ពោធិ៍សាត់ៈ ទោះបីការសាងសង់ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង សម្រេចបានជិត ៥០ ភាគរយហើយក៏ដោយ ក៏តម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះមិនបានហក់ឡើងគួរឱ្យកត់សម្គាល់ទេ។ នេះបើតាមក្រុមអ្នកជំនាញអចលនទ្រព្យ។
យោងតាម លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ ១០ ដែលបានចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវឌ្ឍនភាពការងារកាលពីចុងសប្តាហ៍មុនឱ្យដឹងថា ទោះបីកម្ពុជាកំពុងជួបប្រទះការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏ការសាងសង់ផ្លូវជាតិលេខ ១០ មិនត្រូវបានពន្យារពេលទេ ដោយគិតត្រឹមពាក់កណ្តាលខែឧសភា ការសាងសង់សម្រេចបាន ៤៨,៧៧ ភាគរយ។
លោកនិយាយថា ផ្លូវនេះមិនត្រឹមតែជួយកាត់បន្ថយរយៈពេលធ្វើដំណើរពីតំបន់ភាគពាយព្យប្រទេសទៅកាន់តំបន់មាត់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តបានយ៉ាងច្រើនផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែឧសភាថា សព្វថ្ងៃនេះទីផ្សារអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ១០ មិនសូវមានសកម្មភាពទិញ-លក់ទេ ព្រោះភាគច្រើនជាតំបន់ព្រៃ។ បច្ចុប្បន្នក្រៅពីជាតំបន់ព្រៃ នៅតាមផ្លូវនេះ ក៏មានប្រជាកសិករមួយចំនួនប្រកបការងារដាំដុះកសិកម្មផងដែរ។ លោកបន្ថែមថា នៅពេលផ្លូវធ្វើរួច តម្លៃអចលនទ្រព្យទីនោះនឹងកើនថែមទៀត ប៉ុន្តែនឹងមិនខ្ពស់ទេ ព្រោះមិនមែនជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម។
លោកថ្លែងថា៖ «ខ្ញុំគិតថាទីផ្សារអចលនទ្រព្យនៅផ្លូវជាតិលេខ ១០ នឹងមិនសូវមានសម្ទុះទីផ្សារខ្លាំងទេ ព្រោះជាតំបន់មានសក្តានុពលខ្ពស់សម្រាប់តែវិស័យកសិកម្ម និងទេសចរណ៍។ ជាទូទៅអចលនទ្រព្យមានទីផ្សារល្អទាល់តែទីនោះជាកន្លែងដែលមានពាណិជ្ជកម្ម និងមនុស្សរស់នៅច្រើន»។
យោងតាមលោក សុខនីម ដោយសារមិនទាន់មានចលនាទិញ-លក់ច្រើន បច្ចុប្បន្នដីនៅជាប់ផ្លូវជាតិលេខ ១០ ទីតាំងល្អអាចមានតម្លៃជាមធ្យមចន្លោះពី ២០-៣០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងកន្លែងខ្លះមានតម្លៃក្រោម ៣ ដុល្លារ ដោយវាអាស្រ័យលើទំហំដី។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA លោក នួន រិទ្ធី បាននិយាយថា នៅពេលមានការសាងសង់ផ្លូវ តម្លៃអចលនទ្រព្យតែងកើនឡើង គ្រាន់តែតិច ឬច្រើន ដោយអាស្រ័យតើតំបន់នោះមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យណាមួយ។ សម្រាប់អចលនទ្រព្យនៅតាមផ្លូវជាតិលេខ ១០ ពេលនេះគឺមិនកើនខ្ពស់ទេ ព្រោះជាតំបន់មានសក្តានុពលក្នុងវិស័យកសិកម្មភាគច្រើន។
យ៉ាងណាក្ដី លោក រិទ្ធី បញ្ជាក់ថា៖ «ខណៈតម្លៃដីនៅទាប ហេតុនេះវាអាចជាឱកាសល្អ ប្រសិនបើអ្នកវិនិយោគចេះកែច្នៃទីនោះឱ្យទៅជាកន្លែងផលិតផលិតផលណាដែលមានតម្រូវការទីផ្សារខ្ពស់នៅលើទីផ្សារអន្តរជាតិ»។
ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រនេះ បានបើកការដ្ឋានសាងសង់ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២០ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២៣។ តាមផែនការគម្រោងនេះនឹងត្រូវចំណាយថវិកាសរុបជាង ១៨៨ លានដុល្លារជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន៕ LA