ក្រុងហាណូយៈ វៀតណាមនឹងក្លាយជាទិសដៅដ៏គួរឲ្យទាក់ទាញមួយសម្រាប់ការវិនិយោគ និងអាជីវកម្មអចលនទ្រព្យ ដោយសារតែតម្រូវការខ្ពស់ខាងផ្នែកលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម ផ្សារទំនើប និងអចលនទ្រព្យទេសចរណ៍។
ក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិឆ្នាំ ២០១៨ (IREC) ដែលធ្វើឡើងនៅទីក្រុង ហាណូយ កាលពីដើមខែនេះ លោក Pham Hong Ha រដ្ឋមន្ដ្រីក្រសួងសំណង់ឲ្យដឹងថា កំណើនថ្មីៗនៃទីផ្សារអចលនទ្រព្យបានរួមចំណែកដល់ការអភិវឌ្ឍយ៉ាងរហ័ស និងប្រកបដោយស្ថិរភាពរបស់ប្រទេស វៀតណាម។
លោកថ្លែងថា៖ «វាចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំរបស់វិស័យហិរញ្ញវត្ថុ មូលបត្រ ការងារ និងទីផ្សារសេវា និងឧស្សាហកម្មដែលជាប់ទាក់ទងជាច្រើនទៀត ដូចជាសម្ភារសំណង់ និងការសាងសង់ផងដែរ»។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមវាយតម្លៃយ៉ាងខ្ពស់ ចំពោះតួនាទីដ៏សកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេសក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ។
លោកបន្ថែមថា៖ «អចលនទ្រព្យស្ថិតនៅលើកំពូលគេក្នុងវិស័យពាណិជ្ជកម្ម ទាក់ទងនឹងប្រាក់ចំណូលនៅវៀតណាម។ ឧស្សាហកម្មអចលនទ្រព្យរបស់វៀតណាម គឺជាបណ្ដាញការវិនិយោគដ៏គួរឲ្យទាក់ទាញ ដោយសារមានលទ្ធភាពផ្តល់ប្រាក់ចំណេញខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោក Nguyen Van Sinh អនុរដ្ឋមន្ដ្រីក្រសួងសំណង់ឲ្យដឹងថា ទោះទីផ្សារអចលនទ្រព្យ ក្នុងស្រុកនៅមានភាពក្មេងខ្ចី នៅឡើយក្តី ក៏ទីផ្សារនេះបានកត់ត្រាការអភិវឌ្ឍវិជ្ជមានជាច្រើន ដោយផ្ដល់ការកែលម្អដល់ទីក្រុង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកថ្លែងបន្តថា ក្នុងវិស័យលំនៅឋាន លំនៅឋានមានទំហំជាង ៧០ លានម៉ែត្រការ៉េ ត្រូវបានអភិវឌ្ឍជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៩ មក។
លោកបន្ថែមថា នៅពេលនេះ វៀតណាម មានលំនៅឋានប្រហែល ២,១ ពាន់លានម៉ែត្រការ៉េ ដោយផ្ទៃក្រឡាម៉ែត្រការ៉េក្នុងមនុស្សម្នាក់បានកើនឡើងពី ៩,៧ ម៉ែត្រការ៉េកាលពីឆ្នាំ ១៩៩៩ ដល់ ២៣,៧ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៨។
ក្រុមអ្នកជំនាញបានឲ្យដឹងថា កំណើនទេសចរណ៍ដ៏រឹងមាំរបស់ប្រទេសនេះត្រូវបានរំពឹងថានឹងជាកត្តាដ៏សំខាន់ក្នុងការជំរុញទីផ្សារអចលនទ្រព្យផ្នែករមណីយដ្ឋានរបស់ប្រទេសនេះ និងទាក់ទាញចំណាប់អារម្មណ៍ពីក្រុមវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស។
កាលពីឆ្នាំមុន ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ១០ ដែលមានអត្រាកំណើនទេសចរខ្ពស់បំផុតនៅលើពិភពលោក ពោលគឺមានអត្រាកំណើន ៣០ ភាគរយ ដែលធ្វើឲ្យទេសចរណ៍ក្លាយជាវិស័យដ៏សំខាន់មួយក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ខ្លួន។
ចំនួនភ្ញៀវទេសចរក្នុងស្រុកបានកើនពី ៧២ លាននាក់កាលពីឆ្នាំ ២០១៦ ដល់ ៨៦ លាននាក់កាលពីឆ្នាំ ២០១៧ ហើយមានការរំពឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាប្រទេស វៀតណាម នឹងកើនឡើង ដែលបង្កើតលក្ខខណ្ឌល្អសម្រាប់អចលនទ្រព្យរមណីយដ្ឋានតម្លៃខ្ពស់។
លោក Tran Dao Duc អគ្គនាយករងក្រុមហ៊ុន CEO Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយក្នុងចំណោមក្រុមហ៊ុនល្បីឈ្មោះធំទាំង ១០ នៅប្រទេស វៀតណាម ឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍វៀតណាមនៅតែមានឱកាសសម្រាប់ការអភិវឌ្ឍ បន្ថែមទៀត។
លោកបានមានប្រសាសន៍ថា៖ «វៀតណាមមានភាពទាក់ទាញចំពោះក្រុមវិនិយោគិនអចលនទ្រព្យ ដោយសារតែស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ ព្រមទាំងប្រជាជនវ័យក្មេងដែលមានតម្រូវការអចលនទ្រព្យខ្ពស់»៕ ANN/LA