ភ្នំពេញៈ ទុន​វិនិយោគ​វិស័យ​សំណង់​ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០១៩ មាន​តម្លៃ​ប្រមាណ​ជាង​ ៣ ​ពាន់​លាន​ដុល្លារ កើន​​ឡើង​ជិត​​ ៦០ ​ភាគរយ ​បើ​ធៀប​​ទៅ​នឹង​ឆមាស​ទី​១ ​ឆ្នាំ ​២០១៨។ នេះ​បើ​យោង​តាម​របាយការណ៍​​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

របាយការណ៍​បាន​បង្ហាញ​ថា មាន​គម្រោង​សាងសង់​សរុប​ ២ ០៤៧​ ដែល​​មាន​តម្លៃ​ប៉ាន់ស្មាន ៣,៣៩ ​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆមាសទី​១ ឆ្នាំ ​២០១៩។ តម្លៃ​នេះ​កើន​​ឡើង ៥៧,៥៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨ ដែល​មាន​គម្រោង​ចំនួន ១ ៦៤៣​ ស្មើ​នឹង​តម្លៃ ២,១២៥ ​ពាន់​លាន​ដុល្លារ​។

ក្នុង​ចំណោម​ទឹក​ប្រាក់ ៣,៣៩​ពាន់​លាន​ដុល្លារ​​មាន​ចំនួន​ ៣,០៧ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​អនុម័ត​ដោយ​​​​ថ្នាក់​​ជាតិ និង​ជាង​ ៣១៨ ​លាន​ដុល្លារ ​ផ្សេង​ទៀត​នៅ​ថ្នាក់​ក្រោម​ជាតិ។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយ​ថា ជាមួយ​នឹង​ទំនុក​ចិត្ត​របស់​វិនិយោគិន​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ព្រម​ជាមួយ​នឹង​ការ​រឹត​បន្តឹង​របស់​អាជ្ញាធរ​លើ​ការ​សាងសង់​នោះ បាន​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ដែល​មក​ដាក់​ពាក្យ​ស្នើសុំ​ច្បាប់​សាងសង់​មាន​កំណើន​ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា បច្ចុប្បន្ន​គម្រោង​សាងសង់​​បាន​លេច​ឡើង​ស្ទើរ​គ្រប់​កន្លែង ពិសេស​នៅ​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ចំនួន ២ គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។​ គម្រោង​ដែល​កំពុង​សាងសង់​​នៅ​ពេល​នេះ​ភាគ​ច្រើន​ជា​គម្រោង​​ធំៗ ដែល​មាន​ទុន​វិនិយោគ​ច្រើន។

លោក​ថ្លែង​ថា៖​ «​ជាមួយ​នឹង​ស្ថានភាព​នេះ ខ្ញុំ​គិត​ថា ចំនួន​គម្រោង និង​ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​បន្ត​មាន​កំណើន​ជា​បន្ត​ទៀត​នៅ​ក្នុង​ឆមាស​ទី២ ខាង​មុខ»។

លោក​បន្ត​​ថា ទន្ទឹម​នឹង​កំណើន​ទុន​វិនិយោគ​នៅ​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​កំពុង​រឹត​បន្តឹង​ទៅ​គុណភាព​នៃ​ការ​​សាងសង់​ផង​ដែរ។

វិស័យ​សំណង់​របស់​កម្ពុជា​នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពិសេស​ទាក់ទង​នឹង​គុណភាព​ បន្ទាប់​ពី​អគារ​កម្ពស់ ៧ ជាន់ ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​បាក់​រលំ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ជាង ​៥៤ នាក់។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មិន​អាច​ទាក់ទង​បាន​ទេ​កាល​ពី​​ម្សិលមិញ។

កាល​ពី​ឆ្នាំ​ ២០១៨ ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ មាន​តម្លៃ​សរុប ៥ ២២៨ លាន​ដុល្លារ ធ្លាក់​ចុះ ១៨,៦៦ ​ភាគរយ បើ​ធៀប​​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ ៦ ៤២៨ លាន​ដុល្លារ៕ LA