ព្រះអាទិត្យ​រៀប​អស្តង្គត​នៅ​លើ​ការដ្ឋាន​សាងសង់​ស្ពាន​បាឡេ

កម្មករសំណង់​ជាច្រើន​ក្រុម​បាន​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើការ​ពេញ ២៤​ម៉ោង ដើម្បី​ព្យាយាម​បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពានដែក​មួយ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៥ ទៅ​ក្រុង​រណប​ជ្រោយចង្វារ (OCIC)​។

ស្ពាន​នេះ​គ្រោង​នឹង​បើក​ឲ្យ​ប្រជាជន​ឆ្លងកាត់​នា​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ស្ពាន​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​ក្រុមហ៊ុន CSCC ហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​រយៈពេល ៦ ​ខែ​ក្នុង​គម្រោង​ទឹកប្រាក់ ១០ ​លាន​ដុល្លារ​ដែល​ជា​ការចំណាយ​របស់​ក្រុមហ៊ុន OCIC៕ រូបថត មឿន ញាណ

Residences Bel air ស្ដង់ដារ​បែប​បារាំង​នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

Residences Bel Air ដែល​ជា​ខុនដូ​មាន​ស្តង់ដារ​បែប​បារាំង កម្ពស់​ ១៨ ​ជាន់ ស្មើ​នឹង​ ៨២ ​យូនីត​ស្ថិត​នៅ​តំបន់​ជ្រោយចង្វារ​បាន​ប្រកាស​លក់​ជា​ផ្លូវការ​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​។

គម្រោង​នេះ​គឺជា​ការវិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ក្រោម​ទុនវិនិយោគ​ ៨ ​លាន​ដុល្លារ​។ គម្រោង​នេះ​គ្រោង​នឹង​ចំណាយពេល​សាងសង់​រយៈពេល​ ៣០ ​ខែ​។ បន្ទប់​ស្នាក់​នៅ​នីមួយៗ​នឹង​ត្រូវ​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​មាន​ទំហំ​ចាប់ពី​ ៤២-១៩៦ ​ម៉ែត្រការ៉េ​៕

The Penthouse Resi-dence ឡើង​ដល់​ជាន់​លើ​បង្អស់

ការ​សាងសង់ The Penthouse Residence ដែល​នៅ​ទល់​មុខ​ផ្សារ​ទំនើប Aeon Mall 1 បាន​ឈាន​ឡើង​ដល់​ជាន់​ទី​ ៣៦ ​ហើយ​នាពេល​នេះ​។ គម្រោង​នេះ​ចាប់ផ្តើម​សាងសង់​កាលពី​ដើម​ឆ្នាំ​ ២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨ នេះ​ក្រោម​ទុនវិនិយោគ​ចំនួន​ ៣០ ​លាន​ដុល្លារ​។

The Penthouse Residence មាន​បន្ទប់​ស្នាក់​នៅ​សរុប​ចំនួន​ ៤៥៨ ​យូនីត ដោយ​មាន​តម្លៃ​ចាប់ពី​ ១០ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ក្នុង ​១ ​យូនីត​។ បច្ចុប្បន្ន​ការ​លក់​សម្រេច​បាន​ ៧០ ​ភាគរយ​ហើយ​៕

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ​នឹង​បើក​ឲ្យ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន

ស្ពាន​អាកាស​ទី​ ៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ចំណុច​ភ្លើង​ស្តុប​ផ្សារ​ដីហុយ​នឹង​បើក​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចាប់ពី​ថ្ងៃ​ទី​ ១២ ខែ​មេសា​នេះ​រហូត​ដល់​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ បន្ទាប់ពី​នោះ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នឹង​ត្រូវ​បិទ ដើម្បី​ឲ្យ​ក្រុម​ការងារ​សាងសង់​បន្ត​ដែល​អាច​នឹង​ប្រើប្រាស់​ពេល​ប្រហែល​ ២ ​ខែ​។ ស្ពាន​នេះ​មាន​ប្រវែង ៩០៥ ​ម៉ែត្រ និង​ទទឹង​ ១៦.៥ ​ម៉ែត្រ​៕

Keystone នឹង​ចូល​ក្នុង​ទីផ្សារ​នៅ​ចុង​ឆ្នាំ​នេះ

អគារ​ការិយាល័យ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ទៀត Keystone ដែល​ស្ថិត​នៅ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី​ ២ ក្នុង​ឆ្នាំ​ ២០១៨ ​នេះ ខណៈ​ការសាងសង់​បាន​ចាប់​ផ្តើម​សាងសង់​កាលពី​ឆ្នាំ​ ២០១៥​។ អគារ​ដែល​មាន​កម្ពស់​ទៅ​លើ ១៨ ​ជាន់ និង​ក្រោម​ដី​ ៤ ​ជាន់​នេះ​មាន​ផ្ទៃ​អគារ​សរុប​ ១៥ ៥៣៨​ ​ម៉ែត្រការ៉េ​៕