ក្រុងបាងកកៈ គណៈរដ្ឋមន្ដ្រី​ថៃ​កាលពី​សប្តាហ៍​មុន​បាន​អនុម័ត​ព្រះរាជក្រឹត្យ​ ១ និង​បទប្បញ្ញត្តិ​ថ្នាក់​ក្រសួង​ចំនួន​ ២ ដើម្បី​អនុញ្ញាត​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​ប្រភេទ​ទទួល​បាន​ការកាត់បន្ថយ​ពន្ធ​ពី ៥០ ទៅ ៩០ ​ភាគរយ ស្ថិតក្រោម​ច្បាប់​ពន្ធ​លើដី​ធ្លី និង​អគារ​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី ១ ខែ​ មករា ឆ្នាំ ២០២០​។ នេះ​បើ​យោង​តាម​កាសែត​បាងកក-ប៉ុស្តិ៍​។

លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ត្រូវបាន​កាសែត​បាងកក​ប៉ុស្តិ៍​ដកស្រង់​សម្ដី​ ខណៈ​ថ្លែងថា ការកាត់បន្ថយពន្ធ​ ៥០ ​ភាគរយ​ នឹង​ត្រូវ​ផ្ដល់​ចំពោះ​ដី និង​អគារ​ជា​មរតក និង​ដី​ដែល​មាន​រោងចក្រ​អគិ្គសនី​នៅក្នុង​នោះ​។ ការកាត់បន្ថយ​នេះ​ក៏​អនុវត្ត​ផងដែរ​ចំពោះ​ដី និង​អគារ​ដែល​ជាប់ទាក់ទង​នឹង​ការផលិត​អគ្គិសនី​។

ម្ចាស់ដី និង​អគារ​ជា​កេរមរតក​ត្រូវ​តែ​ដាក់ឈ្មោះ​ផ្ទាល់ខ្លួន​នៅលើ​ឯកសារ​ចុះបញ្ជី​លំនៅឋាន និង​បាន​ចុះបញ្ជី​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ការជួញដូរ​ស្របច្បាប់​មុន​ថ្ងៃទី​ ១៣ ខែ​មីនា ឆ្នាំ​ ២០១៩​។

ការកាត់បន្ថយ​ពន្ធ ៩០ ភាគរយ ​នឹងត្រូវ​បានផ្ដល់​ចំពោះ​ដី ឬ​អគារ​ដែល​រង់ចាំ​លក់​ជា​កម្មសិទ្ធិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកទេស ធនាគារ​ប្រជាជន ឬ​ធនាគារ​សហគមន៍ ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម ព្រម​ទាំង​ដី ឬ​អគារ​កំពុង​សាងសង់​សម្រាប់​លំនៅឋាន រោងចក្រ​ឧស្សាហកម្ម ខុនដូ អចលនទ្រព្យ​ឧស្សាហកម្ម គ្រឹះស្ថាន​អប់រំ​ឯកជន និង​ការប្រើប្រាស់​ជា​លក្ខណៈ​សាកលវិទ្យាល័យ​។

ការកាត់បន្ថយ​ដ៏ច្រើន​នេះ​ក៏​ត្រូវ​បាន​ផ្ដល់​ផងដែរ​ចំពោះ​ដី ឬ​អគារ​បាន​ប្រើប្រាស់​សម្រាប់​សេវាសាធារណៈ​ដូចជា កន្លែង​កីឡា សួនសត្វ និង​សួន​កម្សាន្ត​។

លោកស្រី Narumon បាន​ឲ្យ​ដឹងថា ការកាត់បន្ថយ​ពន្ធ ៩០ ភាគរយ​ សម្រាប់​ដី ឬ​អគារ​ដែល​រង់ចាំ​លក់​ជា​កម្មសិទ្ធិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកទេស ធនាគារ​ប្រជាជន ឬ​ធនាគារ​សហគមន៍ ឬ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​នឹង​ត្រូវ​បាន​ផ្ដល់​ក្នុង​រយៈពេល​សរុប ៥ ឆ្នាំ​ ដែល​ចាប់ផ្ដើម​ពី​កាលបរិច្ឆេទ​ដែល​ទ្រព្យសកម្ម​បែប​នោះ​ត្រូវ​បាន​ចុះបញ្ជី និង​មិន​លើស​ពី​ ៣ ​ឆ្នាំ​ សម្រាប់​គោលបំណង​លំនៅឋាន និង​ឧស្សាហកម្ម ដែល​ចាប់ផ្ដើម​ពី​កាលពី​បរិច្ឆេទ​ដែល​គម្រោង​នេះ​ទទួល​ការទូទាត់​ការបែងចែក​ដី​។

ការកាត់បន្ថយ​មិន​លើសពី ៣ ​ឆ្នាំ ​នឹង​ត្រូវ​បានផ្ដល់​ដល់​ខុនដូ​ដែល​ចាប់ផ្ដើម​ពី​កាលបរិច្ឆេទ​ដែល​គម្រោង​ទទួល​ការអនុញ្ញាត​សាងសង់ ខណៈ​រយៈពេល​ដូចគ្នានេះ​ត្រូវ​បាន​ផ្ដល់​ដល់​អចលនទ្រព្យ​ឧស្សាហកម្ម​ដែល​ចាប់ផ្ដើម​ពី​កាលបរិច្ឆេទ​ដែល​គម្រោង​ទទួល​ការអនុញ្ញាត​ឲ្យ​បង្កើតឡើង​។

លោកស្រី Narumon បាន​ឲ្យ​ដឹងថា ការកាត់បន្ថយ​ពន្ធ​លើ​ដីធ្លី​នេះ​ចាំបាច់​ត្រូវ​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​របស់​សាធារណជន​។ លោកស្រី​បន្តថា អង្គភាព​រដ្ឋបាល​មូលដ្ឋាន​ដែល​ប្រមូល​ពន្ធ​នឹង​ត្រូវ​រង​ការខាតបង់​ប្រាក់ចំណូល​ពន្ធ​ប្រហែល ២,៧ ពាន់​លាន​បាត (៨៩ លាន​ដុល្លារ​)​។

រដ្ឋាភិបាល​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ប្រមូល​បាន​ចំនួន ៣៩,៤ ពាន់​លាន​បាត (១,៣ ពាន់​លាន​ដុល្លារ​) ពី​ការប្រមូល​ពន្ធ​ដី និង​អគារ​ក្នុង​ឆ្នាំ ២០២០៕ LA