ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​រំពឹងថា ការដាក់ចេញ​គោលនយោបាយ​មិន​យកពន្ធ​ប្រថាប់ត្រា​រយៈពេល​ ១ ​ឆ្នាំ​ចំពោះ​ការទិញ-លក់​ផ្ទះ​ និង​ខុនដូ​តម្លៃ​ក្រោម ៧ ​ម៉ឺន​ដុល្លារ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រជាជន​ដែលមាន​ចំណូល​ទាប​ និង​មធ្យម ក្រុមហ៊ុន​អភិវឌ្ឍន៍​ និង​អ្នកពាក់ព័ន្ធ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​។

ការរំពឹង​ដូច្នេះ​កើតមានឡើង​បន្ទាប់ពី​កាលពី​ថ្ងៃ​ពុធ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៥៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​បន្ថែមថា ការទិញ​លក់​ខុនដូ​ក៏​រាប់បញ្ចូល​ទៅក្នុង​វិធានការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​នេះ​ផងដែរ បន្ទាប់ពី​កាលពី​ថ្ងៃ​ចន្ទ​លោក​បាន​ប្រកាស​ពី ការលើកលែង​ពន្ធ​ប្រភេទ​នេះ​សម្រាប់​ការទិញ​លំនៅឋាន​ក្រោម​តម្លៃ​នេះ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​នេះ​ដល់​ខែមករា ឆ្នាំ​ ២០២១​។

លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​លំនៅឋាន​នៅទីនេះ [​ក្នុង​វិធាន​ការមិន​យកពន្ធ​ប្រថាប់ត្រា​] ក៏​និយាយ​ដល់​ខុនដូ​ដែរ ព្រោះ​ខុនដូ​ ១ ​កន្លែងៗ​គេ​ទិញ​ ១ ​យូនីត​ដែល​ជួនកាល​មាន​តម្លៃ​តែ ៥ ឬ ៦ ម៉ឺន​ដុល្លារ អ៊ីចឹង​ក៏ត្រូវ​មិន​ជាប់ពន្ធ​ដែរ​សម្រាប់​ខុនដូ​»​។

លោក​បន្ថែមថា វិធានការ​នេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ខិតខំ​អភិវឌ្ឍ​លំនៅឋាន​ថ្មីៗ​បន្ថែម ចំណែក​អ្នក​ដែលមាន​ប្រាក់​ល្មមៗ ក៏​អាច​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការទិញ​លំនៅឋាន​ក្នុង​កម្រិត​តម្លៃ​នេះដែរ​។ លោក​បន្តថា វិធានការ​នេះ​ក៏​នឹង​ចូលរួម​ចំណែក​ដល់​ការជំរុញ​ឲ្យ​ប្រជាជន​រស់នៅក្នុង​ក្រុងភ្នំពេញ​ទិញ​លំនៅឋាន​ប្រភេទ​ខុនដូ​តម្លៃ​សមរម្យ​រស់នៅ​ផងដែរ​។

គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅពេល​នេះ​ត្រូវបាន​ដាក់ចេញ​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ទទួលផល​ប៉ះពាល់​ពី​ផល​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់​ដែល​ផ្តើមចេញពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា និង​ស្រប​ពេលដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ ​ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​។

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co., Ltd ដែល​អភិវឌ្ឍ​ខុនដូ​មានតម្លៃ​សមរម្យ Arakawa Residence ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការប្រកាស​មិនយក​ពន្ធ​ប្រថាប់ត្រា​រយៈពេល​ ១ ​ឆ្នាំ​លើ​ផ្ទះ និង​ខុនដូ​នាពេល​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ទាំង​សម្រាប់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម​ និង​ទាប ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

លោក​ថ្លែងថា​៖ «​វិធានការ​នេះ​នឹង​បើកឱកាស​ឲ្យ​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការទិញ​លំនៅឋាន​ផ្ទាល់ខ្លួន ព្រោះ​គេ​មិនចាំបាច់​បង់ពន្ធ​ប្រថាប់ត្រា ដែល​ស្មើ​ ៤ ​ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ​សរុប​ទៀតឡើយ​»​។

លោក​បន្តថា វិធានការ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ចម្បង​ចំនួន​ ៣ ដែល​រួមមាន​ការជួយ​សម្រួល​បន្ទុក​ដល់​អ្នកទិញ ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​លើ​ការបង់ពន្ធ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នឹង​ងាយស្រួល​លក់ ចំណែក​ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកលក់​គ្រឿងសំណង់​ក៏មាន​សកម្មភាព​ច្រើនជាង​មុន​ដែរ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ​បាន​និយាយថា ខណៈ​ដែល​តម្រូវការ​លំនៅឋាន​ក្រោម​តម្លៃ​នេះ​កំពុងមាន​កំណើន​ខ្ពស់​នោះ ការសម្រេច​មិន​យកពន្ធ​ប្រថាប់ត្រា​រយៈពេល ១ ​ឆ្នាំនេះ​គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​ប្រជាជន​ខ្មែរ​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​កាន់តែច្រើន​។ លោក​ថា ការមិន​យកពន្ធ​នេះ​អាច​ឲ្យ​អ្នកទិញ-លក់​ចំណេញ​ប្រាក់​រហូត​ដល់​ជិត ៣ ០០០ ​ដុល្លារ​។

លោក​ថ្លែងថា​៖ «​បើទោះបី​ការផ្តល់​នេះ​មាន​រយៈពេល​ត្រឹម​ ១ ​ឆ្នាំ ប៉ុន្តែ​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើឲ្យ​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​តម្លៃ​ក្រោម ៧​ ម៉ឺន ទទួល​បាន​ភាពជោគជ័យ​ឆាប់រហ័ស​លើ​ការលក់ ព្រោះ​អ្នកទិញ​នឹងមិន​ត្រូវ​ចំណាយ​ខ្ពស់​ដូចពេលមុន​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ឲ្យ​ដឹងថា ក្នុងនាម​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា លោក​ពិតជា​​រីករាយ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ប្រជាជន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការមិនចាំបាច់​បង់ពន្ធ​ប្រថាប់ត្រា​ប៉ុណ្ណោះ​ទេ តែ​រដ្ឋ​ក៏​អាច​ជំរុញ​ឲ្យ​ប្រជាជន​មក​ចុះបញ្ជី​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ​។

លោក​ថា​៖ «​វា​ល្អ​សម្រាប់​អ្នក​ពាក់ព័ន្ធ​គ្រប់ផ្នែក​ទាំង​អ្នកទិញ ក្រុមហ៊ុន​សាងសង់ និង​សកម្មភាព​របស់​ភ្នាក់ងារ​អចលនទ្រព្យ​ផងដែរ​»៕ LA