ពន្លឺ​ភ្លើង​នៅពេល​រាត្រី​ដែល​ចេញ​ពី​អគារ Naga 2 កម្ពស់​ ២៤ ​ជាន់​បាន​ធ្វើឲ្យ​សម្រស់​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាពស្រស់​បំព្រង និង​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​យុវវ័យ​ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​តំបន់​ក្បែរៗ​នោះ​។ ទោះជា​យ៉ាង​ណា​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ពេញចិត្ត​ជាមួយ​នឹង​ពន្លឺភ្លើង​ដ៏ភ្លឺ​ដែល​ចេញពី​អគារ​នោះ​ទេ​។

ម្ចាស់​អាផាតមិន​មួយ​ដែល​ស្ថិត​នៅ​ទល់មុខ​អគារ Naga 2 បាន​និយាយ​ថា គាត់​កំពុង​មាន​មន្ទិលសង្ស័យ​ទៅ​លើ​ពន្លឺ​ដែល​ជះ​ចេញ​ពី​អគារ​ដ៏ខ្ពស់​នោះ​គឺជា​មូលហេតុ​ធ្វើឲ្យ​អ្នក​ជួល​បន្ទប់​ស្នាក់នៅ​ក្នុង​អាផាតមិន​របស់​លោក​មួយ​ចំនួន​សម្រេច​ចិត្ត​ចាកចេញ​។

លោក​បាន​ប្រាប់​ទៀត​ថា៖ «​កាលពី​មុន​អាផាតមិន​របស់​ខ្ញុំ​ធ្លាប់​តែ​មាន​ជនបរទេស​ជួល​ស្នាក់​នៅ​ពេញៗ ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​ជួល​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចាកចេញ​ដោយ​ខ្ញុំ​មិន​ដឹង​ថា​វា​បណ្តាល​មកពី​មូលហេតុ​អ្វី​នោះ​ទេ​។ ទោះជា​យ៉ាង​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា អ្នក​ជួល​ខ្លះ​ចាកចេញ​ដោយសារ​តែ​ពន្លឺ​ដែល​ចាំង​ពី​អគារ​ជិត​ខាង​នៅ​ពេល​រាត្រី​»​។

ស្ត្រី​វ័យ​​ ៣០ ​ឆ្នាំ​ម្នាក់ ដែល​កំពុង​រស់នៅ​ក្នុង​អាផាតមិន​មួយ​នៅ​ក្នុង​ប្លុក​ជាមួយ​គ្នា​នោះ​បាន​និយាយ​ថា ពន្លឺ​ដែល​ចាំង​ពី​អគារ​ជិត​ខាង​បាន​ធ្វើ​ឱ្យ​គាត់​ភ្ញាក់​ជា​ញឹកញាប់​នៅ​ពេល​រាត្រី​។

ស្ត្រី​រូប​នេះ​បន្ថែម​ថា៖ «​ហេតុអ្វី​បាន​ជា​មាន​អគារ​មួយ​ចំនួន​ប្រើ​ភ្លើង​ដែល​មាន​ពន្លឺ​ខ្លាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​គេង​របស់​ពួកយើង​នៅ​ពេល​រាត្រី​? ពន្លឺ​ពី​អគារ​នោះ ភ្លឺ​ខ្លាំង​មែនទែន​ដែល​ធ្វើឱ្យ​បន្ទប់​គេង​របស់​ខ្ញុំ​នៅ​តែ​ភ្លឺ ទោះបី​ជា​ខ្ញុំ​បាន​បិទ​វាំងនន​ហើយ​ក៏ដោយ​។ ការបើក​ភ្លើង​នោះ​គួរ​តែ​មាន​ពេលវេលា​កំណត់​ច្បាស់លាស់​»​។

ផលប៉ះពាល់​បណ្តាល​ពី​ពន្លឺ​ភ្លើង​អាច​និយាយ​ថា​ជា​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការប្រើប្រាស់​ពន្លឺ​ច្រើន​ជ្រុល​ពេក ដែល​នេះ​ក៏​ជា​ការ​ខ្ជះខ្ជាយ​ថាមពល​ផង​ដែរ​។

លោក សាត ដារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម និង​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៃ​គណៈវិស្វករ​កម្ពុជា​មាន​ប្រសាសន៍​ថា ផលប៉ះពាល់​ពី​ការបំពុល​ដោយ​ពន្លឺ គឺ​វា​អាច​រំខាន​ដល់​មនុស្ស​នៅ​ពេល​រាត្រី​។ នៅ​ពេល​យប់​មនុស្ស និង​សត្វ​សុទ្ធ​ត្រូវការ​ភាព​ងងឹត ដើម្បី​គេង​លក់​ស្កប់ស្កល់ ប៉ុន្តែ​ពន្លឺ​ខ្លះ​អាច​រំខាន​ដល់​ដំណេក​របស់​ពួកគេ​។

ពន្លឺ​ភ្លើង​នាពេល​រាត្រី​របស់ Orkide​។ស្រេង ម៉េងស្រ៊ុន

នៅ​ប្រទេស​មួយ​ចំនួន​ច្បាប់​ស្តីពី​ការទប់ស្កាត់​ការបំពុល​ដោយ​ពន្លឺ​ត្រូវ​បាន​គេ​បង្កើត​រួច​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ភាគច្រើន​មាន​ចេតនា​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា ដោយសារ​តែ​ផលប្រយោជន៍​ពាណិជ្ជកម្ម​។ នៅ​សហរដ្ឋអាមេរិក​រដ្ឋ​មួយ​ចំនួន​បាន​អនុម័ត​ច្បាប់​កាត់បន្ថយ​ការបំពុល​ដោយ​ពន្លឺ ទោះបី​ជា​ច្បាប់​ភាគច្រើន​សំដៅ​លើ​ភ្លើង​នៅ​តាម​ផ្លូវ​ក៏ដោយ​។ ចំណែក​នៅ​ប្រទេស​អង់គ្លេស​វិញ​ច្បាប់​នេះ​អាច​និយាយ​ថា មាន​ភាព​តឹងតែង​ជាង​នៅ​អាមេរិក​។

លោក ដារ៉ា បាន​បន្ថែម​ថា៖ «​ច្បាប់​នៃ​ការបំពុល​ដោយ​ពន្លឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទីក្រុង​ឆាប់​រហ័ស​!»​។ យ៉ាងណា​ក៏ដោយ​លោក​មិន​ដឹង​ច្បាស់​ថា តើ​កម្ពុជា​មាន​ច្បាប់​នេះ​ហើយ ឬ​នៅ​នោះ​ទេ​? ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​មាន កម្ពុជា​គួរ​បង្កើត​ច្បាប់​មួយ​នេះ​។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មេត មាសភក្ដី បាន​ប្រាប់​ថា រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​លើ​ការបំពុល​ដោយ​ពន្លឺ​ទេ ព្រោះ​រហូត​មក​ទល់​ពេល​នេះ​សាលា​រាជធានី​មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ណា​មួយ​នោះ​ទេ​ទាក់ទិន​នឹង​បញ្ហា​នេះ​។

ការព្យាយាម​ទាក់ទង​ទៅ​ថ្នាក់ដឹកនាំ​របស់ Naga 2 មិន​ត្រូវបាន​ឆ្លើយតប​។

ក្រៅពី​អគារ Naga2 ក៏​មាន​អគារ​ផ្សេងៗ​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​បញ្ចេញ​ពន្លឺ​ខ្លាំង​នៅពេល​រាត្រី​ផង​ដែរ ដូចជា អគារ Orkide ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះនរោត្តម​ដែល​បាន​បញ្ចេញ​នូវ​ពន្លឺ​ពណ៌​ស្វាយ​ទៅ​លើ​លំនៅឋាន​ជិត​ខាង និង​អគារ Kid City ដែល​នៅ​តាម​មហាវិថី​ព្រះសីហនុ និង​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដោយ​ប្រើ​អំពូល​នៅ​ជិត​អគារ Canadia Tower, គម្រោង Olympia City ជាដើម​។

ស្ត្រី​ម្នាក់​ដែល​មាន​លំនៅឋាន​ទល់​មុខ​អគារ Kid City បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ពន្លឺ​ដែល​ជះ​ពី​អគារ Kid City បាន​ធ្វើ​ឱ្យ​គាត់​គេង​មិន​សូវ​លក់​នៅ​ពេល​រាត្រី​។

គាត់​បាន​បញ្ជាក់​ថា គាត់​រីករាយ​នៅ​ពេល​ឃើញ​មាន​ពន្លឺ​ជាច្រើន​នៅ​តាម​ដង​ផ្លូវ ប៉ុន្តែ​ពន្លឺ​ពី​អគារ​ខ្លះ​រំខាន​ដល់​ដំណេក​របស់​គាត់​។ ដូច្នេះ​គាត់​បាន​ទិញ​វាំងនន​ដើម្បី​បាំង​ពន្លឺ​កុំ​ឱ្យ​ចូល​ក្នុង​បន្ទប់​គេង​របស់​គាត់​។

យ៉ាង​ណា​ក៏ដោយ​ការ​បំពុល​ដោយ​ពន្លឺ​មិន​គ្រាន់​តែ​ជា​បញ្ហា​ពេល​យប់ និង​ជា​បញ្ហា​របស់​អ្នក​ស្នាក់នៅ​នោះ​ទេ​។ កញ្ចក់ និង​លោហៈ​ដែល​ប្រើ​លើ​អគារ​ខ្ពស់​នៅក្នុង​ទីក្រុង​ក៏​អាច​ក្លាយ​ជា​កញ្ចក់​ដែល​ចាំង​លើ​គេហដ្ឋាន និង​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ​។

បុរស​វ័យ​ ៤០ ​ឆ្នាំ​ ១ ​រូប​ដែល​បាន​ប្រកបរបរ​បន្តិចបន្តួច​នៅ​តាម​ផ្លូវ​សុធារស ទល់​មុខ​អគារ Naga 2 បាន​ឱ្យ​ដឹង​ថា ចំណាំង​ប្លាត​ចេញ​ពី​កញ្ចក់​អគារ​នោះ​បាន​ជះ​លើ​ខ្លួន​គាត់ និង​ធ្វើឱ្យ​គាត់​ក្ដៅ​ខ្លាំង​នៅពេល​រសៀល​។ លោក​បាន​បន្តថា ចាប់ពី​ម៉ោង​ ៣-៥ ​រសៀល ពន្លឺព្រះអាទិត្យ​ដែល​ចាំង​ប្លាត​ពី​អគារ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​គាត់ និង​អ្នក​ធ្វើ​ដំណើរ​ព្រម​ទាំង​ធ្វើឱ្យ​កន្លែង​នោះ​មាន​កម្តៅ​កើនឡើង​ផង​ដែរ​។

ទន្ទឹម​នឹង​មាន​ការ​ត្អូញត្អែរ​ពី​មនុស្ស​មួយ​ចំនួន​ពី​ផល​អវិជ្ជមាន​នៃ​ពន្លឺភ្លើង​នាពេល​រាត្រី​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ផ្សេងទៀត​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ពួកគេ​ទទួល​បាន​ពី​ពន្លឺ​នាពេល​រាត្រី​ទាំង​នោះ​ផងដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ការប្រកបរបរ​របស់​គាត់​កាន់តែ​មាន​ភាព​រីកចម្រើន​។

ស្ត្រី​ម្នាក់​ដែល​ប្រកប​របរ​លក់​ចំណី​អាហារ​នៅ​ក្បែរ Naga 2 បាន​និយាយ​ថា ពន្លឺ​ភ្លើង​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​មក​កាន់​ទីនេះ ដែល​ធ្វើឲ្យ​ការលក់​របស់​គាត់​មាន​អតិថិជន​ច្រើន​ជាង​មុន​៕