ទោះបី​ជា​ថ្ងៃ​បុណ្យ​ជាតិ​ហើយ​មាន​ដុំ​ពពក​ខ្មៅ​រក​ភ្លៀង​ក៏ដោយ​ក្តី លោក យ៉ង់ ធារិទ្ធ អគ្គនាយក​ក្រុមហ៊ុន GBC Engineer កំពុង​តែ​ជិះកង់​សំដៅ​ទៅ​ការិយាល័យ​របស់​លោក​ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​ ៣៣១ ក្នុង​សង្កាត់​បឹងកក់​ទី​ ២ ​ដើម្បី​បញ្ចប់​ការងារ​មួយ​ចំនួន ហើយ​ជាមួយ​គ្នា​នេះ​ក៏​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ​។

សុខភាព គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស្វករ​វ័យ​ ៣៤ ​ឆ្នាំ​រូប​នេះ ដែល​តាំង​តែ​ពី​វ័យ​កុមារភាព​មក​រូប​គេ​តែងតែ​សុបិន​ចង់​ធ្វើ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​ពេល​ធំ​ពេញវ័យ​។ បើ​ទោះ​ជា​ក្តីសុបិន​នោះ​មិន​ត្រូវ​បាន​បំពេញ​ក្តី​លោក ធារិទ្ធ ដែល​បាន​រួម​បង្កើត​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ​កាលពី​ឆ្នាំ​មុន​ក៏​នៅតែ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា «​អ្នក​ព្យាបាល​» មិនមែន​ជំងឺ​មនុស្ស​នោះ​ទេ​គឺ​ជំងឺ​សំណង់​អគារ​។

លោក​ថ្លែង​ថា៖ «​បន្ទាប់ពី​ធ្វើការ​ក្នុង​វិស័យ​វិស្វកម្ម​សំណង់​អស់​ជាង ១០ ​ឆ្នាំ​ខ្ញុំ​អាច​និយាយ​ថា​ដូចជា​វេជ្ជបណ្ឌិត​ម្នាក់​ដែរ​ដោយ​វិស្វករ​ត្រូវ​អតិថិជន​ស្វែងរក​នៅពេល​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​។ វិស្វករ​មិន​ត្រឹម​តែ​ព្យាបាល​អគារ​នោះ​ទេ តែ​ថែម​ទាំង​ជា​អ្នក​កំណត់​វាសនា​អគារ​ថែម​ទៀត​ផង​»​។

ជា​កូនប្រុស​ទី​ ៣ មកពី​គ្រួសារ​កសិករ​ក្រីក្រ​ ១ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​លោក ធារិទ្ធ តែងតែ​មាន​ទម្លាប់​ខិតខំ​ប្រឹងប្រែង​លើ​គ្រប់​កិច្ចការងារ​។ ទោះបី​ជា​ឪពុកម្តាយ​របស់​លោក​ពុំ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ក៏ដោយ​លោក​ទាំង​ ២ តែង​លើក​ទឹកចិត្ត និង​ផ្គត់ផ្គង់​ឲ្យ​កូន​បាន​រៀនសូត្រ​។ សុបិន​របស់​ពួកគាត់ គឺ​ចង់​ឃើញ​កូនប្រុស​នេះ​ពាក់អាវ​ពេទ្យ ពិនិត្យ​អាការៈ​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​។

លោក ធារិទ្ធ បាន​រំឭក​ថា៖ «​គួរ​ឲ្យ​សោកស្តាយ ខ្ញុំ​ប្រឡង​ចូល​សាលាពេទ្យ​មិន​ជាប់​ឡើយ​ក្រោយ​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​ ២០០១​។ ខ្ញុំ​បាន​ត្រឹម​ជាប់​ចូល​រៀន​ថ្នាក់​បច្ចេកទេស​រយៈពេល ៣ ​ឆ្នាំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​តិចណូ​)»​។

ខក​ចិត្ត​ប៉ុន្តែ​មិន​អស់​សង្ឃឹម​លោក​បាន​ប្តេជ្ញា​ចូលរៀន​នៅ​មហាវិទ្យាល័យ​វិស្វកម្ម​ដោយ​បាន​ក្លាយ​ជា​សិស្ស​ឆ្នើម​ក្នុង​ការសិក្សា បើ​ទោះបី​ជា​លោក​មិន​ដែល​មាន​ក្តីស្រមៃ​ក្លាយ​ជា​វិស្វករ​ពី​មុន​មក​ក៏ដោយ​។ នៅ​ពេល​កំពុង​សិក្សា​នេះហើយ​ដែល​ធ្វើ​ឱ្យ​លោក​ស្រឡាញ់​ផ្នែក​វិស្វកម្ម ជាពិសេស​វិស្វកម្ម​រចនា​។

លោក​និយាយ​ថា៖ «​ខ្ញុំ​តែងតែ​ស្រឡាញ់​មុខវិជ្ជា​គណិតវិទ្យា​តាំងពី​នៅ​រៀន​នៅ​សាលា​ចំណេះដឹង​ទូទៅ ប៉ុន្តែ​វិស្វកម្ម​គឺ​មិនមែន​ត្រឹម​តែ​ដោះស្រាយ​លំហាត់​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ការងារ​ជាក់ស្តែង និង​បច្ចេកទេស​ក៏ដូចជា​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ជា​អ្វី​ដែល​ខ្ញុំ​ពិតជា​ស្រឡាញ់​»​។

នៅ​ពេល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​ ២០០៦ លោក ធារិទ្ធ បាន​ចំណាយពេល​ប្រហែល​កន្លះ​ឆ្នាំ​ធ្វើការ​ជា​វិស្វករ​នៅ​រោងចក្រ​ក្រដាស​ ១ ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ ហើយ​កន្លះ​ឆ្នាំ​ទៀត​នៅ​ក្រុមហ៊ុន​វិស្វកម្ម ILI Consulting Engineering ដែល​ជា​ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​។ នៅ​ឆ្នាំ​ ២០០៧ លោក​បាន​ទទួល​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ GadjahMada នៅ​ទីក្រុង Yoyakarta ប្រទេស​ឥណ្ឌូនេស៊ី​។

បន្ទាប់ពី​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​នៅ​ឆ្នាំ​ ២០០៩ ​លោក ធារិទ្ធ ដែល​ពេល​នោះ​មាន​អាយុ​ ២៥ ​ឆ្នាំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ ហើយ​បាន​បន្ត​ធ្វើការ​ឱ្យ​ក្រុមហ៊ុន ILI​។ ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន លោក​បាន​ធ្វើការ​លើ​គម្រោង​ធំៗ​ជាច្រើន ពិសេស​អគារ​ទីស្នាក់ការ​ធនាគារ​អេស៊ីលីដា​នៅ​រាជធានី​ភ្នំពេញ​។

ទោះបី​ជា​មាន​ជោគជ័យ​ទី​នោះ​ខ្លាំង​យ៉ាង​ណា​ក្តី​នៅ​ឆ្នាំ​ ២០១៥ លោក ធារិទ្ធិ បាន​លាលែង​ពី​តំណែង​របស់​គាត់​ដើម្បី​បង្កើត​ក្រុមហ៊ុន​ ១ ​ជាមួយ​សហសេវិក​ជនជាតិ​អាល្លឺម៉ង​ ២ ​រូប​។ ការផ្លាស់ប្តូរ​ដ៏ធំ​ធ្វើ​ឱ្យ​គាត់​មាន​ក្តីបារម្ភ​ខ្លះ ប៉ុន្តែ​ក៏​គួរឱ្យ​រំភើប​ផង​ដែរ​។

លោក​បាន​និយាយ​ថា៖ «​វា​ជា​ហានិភ័យ​ដ៏ធំ​មួយ​ដោយសារ​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​ខ្ញុំ​ដើម្បី​បង្កើត​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ការ​បន្ត​ធ្វើការ​ឱ្យ​គេ មិន​អាច​ឲ្យ​យើង​មើល​ឃើញ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា៖ «​ម្យ៉ាង​ទៀត​ក្នុង​អាយុ​ជាង​ ៣០ ​ឆ្នាំ​ខ្ញុំ​បាន​រៀបការ​មាន​គ្រួសារ​ហើយ​។ ខ្ញុំ​ពិត​ជា​ត្រូវការ​អ្វី​មួយ​ជា​របស់​ខ្លួន​ផ្ទាល់​សម្រាប់​គ្រួសារ​ខ្ញុំ មុន​ពេល​ដែល​វា​យឺត​ពេល​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​អ្វី​ទាំងអស់​»​។

ដោយ​មាន​ការិយាល័យ​កណ្តាល​នៅ​រដ្ឋធានី​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ក្រុមហ៊ុន GBC មាន​ការិយាល័យ​ក្រៅ​ប្រទេស​នៅ​កម្ពុជា និង​វៀតណាម​។ ក្នុង​ការិយាល័យ​របស់ GBC នៅ​រាជធានី​ភ្នំពេញ​មាន​បុគ្គលិក​ជាង​ ៣០ ​នាក់​ដែល​ភាគច្រើន​ជា​វិស្វករ​មាន​ទាំង​ជនជាតិ ខ្មែរ និង​អាល្លឺម៉ង់​កំពុង​ធ្វើការ​លើ​សេវាកម្ម​វិស្វកម្ម​ដូចជា ការត្រួតពិនិត្យ​សំណង់​ការប្រឹក្សា​ផ្នែក​វិស្វកម្ម និង​ការវាយតម្លៃ​អគារ​ជាដើម​។ ទោះ​យ៉ាង​ណា​លោក ធារិទ្ធ និយាយ​ថា​លោក​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​មេដឹកនាំ​ជនជាតិ​ខ្មែរ​ក្នុង​ក្រុមហ៊ុន​វិស្វកម្ម​អន្ដរជាតិ​មួយ​ដែល​ជា​រឿង​កម្រ​មាន​ណាស់​នៅ​ក្នុង​ប្រទេស​យើង​។

លោក​អះអាង​ថា៖ «​វិនិយោគិន​ជាច្រើន​រំពឹង​ថា​នឹង​ទទួល​បាន​តម្លៃ និង គុណភាព​ទាប​ពី​វិស្វករ និង​អ្នក​រចនា​ក្នុង​ស្រុក ទោះបី​ជា​ពួកគេ​មាន​ប្រវត្តិ​សិក្សា និង​បទពិសោធ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ដៃគូ​បរទេស​ក៏ដោយ​»​។

«​ខ្ញុំ​ជឿ​ថា​នេះ​ជា​ឧបសគ្គ​ដ៏ធំ​ ១ ​សម្រាប់​សិស្ស​ដែល​សិក្សា​ជំនាញ​វិស្វកម្ម​ក្នុង​ស្រុក បើ​ទោះបី​ជា​វិស័យ​សាងសង់​របស់​ប្រទេស​កំពុង​រីកចម្រើន​ក៏ដោយ​។ បេសកកម្ម​របស់​ខ្ញុំ​គឺ​ផ្លាស់ប្តូរ​វា​ដោយ​ការបង្កើន​ជំនាញ និង​គុណភាព​ការងារ​របស់​បុគ្គលិក​ខ្មែរ​របស់​ខ្ញុំ​»​។

ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​ក្រុមហ៊ុន GBC Cambodia បាន​ទទួល​គម្រោង​ធំៗ​ជាច្រើន​រួម​ទាំង​គម្រោង​រចនា​ម៉ូដ​ស៊ីវិល និង​រចនាសម្ព័ន្ធ​នៃ​អគារ Mercedes-Benz Autohaus និង​អគារ Diamond Apartment កម្ពស់​ ២១ ​ជាន់​។ គម្រោង​ធំ​បំផុត​របស់​ក្រុមហ៊ុន​គិត​មក​ត្រឹម​ថ្ងៃ​នេះ​គឺ​អគារ​កម្ពស់​ ៩ ​ជាន់​របស់ Novotel Hotel Palace ដែល​មាន​ទំហំ​ ១៦៦00 ម៉ែត្រការ៉េ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ការសាងសង់​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៨ នេះ​។

យោង​តាម​លោក ធារិទ្ធ មូលហេតុ​ចម្បង​នៃ​ភាព​ជោគជ័យ​នេះ​គឺជា​អាទិភាព​របស់​លោក​ចំពោះ​សុវត្ថិភាព​នៃ​អគារ​ដោយ​ផ្តោត​លើ​ការកាត់បន្ថយ​គ្រោះថ្នាក់ ឬ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្តង់ដារ​អឺរ៉ុប​។

លោក ធារិទ្ធ ថ្លែង​ថា៖ «​អ្នកវិនិយោគ និង​វិស្វករ​ជាច្រើន​នៅ​កម្ពុជា​អាច​ផ្តោត​តែ​ទៅលើ​ភាព​ស្រស់ស្អាត​របស់​អគារ ប៉ុន្តែ​គោលការណ៍​របស់​យើង​ស្ថិត​នៅ​លើ​អគារ​សុវត្ថិភាព​ ១00 ​ភាគរយ​។ យើង​នឹង​មិន​លះបង់​សុវត្ថិភាព​ដើម្បី​កត្តា​អ្វី​ផ្សេង​នោះ​ទេ ហើយ​យើង​ប្រយ័ត្ន​មែនទែន​ចំពោះ​មេគុណ​សុវត្ថិភាព​ជា​ឧទាហរណ៍ មាន​មេគុណ​សុវត្ថិភាព​នៃ​ដែកថែប​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​សំណង់​ជាដើម​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក ធារិទ្ធ និយាយ​ថា​លោក​តែងតែ​ធ្វើឱ្យ​ប្រាកដ​ថា​ការ​រចនា​ម៉ូដ​ចេញ​ពី​ក្រុមហ៊ុន​របស់​លោក​ត្រូវ​គ្នា​នឹង​កម្លាំង​ពលកម្ម​ក៏​ដូចជា​លទ្ធភាព​ការងារ​របស់​កម្មករ​នៅ​ការដ្ឋាន​សាងសង់​។

លោក​និយាយ​ថា៖ «​ទាំង​យើង និង អ្នក​វិនិយោគ​មិន​ចង់​ឱ្យ​អគារ​ដួលរលំ​បន្ទាប់ពី​សាងសង់​បាន​ ២-៣ ​ឆ្នាំ ឬ​គ្រោះថ្នាក់​ណា​មួយ​នៅ​កន្លែង​សាងសង់​នោះ​ទេ ហើយ​យើង​ត្រូវការ​សម្ភារ និង​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើតឡើង​។ ដូច្នេះ​ថ្លៃ​សេវា​របស់​យើង​អាច​ខ្ពស់ ប៉ុន្តែ​វិនិយោគិន​នឹង​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន​»៕