
រាជរដ្ឋាភិបាលមានបំណងបង្កើតការិយាល័យច្រកចេញចូលតែមួយឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលសម្រាប់ប្រជាជននៅតាមមូលដ្ឋាន ។ រូបថត ហ៊ឹន ពិសី
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗដើម្បីងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ និងជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃមានផែនការបង្កើតក្រុងនៅតាមស្រុកនីមួយៗដែលការបង្កើតនេះ គឺមានផលប្រយោជន៍ច្រើនណាស់ដូចជា ងាយស្រួលក្នុងការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ងាយស្រួលផ្តល់សេវាសាធារណៈផ្សេងៗ ពិសេសមានភាពងាយស្រួលដល់វិស័យឧស្សាហកម្ម និងសិប្បកម្មនៅតាមតំបន់តែម្តង។
លោកមានប្រសាសន៍ថា៖ «ការបង្កើតឲ្យមានសេវារបៀបនេះនឹងអាចផ្តល់ភាពជោគជ័យកាន់តែច្រើនដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មព្រមទាំងអាចជួយដល់កម្មករដែលរស់នៅក្នុងមូលដ្ឋានឲ្យមានការងារធ្វើនៅជិតផ្ទះសំបែង ពិសេសវាជាផ្នែកមួយដែលនឹងចូលរួមជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមករស់នៅទីក្រុងផងដែរ»។
លោក ស ខេង បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាលបង្កើតក្រុងបន្ថែមកាន់តែច្រើនយើងនឹងជំរុញការផ្តល់សេវាសាធារណៈកាន់តែខិតជិត និងទីកន្លែងណាដែលអាចបង្កើតច្រកចេញចូលតែមួយបាន គឺយើងត្រូវតែអនុវត្ត ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវាពួកគេមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការដើរស្វែងរកកន្លែងផ្តល់សេវានោះទេ ដែលនេះនឹងជំរុញដល់ការអភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល។
លោកបន្តថា៖ «ជាគោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែអនុវត្តឲ្យបានគ្រប់ទីកន្លែង ជាពិសេសការបន្តពង្រីកច្រកចេញចូលតែមួយឲ្យបានដល់ឃុំសង្កាត់បន្ថែមទៀត ក្នុងនោះនៅតាមបណ្តាស្រុកនីមួយៗដែលមានទីប្រជុំជន ក៏គ្រោងប្រែក្លាយទីប្រជុំជនក្នុងស្រុកនោះទៅជាសង្កាត់ផងដែរ ព្រោះទីប្រជុំជនស្រុកក៏ជាកូនទីក្រុងមួយក្នុងការចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល»។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានថ្លែងស្រដៀងគ្នាថា រដ្ឋាភិបាលនឹងបង្កើតក្រុងនៅតាមបណ្តាស្រុកនីមួយៗ ដើម្បីពង្រីកមូលដ្ឋាននៃការអភិវឌ្ឍ និងការវិនិយោគសាធារណៈ ពិសេសធ្វើឲ្យទីប្រជុំជននីមួយៗកាន់តែមានការរីកចម្រើន។
លោកបន្តថា៖ «គេសង្កេតឃើញនៅតាមទីប្រជុំជនមួយចំនួនកំពុងមានការរីកចម្រើនលឿននាពេលនេះហើយជីវភាព និងសេដ្ឋកិច្ចមូលដ្ឋានក៏មានភាពប្រសើរដែរ»។
អភិបាលស្រុកពារាំងនៃខេត្តព្រៃវែង លោក ហ៊ី ធួក បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានបំណងបែបនេះ និងបង្កើតឲ្យមានច្រកចេញចូលតែមួយ ដើម្បីបង្កើនការផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ហើយការងារទាំងនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់សម្រាប់ថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ។
លោកបន្តថា៖ «ការពង្រឹងការងារ និងផ្តល់សេវានៅថ្នាក់មូលដ្ឋានមានសារៈសំខាន់ណាស់ ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍនៅតាមមូលដ្ឋាន»។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាននិយាយថា ប្រសិនបើបង្កើតក្រុងថ្មីៗដើម្បីតែបង្ខិតសេវាទៅដល់ប្រជាពលរដ្ឋមិនមានផលប្រយោជន៍ច្រើននោះទេ ប៉ុន្តែបើរដ្ឋាភិបាលបង្កើតឡើងដើម្បីជំរុញការវិនិយោគពិតជាល្អប្រសើរណាស់ ព្រោះវានឹងជំរុញឲ្យមានការវិនិយោគដែលអាចបង្កើតការងារ និងកាត់បន្ថយការធ្វើចំណាកស្រុក។ លោកបន្តថា ប្រសិនបើបង្កើតឲ្យមានអាជីវកម្ម ឬសហគ្រាសមួយនៅក្នុងចន្លោះឃុំពី ៣-៤ វានឹងស្រូបយកបាននូវកម្លាំងពលកម្មច្រើន។
លោកបានអះអាងថា៖ «ការបង្កើតក្រុងនៅតាមមូលដ្ឋាននឹងជំរុញឲ្យរដ្ឋាភិបាលវិនិយោគកាន់តែច្រើននៅតាមមូលដ្ឋានវាជារឿងអបអរមែនទែនប្រសិនបើរាជរដ្ឋាភិបាលធ្វើបែបនេះ»៕