ក្រុងហ្សាការតាៈ ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​មិន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ទេ ប៉ុន្តែ​តម្លៃ​នៃ​ភាគហ៊ុន​អចលនទ្រព្យ​នៅ​ផ្សារហ៊ុន​ក្នុងស្រុក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ចុងក្រោយ​នេះ​។

ការសិក្សា​មួយ​បាន​បង្ហាញថា ទីផ្សារ​អចលនទ្រព្យ​ឥណ្ឌូនេស៊ី​មិនបាន​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ថ្មី​ទេ ខណៈ​ការលក់​អចលនទ្រព្យ​របស់​ប្រទេស​នេះ​ពឹងផ្អែក​កាន់តែ​តិច​ទៅៗ​ចំពោះ​អ្នកទិញ​ជា​ជនបរទេស​។

វិស័យ​អចលនទ្រព្យ​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ផ្តោតលើ​អតិថិជន​ក្នុងស្រុក​ជា​មូលដ្ឋាន​ស្ទើរតែ​ទាំងស្រុង​។ នេះ​បើ​យោងតាម​របាយការណ៍​ខែកុម្ភៈ​របស់​ក្រុមហ៊ុន Savills World Research Indonesia​។

របាយការណ៍​បាន​ឲ្យ​ដឹងថា​៖ «​ដោយសារ​ជនបរទេស​មាន​ចំនួន​តិចតួច​បំផុត​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ឥណ្ឌូនេស៊ី ហេតុនេះ​ការដកខ្លួន​ចេញ​របស់​ក្រុម​វិនិយោគិន​ចិន​ដោយសារ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការឆ្លង​វីរុស​កូវីដ​ ១៩ នឹងមាន​តិចតួច​បំផុត​»​។

របាយការណ៍​នេះ​បាន​ចង្អុល​ទៅ​គោលនយោបាយ​ប្រទេស​ឥណ្ឌូនេស៊ី​ថា ការរឹតបន្តឹង​លើ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ពី​សំណាក់​ជនបរទេស​នៅ​ឥណ្ឌូនេស៊ី​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​រួមចំណែក​ដល់​វិស័យ​អចលនទ្រព្យ​ដែល​គ្របដណ្ដប់​ដោយ​វិនិយោគិន​ក្នុងស្រុក​របស់​ប្រទេស​នេះ​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​តាមច្បាប់​មាន​តែ​ជនបរទេស​ដែល​មាន​ទិដ្ឋាការ​ការងារ​មាន​សុពលភាព​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ក្នុង​ការកាន់កាប់​លំនៅឋាន​ (​មាន​សិទ្ធិ​ប្រើប្រាស់​លើ​សិទ្ធិ​ក្នុងការ​ប្រើប្រាស់ កម្មសិទ្ធិ​ដីធ្លី​)»​។

ការកាន់កាប់​អចលនទ្រព្យ​របស់​ជនបរទេស​ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​លេខ ១០៣/២០១៥ និង​បទប្បញ្ញត្តិ​ក្រសួង​កសិកម្ម​លេខ ១៣/២០១៦​។ ស្ថិតក្រោម​បទប្បញ្ញត្តិ​នេះ ជនបរទេស​អាច​ទិញ​លំនៅឋាន​ជាប់​ដី​ក្នុងតម្លៃ​ ១០ ​ពាន់​លាន​រូបពៀ (៦៩៥ ០០០ ​ដុល្លារ​អាមេរិក​) និង​ ៥ ​ពាន់​លាន​រូប​ពៀ​សម្រាប់​អាផាតមិន​។

លោក Ishak Chandra ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន PT Perintis Triniti Pro-perti Tbk បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងអំឡុង​ការពិភាក្សា​មួយ​ស្ដីពី​ផលប៉ះពាល់​ដោយសារ​តែ​វីរុស​កូរ៉ូណា​លើ​ឧស្សាហកម្ម​អចលនទ្រព្យ​កាលពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ​ថា​ក្រុមហ៊ុន​លោក​មិនបាន​មើលឃើញ​ការលក់​ធ្លាក់ចុះ​នោះទេ​។

លោក​និយាយថា​៖ «​ការលក់​របស់​យើង​កាលពី​ខែកុម្ភៈ​គឺ​មាន​កម្រិត​ខ្ពស់បំផុត​»​។ លោក​កត់សម្គាល់​ថា ចន្លោះ​ថ្ងៃទី​ ២១ ខែ​កុម្ភៈ​ដល់​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ នៅក្នុង​អំឡុង​ការតាំងពិព័រណ៍ BCA Expoversary ក្រុមហ៊ុន​នេះ​លក់បាន​ចំនួន ៣០ ​យូនីត​ជាមួយ​នឹង​ប្រាក់ចំណូល​សរុប ១,៦ ​លាន​ដុល្លារ​។

ក្រុមហ៊ុន​នេះ​សង្ឃឹមថា​នឹង​សម្រេចបាន​ចន្លោះ​ពី ៥៥,៦ ​លាន​ដុល្លារ​ទៅ ៦២,៥ ​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​លក់​ក្នុង​ឆ្នាំ​ ២០២០ តាមរយៈ​គម្រោង​របស់​ខ្លួន​នៅ​ទីក្រុង Tangerang និង​ទីក្រុង Batam កើនឡើង​ពី​ ៣៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

លោក Ishak ក៏បាន​ទទួលស្គាល់ថា ផលប៉ះពាល់​របស់​វីរុស​កូរ៉ូណា​លើ​វិស័យ​អចលនទ្រព្យ​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ណា​ដែល​លក់​អចលនទ្រព្យ​ទៅដល់​ជនបរទេស​។ ទោះយ៉ាងណា​សម្រាប់​ក្រុមហ៊ុន​លោក​ដោយ​មាន​ក្រុម​អ្នកទិញ​ជា​ជនបរទេស​ពី ​១០ ​ទៅ​ ១៥ ​ភាគរយ លោក​មិនបាន​មើលឃើញ​ផលប៉ះពាល់​ណាមួយ​នោះទេ​។

លោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​លាយលក្ខណ៍អក្សរ​ថា​៖ «​រយៈពេល​ ៤ ​ឆ្នាំ​ចុងក្រោយ​នេះ​មិនមាន​ភាពងាយស្រួល​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ប្រទេស​ឥណ្ឌូនេស៊ី​ណាមួយ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន Triniti Land អាច​សម្រេចបាន​តាម​ទិសដៅ​កំណត់​ការលក់​របស់​ក្រុមហ៊ុន​»​។

ទោះបី​ជា​មិនត្រូវ​បានទទួល​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ការរីករាលដាល​វីរុស​នេះ​ក៏ដោយ ក៏​ក្រុមហ៊ុន​អចលនទ្រព្យ និង​វិស័យ​អចលនទ្រព្យ​ទាំងមូល​មិនបាន​ប្រតិបត្តិការ​ល្អប្រសើរ​លើ​ផ្សារហ៊ុន​នោះទេ​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PT Perintis Triniti Properti Tbk ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ឥណ្ឌូនេស៊ី (IDX) ស្ថិតក្រោម​កូដ TRIN បាន​ធ្លាក់ចុះ ១១,៧៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែ​កុម្ភៈ​។

សន្ទស្សន៍​ក្រុមហ៊ុន IDX Property បាន​ធ្លាក់ចុះ​ ៥,៤៥ ​ភាគរយ​មក​នៅ ៣៩៩,១០ កាលពី​ថ្ងៃ​ចន្ទ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​តម្លៃ​ភាគហ៊ុន​ភាគច្រើន​បំផុត​លើ IDX កាលពី​ថ្ងៃ​សុក្រ​។ សន្ទស្សន៍​អចលនទ្រព្យ​បាន​ធ្លាក់ ២០ ​ភាគរយ​នៅ​ឆ្នាំនេះ​៕ ANN /LA