
សំណង់ជាច្រើនបានកើតឡើងជាបន្តបន្ទាប់នៅក្នុងក្រុងរណប ING City ។ រូបថត មឿន ញាណ
បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើនកំពុងបែរឆ្ពោះទៅភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសក្នុងក្រុងរណប ING CITY ទំហំជាង ២០០០ ហិកតា ដែលជាក្រុងរណបមានទំហំធំជាងគេនៅក្នុងរាជធានីភ្នំពេញ។
ក្រុងរណប ING City ដែលស្ថិតនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងមានផ្លូវសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្រពុះកាត់ចំកណ្ដាល និងមានផ្លូវធំៗចំនួន ២ ទៀតដោយទី ១ ចេញពីផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់ផ្លូវលេខ ២៧១ និង ១ ខ្សែទៀតចេញពីម្តុំរង្វង់មូលមុខសាលាខេត្តកណ្តាល ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ ដែរនោះកំពុងមានការវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ។
បច្ចុប្បន្នគេឃើញមានគម្រោងជាច្រើនកំពុងចាប់ផ្តើមដំណើរការសាងសង់នៅទីនោះដែលមានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន R&F Property ដែលកំពុងបើកការដ្ឋានសាងសង់ក្នុងតម្លៃទឹកប្រាក់ចំនួន ៧០០ លានដុល្លារ គម្រោងបុរី Woodland បុរីប៉េងហួតដែលកាលពីពេលថ្មីៗនេះ បានសម្ពោធបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបថ្មីមួយរបស់ខ្លួនឈ្មោះ PH Diamond Place ដែលមានទុនវិនិយោគចំនួន ៦០ លានដុល្លារអាមេរិកនៅលើផ្ទៃដីជិត ៦ ហិកតា ជាដើម។ ទីនោះនាពេលនេះក៏មានស្ថាប័នធំៗមួយចំនួនកំពុងតាំងនៅរួចទៅហើយ ដូចជាសាលាអន្តរជាតិ ISPP និងសាលតាំងបង្ហាញរថយន្តម៉ាកមែសឺដេសជាដើម។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ING City គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍលំនៅឋាន និងអគារពាណិជ្ជកម្មចម្រុះដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គមទៅថ្ងៃអនាគត។
លោកមានប្រសាសន៍ថា៖ «ទោះយ៉ាងណាការលូតលាស់នៃការអភិវឌ្ឍក្នុងតំបន់នេះហាក់នៅមានកម្រិតនៅឡើយ ខណៈដែលគម្រោងភាគច្រើនមានតែក្នុងគំនូររូបភាពតែមិនទាន់ឃើញសាងសង់ចេញជារូបរាងនៅឡើយនោះទេ»។
លោក ជា សុផារ៉ា បានបន្តថាតំបន់នេះគឺជាតំបន់ដែលលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាអ្នករៀបចំការអភិវឌ្ឍហើយការអភិវឌ្ឍដែលលេចជាដុំកំភួននោះ គឺផ្លូវ ៦០ ម៉ែត្រហើយការអភិវឌ្ឍផ្លូវនេះទៀតសោតគឺធ្វើឡើងលក្ខណៈបដិភាគ មានន័យថាអភិវឌ្ឍឆ្លងកាត់ដីនរណា បដិភាគកន្លែងហ្នឹង ហើយការអភិវឌ្ឍនេះគឺធ្វើឡើងតាំងពីជំនាន់លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស មកម្ល៉េះ ដោយមានការពិភាក្សាគ្នារវាងខេត្តកណ្ដាល និងរាជធានីភ្នំពេញ។
លោកឧកញ៉ា អ៊ឹង ប៊ុនហូវ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

ទិដ្ឋភាពនៅក្បែរការដ្ឋាន HP Diamond Place តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងរណប ING City។ រូបថត មឿន ញាណ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាស ម៉េតភក្តី បានបដិសេធបញ្ជាក់លម្អិតពីគម្រោងអភិវឌ្ឍន៍នេះភ្ជាប់គ្នាជាមួយផ្លូវក្រវាត់ក្រុងទី៣ ឬយ៉ាងណាទេ ដោយលោកនិយាយយ៉ាងខ្លីថា គម្រោងអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងភ្នំពេញ និងទីក្រុងរណប ING CITY ធ្វើឡើងតាមប្លង់គោល (Master Plan) របស់រាជធានីភ្នំពេញដោយគម្រោងអភិវឌ្ឍន៍ណាក៏ដោយ ក៏ត្រូវគោរពតាមប្លង់គោលរបស់រាជធានីភ្នំពេញដែរ។
អតីតវីរស្ថាបត្យករកម្ពុជាលោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានលើកឡើងថា រាជធានីភ្នំពេញគួរអភិវឌ្ឍឆ្ពោះទៅភាគខាងត្បូង ព្រោះតំបន់នោះមានសណ្ឋានដីល្អ និងមិនប្រឈមមុខនឹងការលិចទឹក។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាននិយាយថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសទីក្រុងរណប ING CITY ជាតំបន់ដ៏មានសក្តានុពលមួយដែលបច្ចុប្បន្នទីនោះស្ទើរតែស្ថិតនៅកណ្តាលក្រុងទៅហើយដោយសារទី ១ ស្ថិតនៅលើទីតាំងដ៏ល្អ (Best of The best) ទី ២ វាជាតំបន់ថ្មីដែលអាចសាងសង់អគារបានខ្ពស់ៗ និងផ្សារទំនើបនានាងាយស្រួល និងទី ៣ ជាតំបន់មានសណ្ឋានដីល្អ និងស្ថិតនៅចន្លោះរវាងរាជធានីភ្នំពេញទៅក្រុងតាខ្មៅ។
លោកបន្តថា៖ «វាមិនមែនជាតំបន់ទើបមានសក្តានុពលទេ តែជាតំបន់មានសក្តានុពលយូរហើយ»។
ទាក់ទងនឹងការបំពុលផ្សែងពីរោងចក្រ សហគ្រាសនៅតំបន់នេះលោក សុខនីម បានលើកឡើងថាដោយសារដីឡើងថ្លៃនាពេលអនាគតរោងចក្រ សហគ្រាសទាំងនោះនឹងរើចេញពីតំបន់នេះមិនខាន។ ហេតុនេះលោកជឿថា រោងចក្រនៅតំបន់នោះមិនប៉ះពាល់ដល់ការសម្រេចចិត្តទិញ ឬវិនិយោគពីក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ។
លោកមានប្រសាសន៍ថា៖ «តាមធម្មតាគម្រោងនីមួយៗទម្រាំសាងសង់ចប់អាចត្រូវចំណាយពេល ៣-៥ ឆ្នាំហេតុនេះទម្រាំគម្រោងទាំងនោះសាងសង់ចប់ រោងចក្រ ទាំងនោះនឹងរើចាកចេញហើយ៕