
សកម្មភាពរថយន្តស្ទូចលូដាក់ចុះមុននឹងក្រុមកម្មកររៀបចំប្រព័ន្ធបង្ហូរទឹកសម្អុយក្នុងគម្រោងពុះដីឡូត៍លក់ ១ កន្លែងនៅក្នុងរាជធានីភ្នំពេញ។ រូបថត សហការី
ភ្នំពេញៈ អស់រយៈពេលជាង ៩ ខែមកហើយ ដែលជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលដែលធ្វើឲ្យទីផ្សារពុះដីឡូត៍លក់នៅកម្ពុជា ពិសេសរាជធានីភ្នំពេញ និងតំបន់ជិតៗនេះកំពុងទទួលរងនូវផលប៉ះពាល់ទៅលើតម្រូវការទិញលក់ផងដែរ។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
មុនពេលមានការផ្ទុះជំងឺកូវីដ ១៩ ប៉ុន្មានឆ្នាំទីផ្សារពុះដីឡូត៍ក្នុងរាជធានីភ្នំពេញ និងតំបន់ជិតខាងមានសកម្មភាពមមាញឹកយ៉ាងខ្លាំង ហើយតម្លៃក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។
លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា វត្តមានជំងឺកូវីដ ១៩ លើពិភពលោកបានធ្វើឲ្យសកម្មភាពទីផ្សារពុះដីឡូត៍នៅកម្ពុជា ពិសេសតំបន់ជាយក្រុងភ្នំពេញ និងបណ្តាខេត្តជុំវិញថយចុះល្បឿនជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។ លោកបន្តថា តម្លៃដីឡូត៍ទាំងអស់នោះមានការធ្លាក់ចុះខ្លះ។
លោកថ្លែងថា៖ «សម្រាប់ទីផ្សារដីឡូត៍ នៅពេលនេះគឺមិនទាន់មានភាពល្អឡើងវិញទេ ហើយបើតាមការគិតរបស់ខ្ញុំគឺក្នុងឆ្នាំ ២០២០ នេះទាំងមូល ទីផ្សារនេះមិនអាចធៀបទៅនឹងសកម្មភាពល្អដូចឆ្នាំមុនបានទេ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ការលក់ដីឡូត៍របស់គម្រោងមួយចំនួននៅភ្នំពេញក្នុងឆ្នាំ ២០២០ នេះអាចធ្លាក់ចុះរហូតដល់ចន្លោះពី ៥០-៧០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាពេលទីផ្សារដីឡូត៍មានសម្ទុះខ្លាំង»។
ទោះយ៉ាងណាជាមួយនឹងបទពិសោធជិត ២០ ឆ្នាំក្នុងវិស័យអចលនទ្រព្យ លោក ឆៃលីន នៅតែមើលឃើញថា ការពុះដីឡូត៍លក់នៅតែជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់នូវកន្លែងរស់នៅសមរម្យដល់ប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម។
លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដីថ្មី រៀលអ៊ីស្ទេត ដែលមានដីឡូត៍ពុះលក់ជាច្រើនកន្លែងនៅភាគខាងជើង និងខាងលិចភ្នំពេញបានទទួលស្គាល់ថា ការលក់ពិតជាបានធ្លាក់ចុះបន្តិចមែនចាប់តាំងពីដើមឆ្នាំ ២០២០ មក ប៉ុន្តែលោករំពឹងថា ស្ថានភាពនេះនឹងរើបឡើងវិញបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់កាលពីសប្តាហ៍មុន។
លោកប្រាប់ថា៖ «ការលក់ដីឡូត៍បានធ្លាក់ចុះខ្លាំងកាលពីអំឡុងឈប់សងបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ តែបន្ទាប់ពីនេះ ១ ខែ ខ្ញុំរំពឹងថាវានឹងរើបឡើងវិញ ខណៈស្ថានភាពកូវីដក៏ស្រាកស្រាន្តខ្លះដែរ»។
ជាទូទៅតម្លៃដីពុះឡូត៍ឆ្នាំនេះមិនបានកើនឡើងច្រើនទេ បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមលោក ឈុនហ៊ាត។
ទន្ទឹមនឹងនេះដែរ លោក ជឹម សុជា អ្នកអភិវឌ្ឍន៍ដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានប្រាប់ថា ការលក់ដីឡូត៍របស់លោកមិនបានធ្លាក់ចុះទេ ព្រោះទន្ទឹមនឹងការបន្ថយសកម្មភាពទិញរបស់បុគ្គលមួយចំនួនដោយសារតែវិបត្តិកូវីដ ១៩ ក៏មានបុគ្គលមួយចំនួនបង្កើនការទិញផងដែរ ខណៈពេលនេះតម្លៃមិនកើនខ្ពស់ដូចមុន ហើយថែមទាំងអាចមានការបញ្ចុះតម្លៃខ្លះថែមទៀតផង។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំប្រសិនបើអាចទិញដីឡូត៍បានច្រើននៅក្នុងពេលនេះ អ្នកទិញនឹងអាចទទួលឱកាសចំណេញប្រាក់បានច្រើននៅពេលខាងមុខ»។
លោកបានលើកឡើងទៀតថា៖ «ជាមួយនឹងស្ថានភាពនៃភាពប្រសើរឡើងជាលំដាប់នៃជំងឺកូវីដ ១៩ ខ្ញុំរំពឹងថា ទីផ្សារនេះអាចមានចលនារស់រវើកឡើងវិញយ៉ាងយូរត្រឹមខែវិច្ឆិកា ឬដើមខែធ្នូខាងមុខ»។
កាលពីម្សិលមិញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំឡើងតួលេខនៃការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុននៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើងនៃការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ដូចជាកង់ និងគ្រឿងអេឡិចត្រូនិក។ ធនាគារនេះព្យាករថា ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះក្នុងរង្វង់ដក ៤,០ ភាគរយ បើធៀបនឹងដក ៥,៥ ភាគរយ នៃការព្យាករកាលពីខែមិថុនាកន្លងមក៕ LA