ភ្នំពេញៈ ផ្ទៃក្រឡា​ទីតាំង​ជួល​លក់រាយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជាង ១១ ភាគរយ​ នៅ​ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ជួល​លក់រាយ​សរុប​ចំនួន ១៩ ​អគារ​ដោយ​មាន​ផ្ទៃក្រឡា​សរុប ៣១៤ ០០០ ​ម៉ែត្រការ៉េ កើនឡើង ១១,១១ ​ភាគរយ​ ធៀប​នឹង​ដំណាច់​ឆ្នាំ​ ២០១៨ ដែល​មានតែ ១៤ ​អគារ​ ស្មើនឹង​ផ្ទៃក្រឡា​សរុប ២៨២ ៥៨០ ​ម៉ែត្រការ៉េ​។

អគារ​លក់រាយ​ដែល​បាន​បញ្ចប់​ការសាងសង់ និង​ដាក់​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០១៩ មានដូចជា ផ្សារទំនើប The Olympia Mall ផ្សារ​ទំនើប Chip Mong Mall នៅ​ផ្លូវ​នរោត្តម និង​ផ្សារ​ទំនើប Midtown mall នៅ​ផ្លូវ​ ២០០៤​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ការកើនឡើង​ផ្ទៃក្រឡា​នេះ​បាន​ទាញ​ទម្លាក់​អត្រា​ប្រើប្រាស់​ពី​ចំនួន ៩១ ភាគរយ​ នៃ​ទំហំ​សរុប​នៅ​ដំណាច់ឆ្នាំ​ ២០១៨ ឲ្យ​មក​នៅត្រឹម ៨៩ ​ភាគរយ​ នៅ​ដំណាច់ឆ្នាំ​ ២០១៩​។ ចំណែក​តម្លៃ​ជួល​មាន​ការប្រែប្រួល​តិចតួច​បំផុត ដោយ​បច្ចុប្បន្ន​ទីតាំង​ប្រភេទ Prime Shopping Mall មានតម្លៃ​ជា​មធ្យម ៣២,២៥ ​ដុល្លារ ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ក្នុង​ ១ ​ខែ ប្រភេទ Prime Retail Podium មានតម្លៃ ២៩,៨៣ ​ដុល្លារ ប្រភេទ Community Mall មានតម្លៃ ២៣,០៥ ​ដុល្លារ និង​ប្រភេទ Prime High Street ថ្លៃ ២៦,៥ ​ដុល្លារ​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​និយាយថា ទីតាំង​ជួល​លក់រាយ​គឺជា​ទីផ្សារ​បែប​ថ្មី​នៅ​កម្ពុជា ដោយ​វា​បាន​ផ្លាស់ប្តូរ​ពី​ទីផ្សារ​បែប​ប្រពៃណី​ទៅ​ជា​ទីផ្សារ​លក់រាយ​លំដាប់​អន្តរជាតិ​ចាប់ពី​ឆ្នាំ​ ២០១៤ គឺ​នៅពេល​ការមកដល់​របស់​ផ្សារ​ទំនើប​ជប៉ុន Aeon Mall​។ លោកស្រី​បន្តថា និន្នាការ​នេះ​បាន​ផ្លាស់ប្តូរ​មុខមាត់​ទីតាំង​លក់រាយ​នៅ​កម្ពុជា និង​បាន​ទាក់ទាញ​ម៉ាក​យីហោ​លក់រាយ​ល្បីៗ​ជាច្រើន​ចូលមក​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ការផ្គត់ផ្គង់​បន្ថែម​នេះ​នឹង​ធ្វើឲ្យ​មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង​ហើយ​វា​នឹង​ជះឥទ្ធិពល​ដល់​អត្រា​ប្រើប្រាស់​ដែល​ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​ស្រូបយក​ចំណែក​ទីផ្សារ​»​។

ការសិក្សា​មួយ​របស់​ក្រុមហ៊ុន CBRE បាន​រកឃើញ​ថា តាម​ផែនការ​នៅ​ដំណាច់ឆ្នាំ​ ២០២០ ​នេះ​នឹង​មាន​ការបញ្ចប់​ការសាងសង់​ទីតាំង​លក់រាយ​ចំនួន ២០ ​គម្រោង​។ ទោះជា​យ៉ាងណា លោកស្រី សុធីតា បាន​អះអាង​ថា ផ្អែក​តាម​បទពិសោធ​ក្នុង​វិស័យនេះ​អាច​នឹង​មាន​ការពន្យារ​ពេល​ការបញ្ចប់​ការសាងសង់​គម្រោង​ខ្លះ​ក្នុងចំណោម​គម្រោង​ទាំងនេះ​។

គម្រោង​ទាំង ២០ ​នេះ​រួមមាន Community Mall ចំនួន ១១ ​ទីតាំង Prime Retail Podiums ៥ ​ទីតាំង និង Shopping Malls ចំនួន ៤ ទីតាំង​ ដោយ​មាន​ផ្ទៃក្រឡា​សរុប​ជាង ២៦១ ៧៤៦ ម៉ែត្រការ៉េ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ​បាន​និយាយថា តម្រូវការ​កន្លែង​លក់រាយ​នឹង​នៅតែ​មាន​កម្រិត​ខ្ពស់​ជា​បន្តទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​តំបន់​នៅ​ជាយក្រុង​ដែល​កំពុងមាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដ៏ច្រើន​។ លោក​បន្តថា ជាមួយ​គ្នា​នេះ​កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាជន​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើឲ្យ​ចរន្ត​នៃ​តម្រូវការ​ប្រើប្រាស់​ទំនិញ​កើនឡើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​តម្រូវការ​កន្លែង​លក់រាយ​នឹង​កើនឡើង​បន្ថែមទៀត ដរាបណា​ការរីកចម្រើន​នៃ​ទីក្រុង​នៅ​តែ​បន្ត​ទៅមុខ​»​។

ខណៈ​បច្ចុប្បន្ន​អគារ​លក់រាយ​មាន​ច្រើន​នៅ​តំបន់​មួយ​ចំនួន​រួចទៅហើយ​នោះ លោក សុខនឿន បាន​ព្យាករ​ថា​អគារ​លក់រាយ​នឹង​អាច​លេចឡើង​ច្រើន​នៅ​តំបន់​ផ្លូវជាតិ​លេខ​ ៥ និង​លេខ​ ៦ ក្នុងពេល​ឆាប់ៗ​នេះ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នៅ​ឆ្នាំ​ ២០១៩ ក្រសួង​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​ ដែល​មាន​តម្លៃ​ប្រមាណ ៩ ៣៥៣ ​លាន​ដុល្លារ​៕ LA