
ទីតាំងដែលគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Thia Boon Rong Tower។ រូបថត ហ៊ឹន ពិសី
នៅទីបំផុតគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Boon Rong Twin Towers កម្ពស់ ១៣៣ ជាន់ដែលស្ថិតនៅលើផ្ទៃដីទំហំជាង ៥ ហិកតាទល់មុខសណ្ឋាគារ Naga World បានផ្លាស់ប្តូរកម្ពស់ និងបង្កើនទំហំទុនវិនិយោគរបស់ខ្លួន ខណៈក្រុមហ៊ុនកំពុងផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកចាប់ផ្តើមសាងសង់ជញ្ជាំងបេតុងទប់ដី ដើម្បីរៀបចំការដ្ឋានធ្វើគ្រឹះជាន់ក្រោមដី និងបង្ការកុំឲ្យមានការបាក់ច្រាំងនៅពេលចាប់ផ្តើមសាងសង់។
លោកសាស្ត្រាចារ្យ ទូស សាភឿន ជាប្រធានក្រុមស្ថាបត្យករ និងសំណង់ប្រចាំក្រុមហ៊ុន Thai Boon Rong Group ដែលជាអ្នកបង្កើតគំរូប្លង់នៃអគារ Thai Boon Rong Twin Towers និងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវេស្ទើនផងដែរនោះបានប្រាប់ប៉ុស្តិ៍អចលនទ្រព្យឲ្យដឹង កាលពីថ្ងៃពុធម្សិលមិញ ថា បច្ចុប្បន្នក្រុមវិស្វករ និងស្ថាបត្យករខ្មែរ អាមេរិក និងចិន កំពុងព្យាយាមបញ្ចប់ការគូសប្លង់លម្អិតសម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។
លោកបានបន្តថា រហូតមកទល់ពេលនេះក្រុមអ្នកជំនាញ និងក្រុមហ៊ុនបានសម្រេចបន្ថែមកម្ពស់អគារនេះរហូតដល់កម្ពស់ ៥៦១,៧ ម៉ែត្រដែលពីមុនមានត្រឹមតែ ៥២៥ ម៉ែត្រ និងបង្កើនទុនវិនិយោគពីមុនត្រឹមតែ ២១០០ លានដុល្លារហូតដល់ជាង ៣០០០ លានដុល្លារអាមេរិកព្រមទាំងមានទុនបម្រុងជាង ៣០០០ លានដុល្លារផ្សេងទៀតដើម្បីធ្វើឲ្យគម្រោងនេះមានសេវាកម្មដំណើរការទៅមុខប្រកបដោយភាពរស់រវើកនៅពេលសាងសង់រួច។
លោកបានអះអាងថា៖ «ផែនការក្នុងការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះមិនមានការប្រែប្រួល និងរអាក់រអួលនោះទេ។
គម្រោង Thai BoonRong Group នឹងក្លាយជាមោទនភាព និងជាកិត្យានុភាពសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងមុខមាត់ប្រទេសជាតិដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់»។
លោកបន្តថា៖ «មិនមែនប្រទេសទាំងអស់សុទ្ធតែមានសមត្ថភាពសាងសង់អគារធំបែបនេះបានទេ ជួនកាលពួកគេមានលុយតែមិនប្រាកដថាអាចសាងសង់បាននោះឡើយ»។
លោក ទូស សាភឿន បានបន្តថានាពេលនេះយើងកំពុងរៀបចំប្លង់បច្ចេកទេស ព្រោះការងារនេះមិនអាចធ្វើក្នុងរយៈពេលខ្លីបានទេ ត្រូវការយកចិត្តទុកដាក់ជាទីបំផុត។

ការិយាល័យដែលដាក់តាំងបង្ហាញផែនការសាងសង់អគារ Thai Boon Rong Twin Towers ។ រូបថត ហ៊ឹន ពិសី
ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែងធ្វើការងារនេះ ហើយពេលថ្មីៗក្រុមហ៊ុនបានអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកមួយសាងសង់ជញ្ជាំងដោយចាក់បេតុងទប់ដីកម្រាស់ ១ ម៉ែត្រក្នុងជម្រៅជាង ៣០ ម៉ែត្រដើម្បីកុំឲ្យបាក់ដី និងងាយសាងសង់ចំណតរថយន្តនៅខាងក្រោមដីផងដែរ។ បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការធ្វើតេស្តដីរួចហើយ។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះមានក្រឡាផ្ទៃសរុប ១,៤៧៤,៣៨៩ ម៉ែត្រការ៉េរួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ ៥ ចំនួន ៥៥៧ បន្ទប់ អាផាតមិនប្រណីត ចំនួន ៤៤៨ បន្ទប់សម្រាប់អគារខ្ពស់ទាំង ២ ខុនដូចំនួន ១,៧៣៧ យូនីតសម្រាប់អគារ ៤ ជុំវិញការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើបចម្រុះ ភោជនីយដ្ឋានលំដាប់ពិភពលោកជាច្រើនកន្លែង កន្លែងទេសចរណ៍គយគន់ទេសភាពរាជធានីភ្នំពេញ និងសេវាកម្មកម្សាន្តលំដាប់ពិភពលោកជាច្រើនទៀត។
គម្រោងនេះមានចំណតរថយន្តចំនួន ៣៨០០ គ្រឿង និងម៉ូតូចំនួន ៣០០០ គ្រឿងនៅក្រោមដីចំនួន ៣ ជាន់សម្រាប់អ្នកចូលមកប្រើប្រាស់អគារនេះរួមទាំងអ្នកចេញចូលនៅក្នុងផ្សារទំនើបនៃគម្រោងនេះ។
លោក ទូស សាភឿន បានបន្តថានៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះសាងសង់ចប់វាមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗឲ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានការិយាល័យលំដាប់ពិភពលោកដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកបើកការិយាល័យនៅរាជធានីភ្នំពេញបានច្រើននៅឡើយទេ។
ទាក់ទងនឹងគម្រោងរបស់ក្រុមហ៊ុន Royal Group ដែលគ្រោងនឹងសាងសង់អគារកម្ពស់ ៦០០ ម៉ែត្រនៅលើបរិវេណនៃសណ្ឋាគារកាំបូឌីយ៉ាណានៅជាប់គម្រោងនេះលោកសាស្ត្រាចារ្យ ទូស សាភឿន បានបន្តថាព័ត៌មានដែលថាអ្នកឧកញ៉ា គិត ម៉េង សាងសង់អគារកម្ពស់ ៦០០ ម៉ែត្រនៅជិតនេះគឺអាចជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ព្រោះអ្នកឧកញ៉ាមិនអាចយកលុយរាប់ពាន់លានដុល្លារមកសាងសង់អគារនៅទីតាំងជាប់គ្នានេះបានទេ និងមានហេតុផលជាច្រើនទៀតដែលមិនអាចសាងសង់ទៅរួច។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលាសាងសង់ជាក់លាក់នៅពេលណានោះទេ គ្រាន់តែប្រាប់ថាក្រុមហ៊ុននឹងជ្រើសរើសយកពេលវេលាសមស្របមួយ ខណៈការសាងសង់ជញ្ជាំងទប់ដីនឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខនេះ។

រូបសំណង់អគារ Thai Boon Rong Twin Towers ។ រូបថត ហ៊ឹន ពិសី
ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group មិនអាចទាក់ទងសុំការពន្យល់បានទេ ប៉ុន្តែទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន RoyalGroup ពិតជាបានដាក់ពាក្យស្នើសុំសាងសង់អគារកម្ពស់ ៦០០ ម៉ែត្រនៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា មែន។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាការសាងសង់អគារនេះទទួលបានជោគជ័យវាជារឿងអស្ចារ្យមួយសម្រាប់កម្ពុជា ព្រោះវាបង្ហាញពីទំនុកចិត្តសម្រាប់អ្នកវិនិយោគក្នុងវិស័យនេះ និងជាការបង្ហាញពីកិត្យានុភាព និងមោទនភាពសម្រាប់កម្ពុជា។
លោកបន្តថា៖ «ខ្ញុំមិនដែលគិតថាទីក្រុងភ្នំពេញមានអគារខ្ពស់ និងរីកចម្រើន លឿនបែបនេះទេខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះល្បឿននៃការអភិវឌ្ឍនៅទីនេះ»។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បាននិយាយថាសម្រាប់ទីតាំងរបស់គម្រោងនេះគឺពិតជាល្អណាស់ព្រោះវានៅជិតមាត់ទន្លេ និងជាបណ្តុំនៃអគារពាណិជ្ជកម្មធំៗក្នុងរាជធានីភ្នំពេញ ប៉ុន្តែភាពជោគជ័យរបស់គម្រោងមួយវាមិនមែនអាស្រ័យទាំងស្រុងទៅលើទីតាំងនោះទេ ដោយវាក៏ត្រូវអាស្រ័យទៅលើការឌីហ្សាញ ទំហំអគារ និងតម្លៃដាក់លក់ផងដែរ។
អ្នកនាងបន្តថា Thai Boon Rong Twin Towers ជាគម្រោងដ៏ធំដូច្នេះភាពជោគជ័យទាក់ទងនឹងការលក់អាចនឹងត្រូវប្រើប្រាស់ពេលវេលាយូរជាបន្តទៀត។
ទោះបីជាយ៉ាងណានាយិកាក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា៖ «ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍មានទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងនោះខ្ញុំគិតថាវានឹងមិនមានបញ្ហាអ្វីនោះទេ តែការលក់គម្រោងធំបែបនេះអាចនឹងចំណាយពេលយូរបន្តិច»។
ទាក់ទងនឹងកម្ពស់អគារសាងសង់នៅតំបន់នេះលោក សេង ឡូត បានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែលោកបានថ្លែងថា ក្រសួងបានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់គម្រោងនេះរួចហើយ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បាននិយាយថា ការដែលគម្រោងដ៏ធំមួយបានប្រកាសពីផែនការអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងមានការិយាល័យលក់បើកដំណើការជាផ្លូវការតែមិនទាន់បានចាប់ផ្តើមលក់បែប នេះអាចនិយាយថាជារឿងចម្លែកមួយ។
សូមបញ្ជាក់ថា អគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Boon Rong TwinTowers រហូតមកដល់ពេលនេះមិនទាន់ត្រូវបានបើកលក់ជាផ្លូវការនៅឡើយ៕