ក្រុងប៉េកាំងៈ ក្រុម​វិនិយោគិន​ជនជាតិ​ចិន​ដែល​មាន​ទ្រព្យ​ច្រើន​កំពុង​នាំគ្នា​ស្វែងរក​អចលនទ្រព្យ​ប្រណីតៗ​ជា​កន្លែង​លាក់ខ្លួន​ដ៏ល្អ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច ដែល​បណ្តាល​មកពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

នៅក្នុង​ប្រទេស​ចិន​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​កំពុង​ស្វែងរក ទិញ​លំនៅឋាន​ដែលមាន​តម្លៃ​ខ្ពស់ ដើម្បី​ការពារ​ទ្រព្យ​របស់​ពួកគេ​ប្រឆាំង​នឹង​អតិផរណា និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​យន់​។ ការប្រញាប់​ប្រញាល់​នៅក្នុង​ការបន្ថែម​អចលនទ្រព្យ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការកើនឡើង​តម្លៃ​លំនៅឋាន​ផងដែរ​។

លោកស្រី Monika Tu ស្ថាបនិក Black Diamondz ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​អូស្ដ្រាលី​ដែល​ផ្តល់​សេវា​ផ្គត់ផ្គង់​អចលនទ្រព្យ​ប្រណីតៗ​ដល់​អ្នកទិញ​ជនជាតិ​ចិន​បាន​ថ្លែងថា​៖ «​វា​កើនឡើង​ច្រើន​មែន​»​។

ចាប់តាំងពី​ខែ​មីនា​លោកស្រី Tu បាន​លក់​អចលនទ្រព្យ​សំខាន់​មានតម្លៃ ៨៥ ​លាន​ដុល្លារ​អូស្ត្រាលី (៧៩,៣ ​លាន​ដុល្លារ​អាមេរិក​) ដោយ​ប្រហែល​ពាក់កណ្ដាល​លក់​ឲ្យ​អតិថិជន​ចិន​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី នៅពេល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​កូវីដ​១៩​។

បើ​តាម​លោកស្រី Tu តម្លៃ​បាន​កើនឡើង ២៥ ​ភាគរយ​បើ​ធៀប​នឹង​ដើម​ឆ្នាំ​នេះ​។

ការបន្ធូរបន្ថយ​ជា​បណ្ដើរៗ​នៃ​ការ​រឹតបន្តឹង​ដោយសារ​ជំងឺ​កូវីដ​ ១៩ កំពុង​ផ្តល់​ភាពងាយស្រួល​ដល់​ជនជាតិ​ចិន​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​ការមើល​អចលនទ្រព្យ និង​បញ្ចប់​ការទិញ​នៅ​ជិត​ទីកន្លែង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​អាស៊ី ដូចជា ក្រុង​ស៊ាងហៃ ក្រុង​សេអ៊ូល និង ក្រុង​ស៊ីដនី​ជាដើម​។

លោក Clarence Foo ទីភ្នាក់ងារ​អចលនទ្រព្យ​នៅ​ផ្នែក ERA របស់​ក្រុមហ៊ុន Apac Realty Ltd បាន​ថ្លែងថា សូម្បីតែ​ក្នុងប្រទេស​សិង្ហបុរី​ដែល​ការបិទ​ការធ្វើ​ចរាចរណ៍​មួយផ្នែក​នៅ​ជា​ធរមាន សកម្មភាព​ទិញ លក់​អចលនទ្រព្យ​កំពុង​កើនឡើង​តាមរយៈ​កម្មវិធី​អនឡាញ​។

មាន​អតិថិជន​ជនជាតិ​ចិន​ចំនួន​ ៣ ​រូប​បាន​ទិញ​អាផាតមិន​ ៦ មានតម្លៃ​សរុប ២០ ​លាន​ដុល្លារ​ នៅ​ក្រុមហ៊ុន​អចលនទ្រព្យ Marina One Re-sidences នៅ​ខែ​នេះ​ដោយ​មិន​មាន​ដំណើរ​ទេសចរណ៍​ដោយផ្ទាល់​នោះទេ​។

លោកស្រី Christine Sun ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន OrangeTee & Tie ក្នុងប្រទេស​សិង្ហបុរី​ថ្លែង​ថា​៖ «​អ្នកទិញ​មួយចំនួន​ចង់​បង្វែរ​មូលនិធិ​របស់​ពួកគេ​ទៅ​បណ្ដា​ប្រទេស​ផ្សេងទៀត ខណៈ​តម្លៃ​ប្រាក់​យន់​អាច​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការចុះ​ខ្សោយ​សេដ្ឋកិច្ច​របស់​ពួកគេ​»៕ LA