
ទិដ្ឋភាពកម្មករកំពុងរៀបចំខ្លោងទ្វារដើម្បីត្រៀមបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។ សំ រិទ្ធ
កំពង់ឆ្នាំងៈ ការប្រកាសអំពីគម្រោងសាងសង់ផ្លូវ និងស្ពានឆ្លងទន្លេសាប ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ត្រូវបានគេមើលឃើញថា នឹងជួយជំរុញកំណើនវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ឆ្នាំង ដែលទីនោះនឹងប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ។ នេះបើយោងតាមអ្នកនៅក្នុងវិស័យអចលនទ្រព្យ។
លោក នួន រិទ្ធី នាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal Co., Ltd បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា មានមនុស្សមួយចំនួនបានមើលរំលងពីសក្តានុពលភូមិសាស្រ្តរបស់ខេត្តកំពង់ឆ្នាំង ខណៈទីនោះជាកន្លែងដ៏ល្អសម្រាប់ការវិនិយោគលើគ្រប់វិស័យ ព្រោះមានទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។
លោកបានលើកឡើងថា ការប្រកាសពីគម្រោងភ្ជាប់ផ្លូវថ្មីនេះនឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅខេត្តកំពង់ឆ្នាំងមានសម្ទុះឡើងបន្ថែមទៀត ដោយនឹងមានលំហូរប្រជាជនចូលទៅរស់នៅ និងធ្វើដំណើរឆ្លងកាត់កាន់តែច្រើន។ លោកថ្លែងថា៖ «លំហូរប្រជាជន នឹងធ្វើឲ្យមានកំណើនដង់ស៊ីតេ ហើយនៅពេលមានកំណើនដង់ស៊ីតេ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងដែរ»។
តាមលោក នួន រិទ្ធី បច្ចុប្បន្នដីតំបន់ពាណិជ្ជកម្មនៅក្នុងក្រុងកំពង់ឆ្នាំងមានតម្លៃជាមធ្យមពី ៥០០ ទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីលំនៅឋានក្នុងក្រុង មានចន្លោះពី ១០០ ទៅ ២០០ ដុល្លារ។ ដីសម្រាប់សង់រោងចក្រ មានតម្លៃចន្លោះពី ១៥ ទៅ ២០ ដុល្លារ ដីកសិកម្ម មានតម្លៃជាមធ្យមពី ២ ទៅ ៥ ដុល្លារ និងដីចម្ការធំៗដែលនៅឆ្ងាយៗអាចនៅចន្លោះ ០,២ ទៅ ០,៥ ដុល្លារ(២ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុង ១ ហិកតា)។
ផ្ទះនៅទីតាំងល្អបំផុត អាចមានតម្លៃចន្លោះពី ២០ ទៅ ៣០ម៉ឺនដុល្លារក្នុង ១ ល្វែង។ បច្ចុប្បន្ននៅក្នុងក្រុងកំពង់ឆ្នាំង ក៏មានគម្រោងសាងសង់បុរីមួយចំនួនផងដែរ។
លោកបន្តថា តម្លៃនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានកន្លែងខ្លះកើនឡើងរហូតដល់ ៥០ ភាគរយ និងកន្លែងឆ្ងាយៗអាចកើនឡើងក្នុងរង្វង់ ១៥ ភាគរយ។
លោកប្រាប់ទៀតថា៖ «កំពង់ឆ្នាំងអាចនិយាយថា ជាកន្លែងដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្ម»។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ ខែ មីនា បាននិយាយថា ការសាងសង់ផ្លូវភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ដោយលោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណារំកិលគម្រោងនេះឲ្យមកនៅមុខគេ ខណៈក្នុងផែនការ ៥ ឆ្នាំរបស់ក្រសួងនាពេលនេះគឺមិនទាន់មានគម្រោងនេះទេ។
លោកថ្លែងថា៖ «ការសិក្សាពីគម្រោងសាងសង់ផ្លូវនេះបានបញ្ចប់ ១០០ ភាគរយហើយ ដោយយើងនឹងឈានទៅរកការចរចាតម្លៃព្រមទាំងយកគម្រោងនេះដាក់ទៅក្នុងកម្មវិធីរំកិល ៥ ឆ្នាំទៅភាគីមិត្តចិន ដើម្បីស្នើសុំថវិកាប្រាក់កម្ចីសម្បទានមកសាងសង់»។
គម្រោងសាងសង់ផ្លូវថ្មីដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំនេះមានប្រវែងសរុប ៥៧ គីឡូម៉ែត្រ។ បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវនេះអាចនឹងត្រូវចំណាយថវិកាប្រមាណ ២០០ លានដុល្លារ ជាកម្ចីសម្បទានពីចិន។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើឲ្យផ្នែកឯកជនយកគំនិតនេះទៅពិចារណាដើម្បីរៀបចំតំបន់នោះឲ្យក្លាយជាកន្លែងបម្រើសេវា Logistic របស់តំបន់មហាអនុតំបន់ទន្លេមេគង្គតែម្តង»៕ LA