ភ្នំពេញៈ ​វិស័យ​អចលនទ្រព្យ​​របស់​កម្ពុជា​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ ​បន្ទាប់​ពី​មាន​ការ​បាក់​រលំ​អគារ​កម្ពស់ ​៧ ​ជាន់ ​​ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​ក្រុង​ព្រះសីហនុ ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​មក​។

ភ្លាមៗ​​រដ្ឋាភិបាល​​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ ​ដើម្ប​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នានា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​កំពុង​គ្រប​ដណ្តប់​វិនិយោគិន​ចិន​មួយ​នេះ​។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​​រំពឹង​ថា គណៈកម្មការ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​​គុណភាព​នៃ​ការ​សាងសង់ ​និង​ការ​អនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​កំណើន​នៃ​វិស័យ​ដ៏មាន​សក្តានុពល​សេដ្ឋកិច្ច​នេះ។​

រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី ​២៣ ខែ ​មិថុនា ​បាន​ចេញ​សេចក្តី​សម្រេច ​១ ស្តីពី ​«​ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ» ​ដែល​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ បទដ្ឋាន​គតិយុត្ត ​ស្តង់ដារ​សំណង់ ​ស្តង់ដារ​សុវត្ថិភាព ​និង​គុណភាព​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

គណៈកម្មការ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ត្រួត​ពិនិត្យ​លក្ខណ​សម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅ​សាងសង់​នៅ​តាម​ការដ្ឋាន​​សំណង់​ ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ ដែល​បាន​សាងសង់​រួច និង​កំពុង​​ធ្វើ​អាជីវកម្ម​ផង​ដែរ។

លោក ​សុខ ​គីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ ​និង​ព្រៃ​ឈី​កម្ពុជា ​កាល​ពី​ម្សិលមិញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​លោក​សាទរ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ព្រោះ​បច្ចុប្បន្ន​ នៅ​ទីនោះ​មាន​ការ​ដ្ឋាន​សាងសង់​ច្រើន​ណាស់។

លោក​បន្ត​ថា ជា​មួយ​នឹង​បទ​ពិសោធ​ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​តាម​រាជធានី​ ខេត្ត​-​ក្រុង​ ទាំង​អស់​​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​នេះ​ផង​​ដែរ។ លោក​ថ្លែង​ថា៖ «​​ខ្ញុំ​គិត​ថា វា​មិន​ត្រឹមតែ​ជួយ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​​គុណភាព​សំណង់ និង​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្តល់​នូវ​​ផល​ប្រយោជន៍​ច្រើន​សម្រាប់​កម្មករ​​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​ទៀត​ផង​»។​

ទោះបី​យ៉ាង​នេះ​ក្តី​ សុខ​ គីន​ ហាក់​មិន​​មាន​សុទិដ្ឋិនិយម​ច្រើន​ចំពោះ​ប្រសិទ្ធភាព​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​​នេះ​ទេ​។ លោក​ថ្លែង​​ថា​​៖ «​ដើម្បី​ឲ្យ​គណៈកម្មការ​នេះ​អាច​ដំណើរ​ទៅ​មុខ​បាន​ល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ការ​មាន​សមាសភាព​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ​និង​សហជីព​ នឹង​កាន់​តែ​ប្រសើរ​។ ត្រង់​ចំណុច​នេះ​​អាច​និយាយ​ថា អាជ្ញាធរ​ជា​អ្នក​មាន​ជំនាញ​បច្ចេកទេស និង​ដឹង​​ពី​កិច្ច​ការ​ផ្លូវ​ច្បាប់ ​ខណៈ​វិស័យ​ឯកជន និង​សង្គម​​ស៊ីវិល​មាន​ការ​យល់​ដឹង​ច្រើន​ពី​ស្ថានភាព​របស់​កម្មករ​សំណង់​»។​

លោក ​ជីវ ​ស៊ីវផេង​ ប្រធាន​​​គ្រប់គ្រង​ទូទៅ​​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​សំណង់​សាងសង់​រួច និង​កំពុង​សាងសង់​ខ្លះ​មិន​​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ​​​ទេ​។ លោក​ថ្លែង​ថា៖ ​«ក្នុង​នាម​វិស័យ​ឯកជន​ ខ្ញុំ​មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​មិន​បណ្តោយ​ឲ្យ​មាន​ករណី​សាងសង់​ដែល​មិន​មាន​ច្បាប់​ត្រឹមត្រូវ​កើត​មាន​ទៀត​ទេ​»។

វិស័យ​សំណង់​នៅ​កម្ពុជា​ មាន​សម្ទុះ​កើន​ឡើង​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ បាន​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​ ៤ ​ខែ ​ឆ្នាំ ​២០១៩​ ទុន​វិនិយោគ​​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ ២ ៧៤២ ​លាន​ដុល្លារ​ ​កើន​ឡើង​ចំនួន​ ៦៧,៣៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨​។

សម្រាប់​ខេត្ត​​ព្រះសីហនុ​ ទុន​វិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល​ ៥ ​ខែ ​ឆ្នាំ ​២០១៩​ នេះ​មាន​តម្លៃ​រហូត​​ដល់​ ៥៨២ ​​លាន​ដុល្លារ​ ក្នុង​នោះ​គម្រោង​អនុម័ត​ដោយ​អាជ្ញាធរ​​​ថ្នាក់​ជាតិ ​មាន​ចំនួន ​៥៩ ​គម្រោង​ ​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ​ មាន​ ២២ ​គម្រោង​ និង​​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រុង​ ស្រុក​ មាន ​១០៥ ​គម្រោង។

លោក​ នួន​ រិទ្ធី​ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ​Khmer Foundation Appraisals បាន​ឲ្យ​ដឹង​ថា ​ការ​រីក​ចម្រើន​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ល្បឿន​លឿន ​ដែល​អាច​ធ្វើ​ឲ្យ​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​ និង​អ្នក​ពាក់ព័ន្ធ​មិន​គ្រប់ជ្រុង​ជ្រោយ​ ហើយ​ការ​ពង្រឹង​លើ​ការ​ត្រួត​ពិនិត្យ​គុណភាព​​សំណង់​ជា​រឿង​ចាំបាច់​។ ​

លោក​បាន​ថ្លែង​ថា៖ ​«ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​នេះ​ អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ដាស់តឿន​ដល់​អាជ្ញាធរ​មូលដ្ឋាន​កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​​តទៅ​ទៀត»៕ LA​