
ទិដ្ឋភាពនៃសំណង់អគារធំៗជាច្រើននៅក្នុងទីក្រុងបាវិត។ រូបថត សហការី
ភ្នំពេញៈ ការសិក្សាពីគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងបាវិត ដែលជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា វៀតណាម កំពុងមានដំណើរទៅមុខយ៉ាងរលូន ខណៈអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា ផ្លូវថ្មីនេះនឹងរួមចំណែកច្រើនក្នុងការលើកកម្ពស់សក្តានុពលទីផ្សារអចលនទ្រព្យនៅក្រុងបាវិត។
កាលពីសប្តាហ៍មុននៅក្នុងកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹង China Railway International Group Co., Ltd ដែលជាក្រុមហ៊ុនកំពុងធ្វើការសិក្សាពីលក្ខណៈបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត តំណាងក្រុមហ៊ុនបានលើកឡើងថា ការសិក្សាពីស្ថានភាពភូមិសាស្ត្រ និងផលប៉ះពាល់ផ្សេងៗកំពុងដំណើរការទៅមុខជាបន្តបន្ទាប់។ ក្រុមហ៊ុនរកឃើញមានជម្រើសចំនួន ៣ សម្រាប់ការសាងសង់គម្រោងខាងលើ។
លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានដឹកនាំក្នុងកិច្ចប្រជុំនោះបាននិយាយថា ក្រសួងក៏ដូចជារដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះមុននឹងធ្វើការសម្រេចជាចុងក្រោយ ហើយម្យ៉ាងទៀតក្រសួងក៏ត្រូវរង់ចាំលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០២០ នេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្តផងដែរ។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មិនត្រឹមតែជួយលើកស្ទួយវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ តែវាក៏នឹងជួយធ្វើឲ្យទីផ្សារអចលនទ្រព្យមានភាពល្អប្រសើរផងដែរ ពិសេសក្រុងបាវិត។
លោកបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងទីផ្សារអចលនទ្រព្យ គឺនៅពេលណាមានផ្លូវនឹងមានការធ្វើចរាចរណ៍ច្រើន ហើយចំនួនប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរក៏កើនឡើងទៅតាមនោះដែរ។
លោកថ្លែងថា៖ «ការបង្កើតផ្លូវថ្មីបន្ថែម ពិសេសផ្លូវល្បឿនលឿននេះគឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យ ពិសេសតំបន់បាវិតដែលអាចនឹងក្លាយជា Hub មួយដ៏សំខាន់រវាងកម្ពុជា និងវៀតណាម»។
យោងតាមលោក រិទ្ធី បច្ចុប្បន្នអចលនទ្រព្យនៅទីតាំងល្អបំផុតក្នុងក្រុងបាវិត មានតម្លៃក្រោម ១ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងតំបន់កសិកម្មឆ្ងាយៗអាចមានតម្លៃប្រហែល ៥ ដុល្លារ។
ទន្ទឹមគ្នានេះប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ថា ផ្លូវល្បឿនលឿននឹងក្លាយជាចំណែកដ៏ធំក្នុងការធ្វើឲ្យអចលនទ្រព្យក្រុងបាវិត មានសម្ទុះខ្លាំងប្រហាក់ប្រហែលនឹងក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។ លោកបន្តថា៖ «ដោយសារផ្លូវល្បឿនលឿនចេញពីភ្នំពេញទៅបញ្ចប់នៅបាវិតនោះ ហេតុនេះទីផ្សារអចលនទ្រព្យនៅបាវិតនឹងមានសម្ទុះខ្លាំងនៅពេលខាងមុខ»។
លោកបន្ថែមថា ទោះយ៉ាងណាអ្វីៗទាំងអស់ក៏អាស្រ័យទៅលើផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាលអភិវឌ្ឍន៍ក្នុងការទាក់ទាញកំណើនវិនិយោគិន និងតំបន់វិនិយោគផងដែរ។
ក្នុងគោលបំណងជំរុញការសាងសង់ផ្លូវល្បឿនលឿននេះឲ្យកាន់តែលឿន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ នេះបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទីក្រុងបាវិតដែលមានសមាជិកសរុប ១៧ នាក់ ដោយមានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន។
កន្លងមកគម្រោងសង់ផ្លូវល្បឿនលឿននេះធ្លាប់ត្រូវបានទីភ្នាក់ងារជប៉ុន JICA ធ្វើការសិក្សាម្តងរួចមកហើយ ដោយផ្លូវនេះអាចនឹងមានចម្ងាយ ១៣៥ គីឡូម៉ែត្រ និងមានតម្លៃជាង ២ ពាន់លានដុល្លារ៕LA