ភ្នំពេញៈ លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៦៨០ ​ខ្នង​ក្នុងចំណោម​លំនៅឋាន​សរុប ២ ៤៥៧ ​ខ្នង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន WorldBridge Homes Co.,Ltd ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ត្រូវ​បាន​ប្រគល់ជូន​អតិថិជន​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​តាម​ផែនការ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ ២០២១ ខាងមុខ​។

គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​អំឡុង​ដើមឆ្នាំ​ ២០១៧ លើ​ផ្ទៃដី ២៣ ​ហិកតា​ក្រោម​ទុនវិនិយោគ​ប្រមាណ ៧៣ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន WorldBridge Homes Co.,Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Worldbridge Group​។ លំនៅឋាន​នៅក្នុង​គម្រោង​នេះ​មាន​តម្លៃ​ចាប់ពី ២៥ ០០០ ​ដុល្លារ​ដល់​ ៣០ ០០០ ​ដុល្លារ​។

ពិធី​ប្រគល់​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​មាន​ការចូលរួម​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ព្រម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នោះ​ទទួលបាន​នូវ​ការសាទរ​យ៉ាងច្រើន​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ការប្រគល់​លំនៅឋាន​តម្លៃ​សមរម្យ​អនុវត្ត​នេះ​គឺ​តាម​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន និង​គោលនយោបាយ​ស្តីពី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​ផ្តល់​ឱកាស​ជូន​ប្រជាជន​ទូទាំង​ប្រទេស​មាន​លំនៅឋាន​សមរម្យ​អាច​រស់នៅ​បាន​ប្រកប​ដោយ​ផាសុកភាព សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​ជាពិសេស​ប្រជាពលរដ្ឋ ដែល​មាន​ប្រាក់ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ​។

អ្នកស្រី កែវ ធឿន ដែល​ទើប​ទទួល​លំនៅឋាន​តម្លៃ​សមរម្យ ១ ​ខ្នង​ពី​ក្រុមហ៊ុន WorldBridge Homes Co.,Ltd បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា ក្រុមគ្រួសារ​អ្នកស្រី​បាន​ចូល​លុយ​គ្នា​ទិញ​ផ្ទះ​បង់​រំលស់​ក្នុង​គម្រោង​នេះ​ជាង ២ ​ឆ្នាំ​មកហើយ​ដោយ​ក្នុង​ ១ ​ខែ​ត្រូវ​បង់ប្រាក់ ២៨១ ​ដុល្លារ ខណៈ​បច្ចុប្បន្ន​អ្នកស្រី និង​ក្រុមគ្រួសារ​កំពុង​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង​តម្លៃ​ ១៥០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

ជា​អតីត​យោធា​ក្នុង​ខេត្ត​ពោធិសាតិ៍​ដែល​ត្រូវគេ​កាត់​រំសាយ​នាពេល​កន្លងមក អ្នកស្រី កែវ ធឿន បាន​បន្តថា​បើទោះ​ជា​ក្រុមគ្រួសារ​មិនមាន​ប្រាក់ចំណូល​ច្រើន តែ​អ្នកស្រី​ពិតជា​ចង់​មានផ្ទះ​ផ្ទាល់ខ្លួន និង​អាច​បើក​លក់​អ្វី​បន្តិចបន្តួច​នៅផ្ទះ​។ អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួនឯង ខណៈ​ការបង់ប្រាក់​ក៏​មិន​លំបាក​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​នោះទេ​»​។

លោក ជា សុផារ៉ា ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដល់​ម្ចាស់​លំនៅឋាន​តម្លៃ​សមរម្យ​។ សហការី

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ និង​ជា​ប្រធាន​ក្រុមហ៊ុន SAM SN Realty បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លំនៅឋាន​តម្លៃ​សមរម្យ​កំពុងមាន​តម្រូវការ​យ៉ាងច្រើន​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ដែល​ជា​កន្លែង​មាន​មនុស្ស​ជាច្រើន ពិសេស​ក្រុមកម្មករ​កំពុង​រស់នៅ​។ លោក​បន្តថា ប្រសិនបើ​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​កើតឡើង​នៅ​គ្រប់​ទិសនា​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នោះ គឺជា​ការប្រសើរ​ណាស់ ព្រោះ​វា​នឹង​បង្កើន​លទ្ធភាព​កាន់តែ​ច្រើន​ដល់​អ្នក​ដែល​មាន​ចំណូល​តិច និង​មធ្យម អាច​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​រស់នៅ​។

លោក​ថ្លែងថា​៖ «​អ្នកធ្វើ​ចំណាកស្រុក​មក​ធ្វើ​ការងារ និង​សិក្សា​នៅ​ភ្នំពេញ​មាន​ចំនួន​ច្រើន ហេតុនេះ​តម្រូវការ​លំនៅឋាន​តម្លៃ​សមរម្យ​ក៏​មាន​ចំនួន​ច្រើន​ទៅតាម​នោះ​ដែរ​»​។

ទោះយ៉ាងណា​លោក សុខនឿន បាន​អះអាង​ថា សម្រាប់​តម្លៃ​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​កំពុង​ដាក់លក់​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​នាពេលនេះ វា​ហាក់​ខ្ពស់​លើសពី​សមត្ថភាព​របស់​ប្រជាជនមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ដែល​ចំណូល​របស់​ពួកគាត់​ត្រូវ​បែងចែក​សម្រាប់​ការចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ និង​វត្ថុ​ប្រើប្រាស់​មួយចំនួន​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា​ប្រសិន​បើ​ក្រុមហ៊ុន​វិនិយោគ​អាច​សង់​លំនៅឋាន​តម្លៃ​សមរម្យ​ដែលមាន​តម្លៃ​ចន្លោះ​ពី ១៥ ០០០-២០ ០០០ ​ដុល្លារ​បាន​នោះ​នឹង​មាន​តម្រូវការ​ច្រើន​ខ្លាំងណាស់ ព្រោះ​តម្លៃ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ចំណូល​មធ្យម​លៃលក​ប្រាក់​មួយចំនួន​សម្រាប់​បង់​រំលស់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បាន​»​។

បើ​តាម​លោក សុខនឿន ដើម្បី​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​កាន់តែច្រើន​គឺ​ត្រូវមាន​ការចូល​រួមសហការ​ឲ្យ​បាន​កាន់តែខ្លាំង​បន្ថែម​ទៀត​រវាង​ក្រុមហ៊ុន​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ដោយ​ក្នុងករណី​ចាំបាច់​រដ្ឋ​អាច​ប្រើប្រាស់​ដី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​យក​ទៅ​វិនិយោគ និង​លក់​ក្នុង​តម្លៃ​ថោក​ជាង​ពេលនេះ​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ​នៅ​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន​ ៥ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៨ ៣៣១ ​ខ្នង​ផ្ទះ និង​ចំនួន ៧ ២៥៦ ​យូនីត​៕LA