
សកម្មភាពកម្មករកំពុងធ្វើការសាងសង់ខុនដូដែលជាការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៨ នេះបានធ្លាក់ចុះជាង ១៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃម្សិលមិញ។
របាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៨ នេះកម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៥៤១ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ១០,៧៩ លានម៉ែត្រការ៉េ និងមានតម្លៃជាង ៤ ៨២០ លានដុល្លារ ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ការអនុញ្ញាតលើគម្រោងសាងសង់មានចំនួន ២ ៥២២ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ៩,១៤ លានម៉ែត្រការ៉េ និងមានទុនវិនិយោគជាង ៥៦៣៦ លានដុល្លារគឺមានការថយចុះចំនួន ១៤,៤៧ ភាគរយ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់ថា វិស័យសំណង់នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងបន្តភាពល្អប្រសើរជាបន្តទៀត។
លោកបានថ្លែងថា៖ «វិស័យសំណង់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការបង្កើតការងារជួយលើកកម្រិតជីវភាពប្រជាជន និងផ្តល់នូវបទពិសោធ និងចំណេះដឹងថ្មីដល់ប្រជាពលរដ្ឋ»។
ក្នុងរយៈពេល ៩ ខែនេះអគារថ្មីៗដែលមានកម្ពស់ចាប់ពី ៥ ជាន់ឡើងទៅក្នុងរាជធានីភ្នំពេញមានចំនួន ៩២ អគារហើយគិតចាប់ពីឆ្នាំ ២០០៥ រហូតមកទល់ពេលនេះមានចំនួន ១ ០៨៤ អគារ។
ចំណែកទិន្នន័យរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឲ្យដឹងថា គិតពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុសំណង់ដែលមានកម្ពស់ចាប់ពី ៥ ជាន់ទៅដល់ ៣៥ ជាន់ មាន ៤៦ អគារ។
បើតាមលោកទិព្វសីហាទោះបីជាវិស័យសំណង់នៅខេត្តព្រះសីហនុកំពុងមានសម្ទុះកើនឡើងលឿនក៏ដោយ ក៏រាជធានីភ្នំពេញ នៅតែជាកន្លែងដែលមានសក្តានុពលខ្ពស់ជាងគេសម្រាប់ការវិនិយោគវិស័យសំណង់នៅកម្ពុជាដដែល។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៩ ខែកន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់បានចំនួន ៤២ ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ១ ០២៨ ក្រុមហ៊ុន។
ការធ្លាក់ចុះទុនវិនិយោគវិស័យសំណង់នាពេលនេះមិនបានធ្វើឲ្យអ្នកជំនាញក្នុងវិស័យអចលនទ្រព្យព្រួយបារម្ភនោះឡើយ។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បាននិយាយថា ការធ្លាក់ចុះចំនួនទឹកប្រាក់បន្តិចបន្តួចក្នុងវិស័យសំណង់គឺជារឿងធម្មតា ព្រោះគ្រប់គម្រោងសាងសង់ធំៗសុទ្ធតែត្រូវការពេលយ៉ាងតិច ២-៣ ឆ្នាំដើម្បីបញ្ចប់ ដូច្នេះបើគេចុះបញ្ជីសាងសង់កាលពីឆ្នាំមុនច្រើនវានឹងធ្វើឲ្យទុនវិនិយោគឆ្នាំនេះធ្លាក់ចុះ។
នេះជារឿងធម្មតាប៉ុន្តែអ្វីដែលសំខាន់ តើគម្រោងដែលប្រកាសសាងសង់ទាំងអស់នោះបានបញ្ចប់ការសាងសង់ទៅតាមផែនការដែរ ឬអត់?
លោកថ្លែងថា៖ «ការធ្លាក់ចុះទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ៩ ខែនេះ មិនអាចនិយាយថាការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជាថមថយនោះទេដោយវាអាចមកពីពេលនេះក្រុមហ៊ុនកំពុងចាប់ផ្តើមសាងសង់។ ខ្ញុំគិតថាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងរីកចម្រើនក្នុងរយៈពេលយូរជាបន្តទៀតដោយមិនមានអ្វីជាឧបសគ្គនោះទេ»។
ក្នុងឆ្នាំ ២០១៧ ក្រសួងបានអនុម័តគម្រោងសាងសង់សរុប ៣ ០៥២ គម្រោង លើផ្ទៃក្រឡាសាងសង់សរុប ១០,៧៤ លានម៉ែត្រការ៉េ និងមានតម្លៃវិនិយោគប្រមាណជាង ៦ ៤២៨ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៦ ដែលមានតម្លៃប្រមាណជាង ៥ ២៥៦ លានដុល្លារ កើនឡើង ២២,៣១ ភាគរយ៕LA