ក្រុងឡុងដ៍ៈ សេដ្ឋី​ផ្នែក​អចលនទ្រព្យ​របស់​ចិន​ជិត​នឹង​បំបែក​កំណត់ត្រា​តម្លៃ​លំនៅឋាន​របស់​ទីក្រុង​ឡុងដ៍​ជាមួយ​នឹង​ការទិញ​ផ្ទះថ្ម​ដែល​មាន ៤៥ បន្ទប់​នៅ​សង្កាត់ Knightsbridge ក្នុង​តម្លៃ ២១០ ​លាន​ផោន (២៧៥ ​លាន​ដុល្លារ​អាមេរិក​)​។

អ្នកនាំពាក្យ​ ១ ​រូប​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​តាម​អ៊ីមែល​មួយ​ថា ការិយាល័យ​គ្រួសារ​ឯកជន​របស់​លោក Cheung Chung Kiu បាន​យល់ព្រម​ក្នុង​ការទិញ​ផ្ទះ​ដូច​វិមាន​ដែល​មាន​ឈ្មោះថា 2-8a Rutland Gate ដែល​អាច​មើលឃើញ​ឧទ្យាន Hyde Park​។

កិច្ចព្រមព្រៀង​នេះ​នឹង​ជា​ចំណុច​ចាប់​អារម្មណ៍​មួយ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​ប្រណីត​ដែល​ជិត​ស្លាប់​របស់​ទីក្រុង​នៅ​ចក្រភព​អង់គ្លេស និង​ជា​សញ្ញា​មួយ​ដែល​បង្ហាញថា សេដ្ឋី​លំដាប់​ពិភពលោក​កំពុង​ត្រូវបាន​ទាក់ទាញ​ដោយ​តម្លៃ​ប្រាក់​ផោន​ដែល​ធ្លាក់​ថ្លៃ ដោយសារ​តែ​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ខិតជិត​មកដល់​។

យោងតាម​ប្រភព​ដឹង​ពី​ការជួញដូរ​នេះ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​លក្ខខណ្ឌ​មិនទាន់​មាន​ជា​សាធារណៈ​នៅ​ឡើង តម្លៃ​លក់​ត្រូវ​បាន​កំណត់ ២១០ ​លាន​ផោន​។ វា​នឹង​ជា​កិច្ចព្រមព្រៀង​ធំជាងគេ​មិន​ធ្លាប់​មាន​សម្រាប់​លំនៅឋាន​មួយ​នៅ​ចក្រភព​អង់គ្លេស​ដែល​ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទឹកប្រាក់ ១៤០ ​លាន​ផោន​ដែល​តាម​ការរាយការណ៍​បាន​ចំណាយ​សម្រាប់​ការទិញ​លំនៅឋាន​ជនបទ​មួយ​កន្លែង​នៅ​តំបន់ Oxfordshire កាលពី​ជិត​ ១ ​ទសវត្សរ៍​មុន​។

កិច្ចព្រមព្រៀង​នេះ​គ្រោង​នឹង​បញ្ចប់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ ហើយ​វា​នឹង​ក្លាយ​ជា​ជា​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ដែលមាន​ទឹកប្រាក់​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក ដែល​ច្រើន​ជាង​ទឹកប្រាក់ ២៣៨ ​លាន​ដុល្លារ​ដែល​លោក Ken Griffin ជា​ស្ថាបនិក​ក្រុមហ៊ុន​មូលនិធិ​ការពារ​ហានិភ័យ Citadel បាន​ចំណាយ​កាលពី​ឆ្នាំមុន​ដើម្បី​ទិញ​អាផាតមិន​ជាន់​ដំបូល (penthouse) នៅ​តំបន់ Manhattan សហរដ្ឋអាមេរិក​។

មិនមាន​សេចក្ដី​សម្រេចចិត្ត​នៅឡើយ​ទេ​ថា តើ​អចលនទ្រព្យ​នេះ​នឹង​នៅតែ​រក្សា​ជា​ផ្ទះ​ទោល​ដដែល ឬ​ត្រូវ​ប្រែក្លាយ​ទៅ​ជា​អាផាតមិន​ប្រណីត​។ ផ្អែក​តាម​តម្លៃ​លក់​សម្រាប់​គម្រោង Peninsula London នៅ​ក្បែរ​នោះ​ការអភិវឌ្ឍ​អគារ​នេះ​ឡើងវិញ​ណាមួយ​ដែល​បាន​ប្រែក្លាយ​ជា​អាផាតមិន​អាច​មាន​តម្លៃ ៧០០ ​លាន​ផោន​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​។

លោក Cheung គឺជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន CC Land Holdings Ltd ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ក្រុង​ហុងកុង​ដែល​ភាគច្រើន​វិនិយោគ​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន និង​មាន​សកម្មភាព​នៅ​ចក្រភព​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​ ២០១៦​។

នៅ​ចក្រភព​អង់គ្លេស ក្រុមហ៊ុន CC Land ល្បី​បំផុត​ខាង​ការទិញ​អគារ​ខ្ពស់​កប់ពពក « Cheesegrater » ដែល​កាលពី​មុន​ត្រូវបាន​ស្គាល់​ថា​ជា​អគារ Leadenhall Bui-lding នៅ​សង្កាត់​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ឡុងដ៍​។ ការទិញ​លក្ខណៈ​ឯកជន​នៃ​លំនៅឋាន​នៅ​តំបន់ Knightsbridge នេះ​មាន​ក្រុមហ៊ុន Beauchamp Estates ជា​ឈ្មួញ​ជើងសា​។

អចលនទ្រព្យ​នេះ​ដែល​មាន​ទីតាំងនៅ​ជិត​អាផាតមិន One Hyde Park ដែលជា​លំនៅឋាន​ប្រណីត​ដែល​ល្បី​បំផុត​របស់​ទីក្រុង​ឡុងដ៍ និង​ផ្សារ​ទំនើប Harrods គឺជា​ធ្លាប់ជា​លំនៅឋាន​របស់លោក Rafic Hariri ជា​អតីត​នាយករដ្ឋមន្ដ្រី​ប្រទេស​លីបង់​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ឆ្នាំ​ ២០០៥​។ វា​ក៏បាន​បម្រើ​ជា​ព្រះរាជដំណាក់​ទីក្រុង​ឡុងដ៍​របស់​ព្រះអង្គម្ចាស់ Sultan bin Abdulaziz Al Saud ដែលជា​អតីត​រាជទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ​។

លោក Elie Chamat សហស្ថាបនិក​ក្រុមហ៊ុន Decisive Wealth ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ស្វ៊ីស​ដែល​គ្រប់គ្រង​អចលនទ្រព្យ​តំណាង​ឲ្យ​អ្នក​ទទួល​មរតក​របស់​អតីត​រាជទាយាទ​ដែល​បានទទួល​មរណភាព​ហើយ​នោះ​បាន​ឲ្យ​ដឹងថា ការលក់​នេះ​បង្ហាញ​ថា ក្រុម​វិនិយោគិន​កំពុង​មាន​បំណង​ភ្នាល់​លើ​ការបង្កើន​តម្លៃ​អចលនទ្រព្យ និង​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្លៃ​ប្រាក់​ផោន​។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា កិច្ចព្រមព្រៀង​នេះ​គឺ​គួរ​ឲ្យ​កត់សម្គាល់ «​ជាពិសេស​ដូច​ដែល​យើង​ដឹងថា តើ​ទីផ្សារ​លំនៅឋាន​តម្លៃ​ខ្ពស់​ខ្លាំង​មាន​ភាពពិបាក​យ៉ាងណា​?»​។

ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​ឡុងដ៍​មិន​បាន​ឆ្លើយតប​នឹង​ការស្នើសុំ​ការអត្ថាធិប្បាយ​នោះទេ​។

ផ្ទះ​កម្ពស់ ៧ ​ជាន់​ និង​មាន​ពណ៌​ស​នេះ​មាន​ផ្ទៃ​រស់នៅ​ទំហំ ៥ ៧៦០ ​ម៉ែត្រការ៉េ ដែល​ធំ​ជាង​តារាង​បាល់ទាត់​អាមេរិក​ជាង ៧ ​ភាគរយ​។ អគារ​នេះ​សាងសង់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៨៣០ សម្រាប់​ធ្វើជា​ផ្ទះ​ទីក្រុង (townhouses) ចំនួន ៤ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ផ្ទះ​ទាំង​ ៤ ​នេះ​ត្រូវបាន​កែលម្អ​ទៅជា​រាជវាំង​ឯកជន​។ ផ្ទះ​នេះ​មាន​បន្ទប់​ធំ​ជាច្រើន​មាន​បង្អួច​ដែល​គ្រាប់កាំភ្លើង​បាញ់​មិន​ធ្លុះ ជណ្តើរយន្ត​ឯកជន​មួយ​ចំនួន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​ស្ប៉ា​ឯកជន និង​ចំណត​រថយន្ត​ក្រោម​ដី​៕ LA