ភ្នំពេញៈ បើទោះបីជាទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៨ នេះបានធ្លាក់ចុះជិត ២០ ភាគរយ ធៀបនឹងឆ្នាំមុនក៏ដោយ ក៏អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់ថា វិស័យនេះនឹងបន្តកំណើនដែលនឹងជំរុញដោយលំហូរវិនិយោគិន និង ជនជាតិចិន។

បន្ទាប់ពីជាប់គាំងមួយរយៈកាលពីឆ្នាំ ២០០៨ ដោយសារឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុសកល វិស័យអចលនទ្រព្យនៅកម្ពុជា បានបង្ហាញនូវសញ្ញាវិជ្ជមានជាបន្តបន្ទាប់មករហូតដល់ពេលនេះ ដែលភាគច្រើនត្រូវបានជំរុញដោយការមកដល់នៃវិនិយោគិន និងជនជាតិចិន។

លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បាននិយាយថា បច្ចុប្បន្នកម្ពុជាកំពុងឆ្លងកាត់របត់ថ្មីមួយ គឺការមកដល់យ៉ាងច្រើននៃចំនួនជនជាតិចិន ដែលនេះជាកម្លាំងជំរុញថ្មីមួយទៀតធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានកំណើនស្ទើរគ្រប់ទីកន្លែង។

បច្ចុប្បន្នកំណើនខ្ពស់កំពុងកើតមានក្នុងខេត្តព្រះសីហនុ តែវានឹងជះឥទ្ធិពលជាបន្តបន្ទាប់ទៅខេត្តជាប់មាត់សមុទ្រផ្សេងទៀត ពិសេសខេត្តកំពត ដែលជាតំបន់មានសក្តានុពលស្ទើរគ្រប់វិស័យ។ លោកបន្តថា៖ «កំណើនជនជាតិចិន នឹងធ្វើឲ្យតម្លៃអចលនទ្រព្យកម្ពុជាកាន់តែមានកំណើនបន្ថែមទៀត សម្រាប់រយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខ»។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្សព្វផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង ដែលមានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបទៅឆ្នាំ ២០១៧ ដែលមានចំនួន ៦ ៤២៨ លានដុល្លារ។ របាយការណ៍បង្ហាញថាចំនួនគម្រោងវិនិយោគដែលបានអនុម័តកាលពីឆ្នាំ ២០១៧ មាន ៣ ០៥២ គម្រោង។

លោក នួន រិទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals បានឲ្យដឹងថា នៅឆ្នាំ ២០១៩ ខាងមុខវិស័យអចលនទ្រព្យកម្ពុជា នឹងបន្តរក្សាភាពល្អប្រសើរជាបន្តទៀតដោយផ្អែកលើកត្តាមួយចំនួនដូចជា កំណើនសេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរ និងវិនិយោគិនចិន។ លោកថ្លែងថា៖ «គោលនយោបាយដែលមានភាពទាក់ទាញ និងកំណើនសេដ្ឋកិច្ច នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យកាន់តែមានសញ្ញាវិជ្ជមានបន្ថែមទៀត»។

លោកបន្តថា វិស័យនេះអាចនឹងមានកំណើនចន្លោះពី ១៥ ទៅ ២០ ភាគរយ ដែលមាននៅទីក្រុងភ្នំពេញ និងបណ្តាខេត្តជាប់សមុទ្រ។

ទន្ទឹមនឹងក្តីរំពឹងថា តម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០១៨ នឹងមានកំណើនច្រើននេះ នាយកក្រុមហ៊ុន ឃី រៀលអេស្ទេត ហាក់មិនសូវមានក្តីរំពឹងខ្ពស់ដូចអ្នកជំនាញខាងលើនោះទេ។

ទោះបីយ៉ាងនេះក្តី លោក សន សៀប នាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេត បានព្យាករថា ឆ្នាំ ២០១៩ តម្លៃអចលនទ្រព្យនៅភ្នំពេញ និងខេត្តសៀមរាប នឹងមានកំណើនចន្លោះពី ៥ ទៅ ១០ ភាគរយប៉ុណ្ណោះ។

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia ដែលមានបទពិសោធច្រើនទាក់ទងនឹងសេវាភ្នាក់ងារជួល និងគ្រប់គ្រងអគារការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏សម្តែងសុទិដ្ឋិនិយមចំពោះទីផ្សារនេះផងដែរ។

លោកស្រីថ្លែងថា៖ «ការកើនឡើងក្រុមហ៊ុនថ្មីៗ និងកំណើនផ្គត់ផ្គង់ចូលតិចតួច នឹងធ្វើឲ្យតម្លៃកើនឡើងតិចតួច។ ជារួមទីផ្សារនេះនឹងនៅតែល្អប្រសើរ»៕ LA