វិហារ​អង់គ្លិនខិន នៃ​សាសនា​គ្រិស្ត​ដ៏ធំ​នៅ​តំបន់​បឹងកេងកង ១

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ៥០០ ​ម៉ែត្រ​ពី​វិមានឯករាជ្យ​ក្នុង​សង្កាត់​បឹងកេងកង​ ១ ជា​ទី​ពេញនិយម​សម្រាប់​សំណង់​អគារ​ខុនដូ អាផាតម៉ិន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ជាច្រើន​ប្រភេទ​។ ទី​នោះ​ក៏​មាន​រំលេច​ដោយ​ស្ថាបត្យកម្ម​សំណង់​ដ៏ល្អ​ប្លែក​មួយ​គឺ​ព្រះវិហារ​គ្រិស្តសាសនា​នៃ​និកាយ​អង់គ្លិនខិន (Anglican Church of Christ Our Peace) ដ៏ធំ​សម្បើម​ត្រៀម​ខ្លួន​នឹង​បើក​ទ្វារ​ទទួល​គ្រិស្ត​សាសនិកជន​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​។

ព្រះវិហារ​អង់គ្លិនខិន សង់​នៅ​លើ​ដីឡូត៍​ធំ​មួយ ជាង​ ៧០០ ​ម៉ែត្រការ៉េ​នៅ​ផ្លូវ​លេខ​ ២៩៤ (​ខាង​ត្បូង​វត្ត​លង្កា​)​។ មេការ​សំណង់​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា​អគារ​នេះ​មាន​ផ្ទៃ​បាត​ ១ ​ជាន់​ទំហំ​ ៤៣០ ​ម៉ែត្រការ៉េ និង​មាន​កម្ពស់​ ៧ ​ជាន់​សម្រាប់​ជា​វិហារ​សាសនា​គ្រិស្ត​ផង​ទីកន្លែង​ការិយាល័យ​ធ្វើការ​ផង និង​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​នានា​។ ម្ចាស់​គម្រោង​អគារ​នេះ​មកពី​ប្រទេស​សិង្ហបុរី ពួកគាត់​នឹង​ដឹក​ជញ្ជូន​សម្ភារ​ចូល​មក​កាន់​ទី​នេះ​នៅ​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ឆ្នាំ​​ ២០១៨ ខាង​មុខ​នេះ​៕ ខ្លឹមសារ និង​រូបថត មឿន ញាណ

ស្ពានដែក​បាឡេ​ឆ្លង​ទន្លេសាប​បើក​ដំណើរការ

ស្ពាន​បាឡេ​ថ្មី​ ១ ឆ្លងកាត់​ទន្លេសាប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ នៃ​ខណ្ឌ​ឫស្សីកែវ​ទៅ​ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​បើក​ដំណើរ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​ឧសភា​នេះ​។ ស្ពាន​ដែល​មាន​ប្រវែង​ប្រហែល​ ៥០០ ​ម៉ែត្រ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដែល​កើតឡើង​បន្ទាប់ពី​ការបិទ​ស្ពាន​ជ្រោយចង្វារ​ទី​ ១​។ តាម​ផែនការ​ស្ពាន​ជ្រោយចង្វារ​ទី​ ១ នឹង​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ឆ្នាំ ​២០១៩​។

ការពង្រីក​ផ្លូវជាតិ​លេខ​ ៣ ចាប់ផ្តើម​ដំណើរការ

ផ្លូវជាតិ​លេខ​ ៣ ជា​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏មាន​សក្តានុពល​របស់​កម្ពុជា ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។ ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​ ៣ ដែល​មាន​ប្រវែង​ ១៣៤ ​គីឡូម៉ែត្រ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​ ៤៨ ​ខែ​។ ផ្លូវ​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation របស់​ប្រទេស​ចិន​។

ព្រលានយន្តហោះ​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​ ២០២៥

ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​តាខ្មៅ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៥ ខាង​មុខ​។ គម្រោង​នេះ​នឹង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Overseas Cambodia Investment Corporation (OCIC) ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​ ២៦០០ ​ហិកតា​។

ការិយាល័យ​រួម​ធំ​ជាង​គេ​បើក​ជា​ផ្លូវការ

Factory Phnom Penh ដែល​ជា​ការិយាល័យ​រួម​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​។ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ​ចម្ងាយ​ប្រហែល​ ១ ​គីឡូម៉ែត្រ​ខាង​ត្បូង​ស្ពាន​ព្រះមុនីវង្ស អគារ​នេះ​មាន​ផ្ទៃដី​ ៣.៤ ​ហិកតា​ដែល​ធ្វើឲ្យ​វា​មាន​ទំហំ​ធំធេង​ជាង​ការិយាល័យ​រួម​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ Factory Phnom Penh មាន​ប្រភព​ពី​រោងចក្រ​កាត់ដេរ​ចាស់​ដែល​ក្រោយ​មក​ត្រូវ​បាន​កែលម្អ និង​បាន​ក្លាយ​ជា​ការិយាល័យ​រួម​ថ្មី​បំផុត នៅ​កម្ពុជា​៕