ភូមិគ្រឹះ​ប្រណីត​មួយ​កន្លែង​ដែល​ពួន​សំងំ​ក្នុង​ព្រៃ​ពណ៌​បៃតងខ្ចី និង​អាច​មើល​ឃើញ​ទេសភាព​ផ្ទៃសមុទ្រ​ដ៏ស្រស់ត្រកាល​មាន​ឈ្មោះ​ថា Villa Des Palmes​។

ភូមិគ្រឹះ​នេះ​ត្រូវ​បាន​រចនា​ម៉ូដ និង​សាងសង់​ដោយ​ស្ថាបត្យករ​ជនជាតិ​បារាំង​មួយ​រូប និង​បើក​ទទួល​ការ​កក់​សម្រាប់​ការ​ស្នាក់នៅ​លម្ហែកាយ​រយៈពេល​ខ្លី​សម្រាប់​ភ្ញៀវទេសចរ​នៅ​ខេត្ត​កែប​។

អ្វី​ដែល​គួរ​ឲ្យ​ទាក់ទាញ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​វីឡា​ឈ្មោះ «​សាលា​ថ្មី​» ដែល​ជា​វីឡា​លក្ខណៈ​ឯកជន​សម្រាប់​គូស្នេហ៍​ដោយ​មាន​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ និង​ការតុបតែង​ដ៏ស្រស់ស្អាត ហើយ​ថែម​ទាំង​មាន​អាង​ហែល​ទឹក​ប្រវែង​ដល់​ទៅ​ ២២ ​ម៉ែត្រ​ទៀត​ផង​។ បន្ទប់​គេង​មាន​ពណ៌​ស្រទន់ ហើយ​គ្រឿង​ប្រើប្រាស់​គឺ​សុទ្ធ​តែ​ផលិត​ពី​ធម្មជាតិ​ព្រម​ទាំង​មាន​ការ​តុបតែង​បែប​សម័យកាល​ទំនើប និង​កៅអី​សាឡុង​ម៉ូដ​បុរាណ​ថែម​ទៀត​ផង​។

ផ្នែក​ខាង​លើ​នៃ​វីឡា​នេះ​មាន​ទំហំ​ធំ​ទូលាយ​ផ្តល់​នូវ​ខ្យល់​ដកដង្ហើម​ស្រស់​ស្រាយ និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ការ​រចនា​ដែល​ប្រើ​រនាបឈើ និង​សំរឹទ្ធ​ផង​ដែរ​។

នាពេល​រាត្រី ខ្យល់​សមុទ្រ​បក់​រំភើយ អ្នក​អាច​បើក​វាំងនន និង​អង្គុយ​លើ​កៅអី​សាឡុង​ដ៏ទន់ល្មើយ​មើល​ខ្សែ​ភាពយន្ត​ឌីវីឌី​លើ​កញ្ចក់​ទូរទស្សន៍​ទំហំ​ធំ និង​ប្រព័ន្ធ​ឧបករណ៍​បំពង​សំឡេង​រចនា​យ៉ាង​ពិសេស​សម្រាប់​ភាពយន្ត និង​តន្ត្រី ហើយ​អ្នក​អាច​បើក​សំឡេង​តិច ឬ​ខ្លាំង​តាម​ចិត្ត​ចង់ ដ្បិត​គ្មាន​អ្នក​ជិត​ខាង​ណា​ម្នាក់​នៅ​ក្បែរ​អ្នក​ឡើយ​៕