ក្រុងប៉េកាំងៈ អគារខ្ពស់មួយនៅទីក្រុងប៉េកាំងដែលត្រូវបានរឹបអូសពីមហាសេដ្ឋីជនជាតិចិនដែលរត់គេចខ្លួនត្រូវបានលក់ក្នុងការដេញថ្លៃតាមអនឡាញមួយកាលពីថ្ងៃអង្គារក្នុងតម្លៃ ៥,១៨ ពាន់លានយន់ (៧៣៤ លានដុល្លារអាមេរិក) ដែលជាការវិវឌ្ឍចុងក្រោយបំផុតនៅក្នុងរឿងរ៉ាវដ៏វែង និងចាប់អារម្មណ៍ខ្លាំងដែលកើតមានតាំងពីមុនការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០០៨ ។
អគារ Pangu Plaza ដែលមានកម្ពស់ ៤០ ជាន់ដ៏អស្ចារ្យដែលគ្របដណ្ដប់លើផ្ទៃដីនៅជាប់ពហុកីឡដា្ឋនសម្បុកចាប (Bird''s Nest Olympic) ដែលជាផ្នែកដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅក្នុងទីក្រុងប៉េកាំងបានដាក់លក់ក្នុងរយៈពេល ២៤ ម៉ោងនៅលើគេហទំព័រដេញថ្លៃរបស់ក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេ Alibaba របស់ប្រទេសចិន។
អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ១៤-៥ ០០០នាក់បានតាមដានការដេញថ្លៃនេះ ប៉ុន្តែមានតែការដេញថ្លៃ ២ ប៉ុណ្ណោះត្រូវបានទទួលយកដោយអ្នកទទួលបានជោគជ័យបានទទួលយកអចលនទ្រព្យនេះក្នុងតម្លៃខ្ពស់ជាងតម្លៃចាប់ផ្តើមដេញថ្លៃតិចតួចប៉ុណ្ណោះ។
អ្នកទិញអគារនេះគឺជាក្រុមហ៊ុន YuCheng Zhiye ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងគ្រប់គ្រងអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ នេះបើយោងតាមគេហទំព័រដេញថ្លៃ។
អគារដែលមានរូបរាងដូចសត្វនាគទំនើបនិយមមួយនេះត្រូវបានដាក់លក់ដោយម្ចាស់បំណុល បន្ទាប់ពីត្រូវបានរឹងអូសពីលោក Guo Wengui ជាមហាសេដ្ឋីដែលបាននិរទេសខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទពុករលួយកាលពីឆ្នាំ ២០១៤។
បច្ចុប្បន្នរស់នៅក្នុងទីក្រុងញូវយ៉កលោកបានក្លាយជាអ្នករិះគន់ខ្លាំងៗនៃរបបកុម្មុយនីស្ដរបស់ប្រទេសចិន និងលោកប្រធានាធិបតី ស៊ី ជីនភីង ដោយលោកចោទប្រកាន់លោក ស៊ី ពីបទប្រើប្រាស់យុទ្ធនាការប្រឆាំងអំពើពុករលួយ ដើម្បីបង្ក្រាបដៃគូប្រឆាំងនយោបាយ។
លោក Guo ដំបូងឡើយបានទិញដីមួយកន្លែងដើម្បីសាងសង់អគារ Pangu Plaza កាលពីឆ្នាំ ២០០២ ប៉ុន្តែអាជ្ញាធរក្រុងទីក្រុងប៉េកាំងបានរឹបអូសអគារនេះនៅ ៥ ឆ្នាំក្រោយមកដោយលើកឡើងពីភាពមិនប្រក្រតី។
លោកទទួលបានមកវិញនូវការគ្រប់គ្រងអចលនទ្រព្យនេះ បន្ទាប់ពីមានការលេចធ្លាយវីដេអូផ្លូវភេទដែលបង្ហាញរូបលោក Liu Zhihua អភិបាលរងទីក្រុងប៉េកាំងដែលទទួលខុសត្រូវក្នុងការបែងចែកដីជុំវិញទីតាំងដែលត្រូវសាងសង់ពហុកីឡដ្ឋានសម្បុកចាប។
លោក Liu ក្រោយមកត្រូវបានគេរកឃើញកំហុសអំពើពុករលួយដ៏ធំ និងបានផ្ដល់ការកាត់ទោសប្រហារជីវិតដោយព្យួរទោស។
អគារ Pangu Plaza មានអគារការិយាល័យចំនួន ៤ ដែលបង្កើតបានជាដងខ្លួនសត្វនាគ និងមានរចនាសម្ព័ន្ធទី ៥ ខ្ពស់ដែលមានរូបរាងប្លែក ដែលបង្កើតបានជាក្បាលរបស់នាគ។
អគារនេះបានបានបង្ហាញរយៈពេលខ្លីនៅក្នុងខ្សែភាពយន្តឆ្នាំ ២០១៤ រឿង «Transformers: Age of Extinction»។
នៅក្នុងវីដេអូមួយដែលផ្សាយនៅលើទំព័រ Twitter កាលពីខែមុនលោក Guo បានឲ្យដឹងថា តម្លៃចាប់ផ្តើមសម្រាប់ការដេញថ្លៃរបស់អគារនេះមានតម្លៃទាបជាងតម្លៃពិតរបស់អគារ៕ LA