ក្រុងបាងកកៈ ប្រធានរបស់ធនាគារកណ្ដាលថៃបានឲ្យដឹងថា ធនាគារកណ្ដាលថៃត្រៀមខ្លួនរួចហើយក្នុងការបន្ធូរបន្ថយបន្ថែមទៀតនូវបទប្បញ្ញត្តិប្រាក់កម្ចីធៀបនឹងតម្លៃ (LTV) ដែលគ្រប់គ្រងលើការផ្ដល់កម្ចីទិញផ្ទះនៅក្នុងតំបន់ជាច្រើនដែលត្រូវបានចាត់ទុកថា គ្រោះថ្នាក់ដល់អ្នកទិញផ្ទះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Veerathai Santiprabhob ប្រធានធនាគារកណ្ដាលថៃត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងថា ធនាគារកណ្ដាលកំពុងត្រួតពិនិត្យលទ្ធផលរបស់វិធានការ LTV បន្ទាប់ពីការអនុវត្តកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ ហើយការបន្ធូរបន្ថយនឹងត្រូវបានពិចារណាប្រសិនបើចាំបាច់។
លោកថ្លែងថា៖ «ប្រសិនបើការគ្រប់គ្រងតឹងតែងខ្លាំងពេក ឬបណ្ដាលឲ្យមានផលប៉ះពាល់ច្រើន ធនាគារកណ្ដាលនេះត្រៀមខ្លួនរួចហើយក្នុងការបន្ធូរបន្ថយវា។ ធនាគារកណ្ដាលថៃគាំទ្រប្រជាជនធ្វើជាម្ចាស់លំនៅឋានផ្ទាល់របស់ពួកគេ ប៉ុន្តែចង់លុបបំបាត់តម្រូវការសិប្បនិម្មិតនៅក្នុងទីផ្សារ»។
ថ្មីៗនេះធនាគារកណ្ដាលមួយនេះបានអនុញ្ញាតឲ្យសហអ្នកចុះហត្ថលេខាកម្ចីទិញផ្ទះមិនចាំបាច់គោរពតាមបទប្បញ្ញត្តិនេះទៀតឡើយ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា យោងតាមបទប្បញ្ញត្តិនេះ ធនាគារត្រូវបានអនុញ្ញាតឲ្យផ្ដល់ LTV ១០០ ភាគរយ សម្រាប់កម្ចីទិញផ្ទះដែលផ្តល់ជូនអ្នកទិញផ្ទះគម្រោងលំនៅឋានកម្ពស់ទាបៗ ដែលជាកម្ចីទិញផ្ទះលើកដំបូងរបស់ពួកគេ។
អ្នកទិញផ្ទះត្រូវបានតម្រូវឲ្យបង់ប្រាក់តម្កល់ដំបូងអប្បបរមាសម្រាប់កម្ចីទិញផ្ទះទី ៣ និងកម្ចីទិញផ្ទះជាបន្តបន្ទាប់ចំនួន ៣០ ភាគរយ នៃតម្លៃផ្ទះ និងត្រូវបង់ ១០-២០ ភាគរយ សម្រាប់កម្ចីទិញផ្ទះទី ២ ដោយអាស្រ័យលើរយៈពេលដែលអ្នកខ្ចីបានធ្វើការបង់ប្រាក់សម្រាប់កម្ចីទិញផ្ទះទី ១។
អនុបាត LTV ពី ៩០ ទៅ ១០០ ភាគរយគឺត្រូវតែគោរពសម្រាប់អ្នកដែលគ្រោងនឹងទិញផ្ទះតម្លៃក្រោម ១០ លានបាត ប៉ុន្តែអនុបាតនេះបានធ្លាក់ចុះមកនៅត្រឹម ៨០ ភាគរយនៅពេលអ្នកខ្ចីប្រាក់ទិញលំនៅឋានដែលមានតម្លៃ ១០ លានបាត ឬខ្ពស់ជាងនេះ។
ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០១៩ ការផ្តល់កម្ចីទិញផ្ទះដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកទេសបានកើនឡើង ៦,៣ ភាគរយ។ លំនៅឋានកម្ពស់ទាបៗបានបង្ហាញការកើនឡើង ១១,៨ ភាគរយ ខណៈដែលលំនៅឋានកម្ពស់ខ្ពស់ៗបានធ្លាក់ចុះ ៧,៤ ភាគរយ។
នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍គ្រាន់តែធនាគារពាណិជ្ជ កម្ចីទិញផ្ទះដែលចុះកិច្ចសន្យាលើកដំបូងបានកើនឡើង ៣,១ ភាគរយ ដោយកម្ចីទិញផ្ទះកើនឡើង ៥ ភាគរយ សម្រាប់ការទិញលំនៅឋានកម្ពស់ទាបៗ និងធ្លាក់ចុះ ១,៩ ភាគរយ សម្រាប់ការទិញលំនៅឋានកម្ពស់ខ្ពស់ៗ។ កំណើនកម្ចីទិញផ្ទះដែលចុះកិច្ចសន្យាលើកទី ២ និងបន្តបន្ទាប់បានធ្លាក់ចុះ ១៧,៤ ភាគរយ ភាគច្រើនដោយសារតែការធ្លាក់ចុះ ២៥,៣ ភាគរយសម្រាប់គម្រោងលំនៅឋានខ្ពស់ៗ និងធ្លាក់ចុះ ១០,៤ ភាគរយ សម្រាប់លំនៅឋានទាបៗ។
លោក Veerathai បានឲ្យដឹងថា ផ្អែកតាមទិន្នន័យនេះការដាក់កម្រិតរបស់ LTV បានជួយបញ្ឈប់ការកេងចំណេញអចលនទ្រព្យ។ ធនាគារក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតផងដែរចំពោះការអនុម័តកម្ចីទិញផ្ទះ ហើយសំខាន់ជាងនេះទៅទៀត អ្នកទិញផ្ទះដែលមានតម្រូវការពិតប្រាកដ មិនត្រូវបានរងផលប៉ះពាល់ទេ៕ LA