
សំណង់អគារខ្ពស់ៗបានលេចឡើងជាបន្តបន្ទាប់ក្នុងក្រុងព្រះសីហនុ។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ បើទោះបីដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនក្នុងក្រុងព្រះសីហនុបានបញ្ចប់ភាគច្រើនក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅទីនោះមិនទាន់មានសម្ទុះកើនឡើងវិញដូចក្នុងអំឡុងឆ្នាំ ២០១៨ នោះទេ។ នេះបើយោងតាមអ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ ២០១៩ បានសម្រេចបញ្ចេញថវិកាជាតិប្រមាណ ៣០០ លានដុល្លារ ដើម្បីសាងសង់ផ្លូវចំនួន ៣៤ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្តក្នុងគោលបំណងប្រែក្លាយទីនោះឱ្យទៅប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស។
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៣ ខែមីនាថា បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកនៃសកម្មភាពទិញ លក់ និងជួលអចលនទ្រព្យក្នុងខេត្តព្រះសីហនុមួយរយៈ ដោយសារតែការចាកចេញយ៉ាងច្រើននៃចំនួនភ្ញៀវទេសចរ និងវិនិយោគិនចិនកាលពីចុងឆ្នាំ ២០១៩ (ការបិទល្បែងអនឡាញ) និងការផ្ទុះឡើងជំងឺផ្តាសាយសកលកូវីដ ១៩ វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុបានចាប់ផ្តើមកម្រើកឡើងវិញបន្តិចម្តងៗចាប់ពីចុងឆ្នាំ ២០២០ មក។
ប៉ុន្តែទោះបីយ៉ាងណាការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលនេះកំពុងតែធ្វើឱ្យវិស័យមួយនេះធ្លាក់ចុះមួយកម្រិតទៅវិញ ពិសេសទីផ្សារជួលដែលស្ទើរតែជាប់គាំងតែម្តងនាពេលនេះ។
លោកប្រាប់ថា៖ «ផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបង្កឱ្យមានផលប៉ះពាល់មួយចំនួនចំពោះទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ជាពិសេសទីផ្សារជួលដែលកំពុងស្ងប់ស្ងាត់ខ្លាំង ក្រោយពីអាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់»។
លោកបានបន្ថែមថា បច្ចុប្បន្នទីផ្សារជួលក្នុងក្រុងព្រះសីហនុបានធ្លាក់ចុះលើសពី ៥០ ភាគរយ បើធៀបទៅនឹងមុនពេលមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លោកនិយាយថា៖ «បើមានការរកឃើញអ្នកឆ្លងកូវីដ១៩ នៅខេត្តព្រះសីហនុបន្តកើនឡើងនោះ ទីផ្សារនេះ (ពិសេសទីផ្សារជួល) នឹងកាន់តែធ្លាក់ចុះខ្លាំងបន្ថែមទៀត»។
យោងតាម លោក សេងហួ បច្ចុប្បន្នដីនៅតំបន់ពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុមានតម្លៃចន្លោះពី ១ ៨០០ ទៅ ៣ ៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងតំបន់លំនៅឋានជាយក្រុងមានតម្លៃ ២៥០-៣០០ ដុល្លារ។ តម្លៃនេះបានធ្លាក់ចុះប្រមាណពី ២០-៣០ ភាគរយ បើធៀបនឹងអំឡុងឆ្នាំ ២០១៨-២០១៩។
ទោះយ៉ាងណា លោក សេងហួ មានសុទិដ្ឋិនិយមថា៖ «បន្ទាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ និងជំងឺកូវីដ១៩ ត្រូវគ្រប់គ្រងទាំងស្រុង ខ្ញុំគិតថាទីផ្សារនេះនឹងចាប់ផ្តើមល្អឡើងវិញ»។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបាននិយាយថា នៅពេលដែលអចលនទ្រព្យនៅខេត្តព្រះសីហនុមានទីផ្សារល្អ តម្លៃអចលនទ្រព្យនៅទីតាំងល្អបំផុតក្នុងក្រុងអាចមានតម្លៃដល់ជាង ៤ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងតំបន់ជាយក្រុងមានតម្លៃចន្លោះពី ១០០-៣០០ ដុល្លារ។
ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុបានស្ថិតនៅទ្រឹង និងតំបន់ខ្លះបានធ្លាក់ចុះ ព្រមទាំងមិនសូវមានការទិញលក់ទេ។ លោកបន្តថា បន្ថែមពីលើនេះការមកដល់ជំងឺកូវីដ ១៩ បានធ្វើឱ្យវិស័យមួយនេះកាន់តែទទួលរងផលប៉ះពាល់កាន់តែខ្លាំង បើទោះបីជារដ្ឋាភិបាលកំពុងសាងសង់ផ្លូវជាច្រើនក៏ដោយ។
លោកថ្លែងថា៖ «អចលនទ្រព្យនៅទីនោះអាចមានដំណើរល្អឡើងវិញលុះត្រាតែជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន ១០០ ភាគរយ និងផ្លូវរួចរាល់។ ទោះយ៉ាងណាវានឹងមិនឡើងខ្ពស់ទៀតទេ ព្រោះតម្លៃអចលនទ្រព្យនៅទីនោះបានឡើងខ្ពស់រួចហើយ»។
កាលពីចុងខែកុម្ភៈ ក្រុមហ៊ុន លន ស៊ីធី បានបោះទុនវិនិយោគប្រមាណជាង ១០០ លានដុល្លារ ក្នុងការសាងសង់ទីក្រុងថ្មីមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ LA