ភ្នំពេញៈ ចាប់កំណើតក្នុងគ្រួសារដែលមានបងប្អូន ៣ នាក់ក្នុងរាជធានីភ្នំពេញ លោក ញ៉ែម សុវណ្ណឌី គឺជាវិស្វករសំណង់ ១ រូបដែលមានចំណង់ចំណូលចិត្តខ្លាំងចំពោះបច្ចេកវិទ្យាថ្មីៗ។ នៅអំឡុងពេលសិក្សា លោក ញ៉ែម សុវណ្ណឌី គឺជានិស្សិតដែលមានសមត្ថភាពខ្លាំង និងមានចំណង់ចំណូលចិត្តរៀនសូត្រដោយខ្លួនឯង។
លោក ញ៉ែម សុវណ្ណឌី ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនស្តេប ឌីហ្សាញ និងសំណង់ (STEPP Design and Construction) មានប្រសាសន៍ថា៖ «ខ្ញុំបានចាប់ផ្តើមរៀន និងស្វែងរក Software ថ្មីៗ និងជំនាញផ្នែកវិស្វកម្មជាច្រើន ហើយខ្ញុំក៏បានចងក្រង និងបោះពុម្ពសៀវភៅពន្យល់ពីកម្មវិធីទាំងអស់នេះជាភាសាខ្មែរបានប្រហែល ៣០ ក្បាល»។
សៀវភៅជាភាសាខ្មែរអំពីការងារក្នុងវិស័យសំណង់ដែលប្រែសម្រួលដោយ លោក ញ៉ែម សុវណ្ណឌី ត្រូវបានឲ្យតម្លៃយ៉ាងខ្ពស់ពីសំណាក់និស្សិតដែលសិក្សាជំនាញវិស្វករសំណង់ស៊ីវិល។
លោក សុវណ្ណឌី អះអាងថា៖ «ការរៀនសូត្រ និងការស្រាវជ្រាវដោយខ្លួនឯងបានធ្វើឱ្យខ្ញុំដឹងពីបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកស្ថាបត្យកម្ម និងសំណង់។ ឧទាហរណ៍កម្មវិធី Autodesk Revit ដែលជាកម្មវិធីដ៏ឆ្លាត និងអាចមានសមត្ថភាពធ្វើការងារជាច្រើន។ កម្មវិធីនេះអាចជួយស្ថាបត្យករពន្យល់ពីគំនិតរបស់គម្រោងអគារដែលមិនធ្លាប់មានកាលពី ២ ទសវត្សរ៍មុនដោយការពន្យល់នោះអាចមានតែនៅក្នុង ២D ប៉ុណ្ណោះ និងអាចមានកំហុសឆ្គងច្រើន»។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ ២០១១ លោកបានទទួលការងារពីគម្រោងផ្សេងៗក្នុងនោះក៏មាន Gold 42 Tower ផងដែរ។ ក្រោយពីបានធ្វើការនៅទីនោះបាន ១ ឆ្នាំលោកក៏ទទួលការងារថ្មីមួយពីក្រុមហ៊ុនជប៉ុនដែលផ្តល់ឱកាសឱ្យលោកបានទៅហ្វឹកហាត់នៅប្រទេសជប៉ុនតែម្តង។
លោកនិយាយថា៖ «នៅពេលទៅដល់ប្រទេសជប៉ុន ខ្ញុំបានឮជំនាញមួយដែលគេហៅថា Smart City។ ពេលនោះខ្ញុំទទួលបានការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មី BIM (Building Information Management ឬ Modeling) ដែលជាបច្ចេកវិទ្យាចាំបាច់សម្រាប់ Smart City។
BIM គឺជាប្រព័ន្ធទំនើបមួយដែលអាចជួយអ្នកជំនាញខាងសំណង់ធ្វើការយ៉ាងល្អ និងសហការជាមួយក្រុមការងារបានយ៉ាងងាយស្រួល។
លោក សុវណ្ណឌី បានលើកឡើងថា៖ «ពេលត្រឡប់មកកម្ពុជាវិញ ខ្ញុំបានដាក់ការសាងសង់ Smart City ជាគោលដៅ ហើយក៏បានបង្កើតក្រុមហ៊ុន STEPP Design and Construction តែម្តង»។
គោលដៅរបស់ក្រុមហ៊ុនគឺបង្កើនល្បឿនការសាងសង់ កាត់បន្ថយកំហុស និងការចំណាយច្រើនដោយប្រើបច្ចេកវិទ្យា BIM។ ផលប្រយោជន៍របស់ BIM គឺអាចឲ្យអ្នកដទៃមើលឃើញ និងយល់ពីសំណង់ដែលមិនទាន់សាងសង់ហើយ ជាពិសេសអ្នកអភិវឌ្ឍន៍អាចមើលឃើញព័ត៌មានលម្អិតពីគម្រោងអគារមុនការសាងសង់ចាប់ផ្តើម និងអាចកែសម្រួលបាននៅអំឡុងពេលសាងសង់។
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានលើកឡើងថា៖ «យើងបានសហការជាមួយក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់ BIM ក្នុងរចនាសម្ព័ន្ធវិស្វកម្ម»។
បច្ចុប្បន្នក្រុមហ៊ុននេះក៏បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកឌីហ្សាញ Design Training Center ដែលអាចផ្តល់ឲ្យអ្នកសិក្សាពីប្រព័ន្ធ BIM ផងដែរ។ មជ្ឈមណ្ឌលនេះមានបង្រៀនកម្មវិធីដូចជា AutoDesk Revit, BIM និង Unreal Engines និងមានដាក់បង្ហាញឧបករណ៍ដូចជា Oculus Rift និងកម្មវិធី Virtual Reality និង Unity Programming។
លោក សុវណ្ណឌី មានប្រសាសន៍ថា៖ «ខ្ញុំគិតថាប្រទេសកម្ពុជាពិតជាត្រូវការពេលវេលា ដើម្បីអភិវឌ្ឍវិស័យធនធានមនុស្សដែលជំនាញ BIM»។
រាជរដ្ឋាភិបាលអាចជួយលើកទឹកចិត្តផ្នែកបច្ចេកវិទ្យាសម្រាប់និស្សិតស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ ដើម្បីបានយល់ដឹងពីកម្មវិធី BIM ដែលអាចឈានទៅបង្កើត «អារ្យធម៌ស្ថាបត្យកម្មថ្មីមួយដើម្បីផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា»៕