គម្រោងស្ថាបនាផ្លូវរថភ្លើងពីប្រទេសចិនឆ្ពោះទៅប្រទេសឡាវ ដែលមានប្រវែងសរុប ៤០៩ គីឡូម៉ែត្រគិតត្រឹមដំណាច់ឆ្នាំ ២០១៧ កន្លងមកសម្រេចការសាងសង់បានប្រមាណ ២០.៣ ភាគរយហើយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់អស់រយៈពេល ១២ ខែរួចមក។ នេះបើតាមអាជ្ញាធរប្រទេសឡាវដែលទទួលបន្ទុកលើគម្រោងនេះ។
គម្រោងដែលមានតម្លៃ ៥៩៨៦ លានដុល្លារនេះ ត្រូវបានគេព្យាករថា នឹងបញ្ចប់រួចរាល់នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខ ខណៈកាលពីដំបូងគម្រោងនេះបានប្រកាសថានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
សមាជិកជាន់ខ្ពស់មួយរូបពីគណៈកម្មការគ្រប់គ្រងសំណង់ផ្លូវរថភ្លើងឡាវ-ចិន លោក Pothong Ngonphachanh បានថ្លែងនៅវេទិកា Laos-China Cooperation នៅទីក្រុងវៀងចន្ទន៍កាលពីសប្តាហ៍មុនថា គម្រោងនេះនឹងត្រូវការរយៈពេល ឆ្នាំ។
កាលបរិច្ឆេទបញ្ចប់គម្រោងនេះត្រូវបានជំរុញឲ្យបានលឿនជាងកាលបរិច្ឆេទដំបូង ក្រោយពេលមានសំណើរបស់លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅតំបន់ភាគខាងជើងដើម្បីពិនិត្យមើលការដ្ឋាន។
ការប្តូរកាលបរិច្ឆេទនេះមានន័យថា គម្រោងនេះនឹងបញ្ចប់ចំថ្ងៃគ្នាជាមួយនឹងថ្ងៃប្រារព្ធខួបទី ៤៦ នៃការចាប់កំណើតរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១)។
ផ្លូវរូងក្រោមដីចំនួន ៥៣ កន្លែងកំពុងត្រូវបានជីក និងខួង ដើម្បីឲ្យរថភ្លើងអាចបើកកាត់ភ្នំនានាបាន។ រហូតមកដល់ពេលនេះផ្លូវក្រោមដីសរុបដែលបានខួងរួចមានប្រវែង ៣៧៣១៤ ម៉ែត្រដែលស្មើនឹង ១៨,៨ ភាគរយនៃប្រវែងសរុប ១៩៧,៨៣ គីឡូម៉ែត្រនៃផ្លូវរូងក្រោមដីទាំង ៧៥ កន្លែងដែលខួងតាមបណ្តោយផ្លូវរថភ្លើងនោះ។
ទន្ទឹមនឹងនេះដែរ ស្ពានចំនួន ៤៧ ក្នុងចំណោម ១៦៧ កំពុងតែត្រូវបានសាងសង់។ នេះបើយោងតាមលោក Pothong។
ប្រវែងសរុបបញ្ចូលគ្នានៃផ្លូវរូងក្រោមដី និងស្ពាន គឺស្មើនឹង ៦២ ភាគរយនៃប្រវែងផ្លូវរថភ្លើងសរុបដែលភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅកាន់ព្រំដែនប្រទេសឡាវ និងចិន។ ផ្នែកផ្សេងៗទៀតនៃគម្រោងនេះរួមមានបណ្តាញអគ្គិសនី បណ្តាញទឹក និងផ្លូវថ្នល់ក៏កំពុងត្រូវបានសាងសង់។
តំបន់ដែលត្រូវស្ថាបនាផ្លូវរថភ្លើងចំនួន ៨៤ ភាគរយត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនចិនដើម្បីឲ្យពួកគេចាប់ផ្តើមការសាងសង់។
តែទោះបីជាយ៉ាងណាលោក Pothong បានថ្លែងថា រហូតមកទល់ពេលនេះគេនៅមិនទាន់បានបង់ប្រាក់សំណងទៅកាន់ប្រជាជនដែលបានរងផលប៉ះពាល់ពីគម្រោងនេះឡើយ។ លោកបានបន្តថា ការដោះស្រាយផលប៉ះពាល់នៃការបាត់បង់ទ្រព្យសម្បត្តិ និងការបង់ប្រាក់សំណងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដែលបញ្ហានេះវាទាមទារនូវពេលវេលាយូរទៀត។
អ្នកភូមិ Dongxiengdy នៃខណ្ឌ Naxaithong ទីក្រុងវៀងចន្ទន៍ លោក Vongdao Xayavong បានប្រាប់សារព័ត៌មាន Vientiane Times ថាផ្ទះរបស់លោកស្ថិតនៅចំផ្លូវរថភ្លើងតែម្តង ហើយលោកត្រូវតែផ្លាស់ចេញ ប៉ុន្តែលោកមិនទាន់អាចរើចេញបានឡើយ ដោយសារតែលោកមិនទាន់បានទទួលសំណង។
ប្រជាជនប្រមាណជាង ៣០ គ្រួសារក្នុងភូមិនេះនឹងរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវនេះ។
របាយការណ៍មួយបានឲ្យដឹងថា មានប្រជាជនចំនួន ៤៤១១ គ្រួសារក្នុងខេត្ត Luang Namtha, Oudomxay, Luang Prabang និងទីក្រុងវៀងចន្ទន៍នឹងរងផលប៉ះពាល់ពីគម្រោងនេះ។
សរុបមកដីទំហំ ៣៨៣២ ហិកតា និងសំណង់ចំនួន ៣៣៤៦ កន្លែង រួមទាំងដំណាំ និងដើមឈើនឹងរងផលប៉ះពាល់ផងដែរ។ អាជ្ញាធរប្រទេសឡាវ ដែលទទួលបន្ទុកលើគម្រោងនេះក៏បានប្រាប់ឲ្យដឹងដែរថា ពួកគេត្រូវប្រឈមនឹងឧបសគ្គជាច្រើន ដោយសារតែគម្រោងផ្លូវរថភ្លើងឡាវ-ចិននេះ៕
Vientiane Times