ទីក្រុងប៉ារីសៈ ខណៈ​ប្រជាជន​អឺរ៉ុប​ស្ថិត​នៅក្នុង​ចំណុចកណ្ដាល​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​លេចមុខ​ឡើង​ដើម្បី​នាំយក​ជំនួយ និង​សង្ឃឹមថា​នឹង​មាន​ចែកចាយ​ស្បៀងអាហារ​ជាច្រើន​ដល់​ក្រុមមនុស្ស​ចាស់ រីឯ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​បាន​រៀបចំ​ការផ្តល់​កន្លែង​ស្នាក់នៅ​សម្រាប់​បុគ្គលិក​សុខាភិបាល និង​ការចែកចាយ​ម៉ាស់​មុខ​ដែល​ដេរ​ថ្មីៗ​។

ក្រុម​វីរបុរស​ក្នុងពេល​វិបត្តិ​មួយ​ចំនួន​កំពុង​បង្ហាញ​ដល់​ក្មេងៗ​តាម​អនឡាញ ដើម្បី​ធ្វើឲ្យ​ឪពុកម្ដាយ​ធូរស្រាល​ដែល​កំពុង​គ្រប់គ្រង​ផ្ទះ និង​ធ្វើ​ការងារ​ផ្ទះ ចំណែក​អ្នកផ្សេង​ទៀត​កំពុង​ផ្ដល់​ការបង្រៀន​ដោយ​មិន​យកប្រាក់​សម្រាប់​ការធ្វើ​យូហ្គា និង​លំហាត់ប្រាណ​ផ្សេងទៀត ខណៈ​ស្ថិតនៅ​ក្នុងការ​បង្ខាំង​ខ្លួន​។

លោក Fabrizio Gatti អាយុ​ ៥៧ ​ឆ្នាំ​ គឺជា​ជនជាតិ​អ៊ីតាលី​ដែល​ទើប​ត្រឡប់​មកពី​ជួយសង្គ្រោះ​ជន​ចំណាកស្រុក​នៅ​មហាសមុទ្រ​មេឌីទែរ៉ាណេ ដើម្បី​បើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​នៅក្នុង​ទីក្រុង Brescia ដែល​ជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​របស់​ប្រទេស​កំណើត​របស់លោក​។

នៅក្នុង​ប្រទេស​បារាំង និង​ប្រទេស​ហុងគ្រី ម្ចាស់​អចលនទ្រព្យ​បាន​រៀបចំ​អគារ និង​ផ្ទះសំណាក់​ជាច្រើន ដើម្បី​ផ្តល់​កន្លែង​ដល់​បុគ្គលិក​វេជ្ជសាស្ដ្រដោយ​មិន​គិត​ប្រាក់​។ ចំណែក​នៅ​ទីក្រុង​ឡុងដ៍​របស់​ប្រទេស​ អង់គ្លេស និង​ទីក្រុង​រ៉ូម​ប្រទេស ​អ៊ីតាលី ក្រុម​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​បុគ្គលិក​សុខាភិបាល​ទៅ​ធ្វើ​ការងារ និង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មិន​គិត​ប្រាក់​។

លោក Vincent Hein អ្នកវិភាគ​ចិត្តសាស្ដ្រ​នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ការស្ម័គ្រចិត្ត​បែប​នោះ​នៅក្នុង​គ្រា​លំបាក​គឺជា​មុខងារ​នៃ​ភាព​អត់ធ្មត់​របស់​មនុស្ស​។

លោក​បន្តថា​៖ «​នៅ​ពេលយប់​ប្រជាជន​ត្រូវ​បានដាក់​កម្រិត​ឲ្យ​នៅក្នុង​ផ្ទះ​។ វា​ជា​គំរូ​មួយ​នៃ​សាមគ្គីភាព​ក្នុង​តំបន់​អឺរ៉ុប​»​។

លោក Suresh Goyal ដែល​គ្រប់គ្រង​ភោជនីយដា្ឋន​ឥណ្ឌា​មួយ​នៅ​ទីក្រុង​វ៉ាសូវី បាន​ឲ្យ​ដឹងថា លោក​នាំយក​អាហារ​ជាច្រើន​ឲ្យ​ក្រុមគ្រូពេទ្យ និង​ក្រុម​គិលានុបដ្ឋាយិកា​នៅក្នុង​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​ចំនួន ៤ ជា​រៀងរាល់​ថ្ងៃ​។

លោក​គឺជា​អ្នកជំនាញ​ ១ ​រូប​ ក្នុងចំណោម​ក្រុម​អ្នកជំនាញ​ឧស្សាហកម្ម​អាហារ​ជាច្រើន​ដែល​ផ្ដល់​អាហារ​ដោយ​មិន​គិត​ប្រាក់​ដល់​ក្រុម​បុគ្គលិក​វេជ្ជសាស្ដ្រ​នៅ​ជួរមុខ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នេះ​។

នៅ​ទីក្រុង​ Belfast ​នៃ​អៀរ​ឡង់​ខាងជើង​មាន​ភោជនីយដា្ឋន​ថៃ​មួយ​បាន​ប្រើប្រាស់​បន្ទប់​ទាំងអស់​របស់​ខ្លួន​ដើម្បី​ចម្អិន​អាហារ​សម្រាប់​មន្ទីរពេទ្យ​នៅក្បែរនោះ​។

ហាង​លក់ Domino''s Pizza នៅ​កណ្ដាល​ប្រទេស​បារាំង​បាន​ចែកចាយ​នំ​រាប់រយ​ដល់​មជ្ឈមណ្ឌល​សម្រាប់​ជនភៀសខ្លួន​វ័យក្មេង ហើយ​នៅ​ទីក្រុង​វ៉ាសូវី សាលាបង្រៀន​ចម្អិន​អាហារ​មួយ​សម្រាប់​ក្មេងៗ ចែកចាយ​ស៊ុប​ ៥០ ​លីត្រ​ប្រចាំថ្ងៃ​ដល់​មនុស្ស​ចាស់ៗ អ្នកជំងឺ និង​បុគ្គលិក​វេជ្ជសាស្ដ្រ​ជា​ការរួមចំណែក​ជា​សាធារណៈ​។

នៅក្នុង​ប្រទេស​បារាំង ប្រជាជន​ប្រហែល​​ ៤០ ០០០ ​នាក់​ បាន​ស្ម័គ្រចិត្ត​រយៈពេល​ ១ ​ថ្ងៃ ដើម្បី​ជួយប្រមូលផល និង​ធ្វើការងារ​ជា​កម្លាំង​ពលកម្ម​កសិកម្ម​ផ្សេងទៀត​៕ LA