន​បដិសេធ​វិញ​ស្ទើរ​ទាំងអស់​ផងដែរ​»​។

លោក​ប្រាប់ទៀតថា ទន្ទឹមនឹង​ការលក់​ធ្លាក់ចុះ​នេះ​ក៏​មាន​អតិថិជន​មួយចំនួន​បាន​មក​សុំឱ្យ​ក្រុមហ៊ុន​ជួយ​ពន្យារពេល​បង់ប្រាក់​ផងដែរ ដោយ​ពួកគាត់​លើកឡើងថា មិនមាន​ប្រាក់​គ្រប់គ្រាន់​។

លោក​បន្តថា​៖ «​នៅពេលនេះ​មាន​អតិថិជន​ប្រហែល​ជិត ៥០ ​ភាគរយ​ បាន​សុំឱ្យ​ក្រុមហ៊ុន​ជួយ​សម្រួល​វិធីសាស្ត្រ​បង់ប្រាក់ ខណៈ​ដែល​ក្រុមហ៊ុន​ក៏បាន​ជួយ​សម្រួល​ដល់​ពួកគេ​ខ្លះៗ​ផងដែរ​»​។

ទោះបី​យ៉ាងណា លោក​មាន​សុទិដ្ឋិនិយម​ថា បើ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ឆាប់​ចប់ ដំណើរការ​ទិញ-លក់​អាច​នឹងមាន​ភាពល្អ​ឡើងវិញ​។

លោក គឹម សឿន បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​បង់​រំលស់​ដី​ ១ ​កន្លែង​ នៅ​ជាយក្រុង​ភ្នំពេញ​បាន​ប្រាប់ថា ពេលនេះ​លោក​ចាប់ផ្តើម​ជួប​បញ្ហា​កង្វះ​ប្រាក់​សម្រាប់​បង់​ឱ្យ​ក្រុមហ៊ុន​លក់​ដី​ជា​បណ្តើរៗ​ហើយ ព្រោះ​ប្រាក់ចំណូល​ពី​ប្រភព​មួយចំនួន​ដែល​ធ្លាប់​ទទួលបាន​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​ពេលនេះ​។

លោក​បន្តថា នៅមុន​ពេល​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ក្រៅពី​ចំណូល​ពី​ប្រាក់ខែ លោក​តែង​ទៅ​ជួយ​ទៅ​លក់ទំនិញ​ឱ្យ​បងប្អូន​នៅពេល​ទំនេរ​ពី​ការងារ ដោយ​គេ​បានផ្តល់​ឱ្យប្រាក់​ខ្លះៗ​ដែរ ប៉ុន្តែ​នៅពេល​នេះ​ការលក់​ត្រូវបាន​ផ្អាក​មួយរយៈ​។

លោក​បញ្ជាក់​ថា​៖ «​ពីមុន​ខ្ញុំ​អាច​រកចំណូល​បាន​ខ្លះ​ពី​ការងារ​ក្រៅ​ក្រុមហ៊ុន ប៉ុន្តែ​ពេលនេះ​ចប់​អស់ហើយ ព្រោះ​ខ្ញុំ​មិន​ហ៊ាន​ទៅ​កន្លែង​ណា​ក្រៅពី​កន្លែងធ្វើការ​ទេ​។ បើ​ស្ថានភាព​នេះ​នៅ​បន្ត​យូរ​ទៀត​ (១ ​ខែ​) ​ខ្ញុំ​ប្រហែល​ជា​នឹង​ទៅ​ជួប​ក្រុមហ៊ុន​ដើម្បី​ឱ្យគេ​ជួយ​សម្រួល ឬ​ពន្យារពេល​បង់ប្រាក់​ខ្លះ​»៕ LA

វីដេអូ៖