
អតិថិជនកំពុងពិនិត្យមើលកាបូបយួរដៃក្នុងហាងមួយក្នុងផ្សារទំនើប Aeon Mall 2។ ហុង មិនា
ភ្នំពេញៈ ផ្ទៃក្រឡាកន្លែងជួលលក់រាយ (The total areas of retail) ក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៣២៦ ០០០ ម៉ែត្រការ៉េ កើនឡើង ៤ ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ ២០១៩ កន្លងមក។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃពុធបង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញមានទីតាំងសម្រាប់ជួលលក់ទំនិញនៅតាមផ្សារទំនើប ឬអគារធំៗសរុប ២៣ ដែលស្មើនឹងផ្ទៃក្រឡាសរុប ៣២៦ ០០០ ម៉ែត្រការ៉េ កើនពីចំនួន ៣១៤ ០០០ ម៉ែត្រការ៉េ កាលពីចុងឆ្នាំ ២០១៩។ ក្នុងនោះផ្ទៃក្រឡារបស់ Shopping Mall មានចំនួន ៥១ ភាគរយ Shopping Center មានចំនួន ២៥ ភាគរយ Community Mall មាន ១៤ ភាគរយ និង Retail Podium មាន ១០ ភាគរយ។
សម្រាប់ផ្ទៃក្រឡាមិនប្រើប្រាស់មានប្រមាណ ១០,២ ភាគរយនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ចុះពី ១០,៦៣ ភាគរយកាលពីចុងឆ្នាំ ២០១៩។
ការសិក្សានោះក៏រកឃើញដែរថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ កន្លែងជួលលក់ទំនិញប្រភេទ Prime Shopping Mall មានតម្លៃជួលជាមធ្យម ២៨,៤៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ១២ ភាគរយបើធៀបទៅនឹងចុងឆ្នាំ ២០១៩, ប្រភេទ Prime Retail Podium មានតម្លៃ ២៦,០៣ ដុល្លារ ធ្លាក់ ១៣ ភាគរយ និងប្រភេទ Community Mall មានតម្លៃ ២២,២៣ ដុល្លារធ្លាក់ចុះ ៤ ភាគរយ ខណៈប្រភេទ Prime High Street មានតម្លៃ ២៦,២៣ ដុល្លារ កើនឡើង ១ ភាគរយ។
កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការរីករាលដាលជំងឺកូវីដ១៩ មិនបានធ្វើឲ្យទីផ្សារអគារជួលលក់រាយមានសកម្មភាពខ្លាំងក្លាទេ ខណៈមានគម្រោងចំនួន ៣ បានប្រកាសពន្យារពេលក្នុងការចាប់ផ្តើមកាលពីដើមឆ្នាំ ២០២០។ កញ្ញាបន្តថា ទោះយ៉ាងណាគេសង្កេតឃើញថាស្ថានភាពនៃទីផ្សារនេះហាក់មានភាពល្អប្រសើរវិញជាបន្តបន្ទាប់ចាប់ពីត្រីមាសទី ២ មក។
កញ្ញាអះអាងថា៖ «ជាមួយនឹងភាពធូរស្បើយពីក្តីបារម្ភ ការឆ្លងជំងឺកូវីដ ១៩ ខ្ញុំមានសុទិដ្ឋិនិយមថា នៅចុងឆ្នាំ ២០២០ នេះទីផ្សារកន្លែងជួលលក់រាយនឹងមានដំណើរការល្អឡើងវិញជាលំដាប់»។
លោក សៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance CEA Co., Ltd. បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរីករាលដាលជំងឺកូវីដ១៩ ដែលតម្រូវឲ្យកាត់បន្ថយគម្លាតសង្គម និងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាជន ព្រមជាមួយនឹងភាពច្រើនលើសលប់នៃចំនួនទីតាំងបានធ្វើឲ្យកន្លែងជួលលក់ទំនិញមិនសូវមានទីផ្សារល្អឡើយ ពិសេសតំបន់ពាណិជ្ជកម្មនៅកណ្តាលក្រុង។
លោកបន្តថា ជាក់ស្តែងពេលថ្មីៗ នេះគេឃើញនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងជួលមួយចំនួនត្រូវបានទុកទំនេរចោល។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាបញ្ហាដែលកើតមានខ្លាំងនៅពេលនេះគឺនៅចំណុចកណ្តាលក្រុង ដោយទីតាំងសម្រាប់ជួលលក់ទំនិញមួយចំនួនមិនមានការប្រើប្រាស់នោះទេ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា ទីផ្សារនេះអាចនឹងមានភាពល្អឡើងវិញនៅពេលដែលកំណើនសេដ្ឋកិច្ចមានសម្ទុះឡើងវិញ ជាពិសេសបន្ទាប់ពីពិភពលោកអាចមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩។
តាមការព្យាកររបស់ CBRE Cambodia នៅមុនដំណាច់ឆ្នាំ ២០២០ នេះនឹងមានអគារជួលលក់រាយ ៣ ទីតាំងបន្ថែមទៀតបើកដំណើរការដោយនឹងមានផ្ទៃក្រឡាសរុបជិត ៥០ ០០០ ម៉ែត្រការ៉េ៕ LA