ភ្នំពេញៈ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ មានតម្លៃ​ជាង ៥,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល ៩ ​ខែ​មានតម្លៃ ៥ ៨៦៨ លាន​ដុល្លារ ថយចុះ ៩,៦ ​ភាគរយ ពី​ ៦ ៤៩៤ ​លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

បើ​យោងតាម​របាយការណ៍​ខាងលើ​ចំនួន​គម្រោង​សាងសង់​ដែល​កើនឡើង​ពេលនេះ​ភាគច្រើន​ជា​សំណង់​ប្រភេទ​លំនៅឋាន​។

ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា​លោក ជីវ ស៊ីវផេង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នា​ថ្ងៃ​ពុធ​ថា ការរឹតបន្តឹង និង​បិទ​ការធ្វើដំណើរ​បាន​ធ្វើឱ្យ​ការចូល​បណ្តាក់ទុន​លើ​គម្រោង​សាងសង់​ធំៗ​ពី​សំណាក់​វិនិយោគិន​បរទេស​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​សំណង់​លំនៅឋាន​លក្ខណៈ​បុរី ផ្ទះល្វែង និង​វីឡា ដែល​វិនិយោគ​ដោយ​អ្នក​នៅក្នុង​ស្រុក​មិន​បាន​ថយ​ល្បឿន​ឡើយ​។ លោក​បន្តថា ជាក់ស្តែង​ថ្មីៗ​នេះ​គម្រោង​វិនិយោគ​ដ៏ធំ​មួយ​នៅ​កោះនរា (​ទល់មុខ​នឹង​ទីក្រុង​កោះពេជ្រ​) ​ត្រូវបាន​អ្នកវិនិយោគ​ក្នុងស្រុក​ប្រកាស​ចាប់ផ្តើម​អភិវឌ្ឍ​។

លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទុនវិនិយោគ​ពេលនេះ គឺ​ដោយសារ​ការព្រួយបារម្ភ​ពី​ជំងឺ​កូវីដ​រាលដាល​។ វា​នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេល​បន្ទាប់​»​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ​បាន​ប្រាប់ថា ក្នុងអំឡុងពេល​ការឆ្លងរាលដាល​ជំងឺ​កូវីដ​ ១៩ មិនសូវមាន​គម្រោង​ធំៗ​ចាប់ផ្តើម​សាងសង់ ឬ​សុំច្បាប់​សាងសង់​ទេ ព្រោះ​អាជ្ញាធរ​បានដាក់​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ វិធានការ​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ផែនការ ឬ​ដំណើរ​ការសាងសង់​សម្រាប់​គម្រោង​ធំៗ ដែល​វិនិយោគ​ដោយ​ជនបរទេស​។

លោក​ថ្លែងថា​៖ «​ទុនវិនិយោគ​គេ​អាច​ផ្ទេរ​តាម​ប្រព័ន្ធ​ធនាគារ​បាន ប៉ុន្តែ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​សាងសង់​នីមួយៗ​ម្ចាស់​គម្រោង​ចាំបាច់​ត្រូវការ​ចុះមក​ពិនិត្យ​ទីតាំង និង​ការដ្ឋាន​ដោយផ្ទាល់​។ នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឱ្យ​ទុនវិនិយោគ​សម្រាប់​គម្រោង​ធំៗ ពិសេស​របស់​វិនិយោគិន​ធ្លាក់ចុះ​»​។

ទោះបី​យ៉ាងណា​លោក​បាន​អះអាងថា ទន្ទឹមនឹង​ការធ្លាក់ចុះ​គម្រោង​ធំៗ គេ​សង្កេតឃើញ​មាន​គម្រោង​វិនិយោគ​លក្ខណៈ​សំណង់​លំនៅឋាន​ជាច្រើន​បាន​លេច​ឡើងជា​បន្តបន្ទាប់ ។

លោក នួន រិទ្ធី បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​នេះ​វិនិយោគិន​ក្នុងស្រុក​បែរជា​មាន​កំណើន​ទៅវិញ ពិសេស​ការវិនិយោគ​លើ​សំណង់​លក្ខណៈ​លំនៅឋាន​ដូចជា បុរី និង​វីឡា​»៕ LA