ក្រុងបាងកកៈ អតិថិជន​ជា​ជនជាតិ​ចិន​កំពុង​គ្របដណ្ដប់​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដោយ​គ្មាន​ការ​ព្យាករ​ណា​មួយ​ថា​នឹង​ធ្លាក់​ចុះ​នោះ​ទេ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​របស់​លោក Prasert Taed-ullayasatit ប្រធានកិត្តិយស​របស់​សមាគម​ខុនដូ​ថៃ ខណៈ​លោក​ថ្លែង​ថា អ្នក​ទិញ​ជា​ជនជាតិ​ចិន​ក្នុង​ចំនួន​ដ៏ច្រើន​បាន​ចូល​ក្នុង​ទីផ្សារ​ខុនដូ​របស់​ទីក្រុង​បាងកក​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​កន្លង​មក ហើយ​និន្នាការ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​បន្ត​កើត​មាន​។

លោក​ថ្លែង​ថា​៖ «​ជនជាតិ​ចិន​បាន​ទិញ [​យូនីត​ខុនដូ​] ជា​សាច់​ប្រាក់សុទ្ធ​»​។ លោក​បន្ត​ថា​៖ «​គម្រោង​ខុនដូ​មួយ​នៅ​ជិត​ស្ថានីយ​ដឹកជញ្ជូន​សាធារណៈ​មួយ ដែល​ការសាងសង់​ត្រូវ​បាន​បញ្ចប់​កាលពី​ឆ្នាំ​មុន​បាន​មើល​ឃើញ​ការផ្ទេរ​កម្មសិទ្ធិ​ច្រើន​ក្នុង​ចំណោម​អ្នកទិញ​ជនជាតិ​ចិន ទោះ​ជា​ពួកគេ​ចំណាយ​ប្រាក់​ពី ១០ ទៅ ២០ ​ភាគរយ​ខ្ពស់​ជាង​អ្នក​ទិញ​ជា​ជនជាតិ​ថៃ​ក៏ដោយ​»​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា​កាលពី​ឆ្នាំ​មុន​ការ​ផ្ទេរ​កម្មសិទ្ធិ​ខុនដូ​ទៅ​ឲ្យ​​អ្នកទិញ​ជនបរទេស​មាន​តម្លៃ​សរុប ៧១ ពាន់​លាន​បាត​ (២,១៣ ពាន់​លាន​ដុល្លារ​) ដែល​ស្មើ​នឹង ២៧ ភាគរយ​នៃ​ការលក់​ខុនដូ​សរុប​នៅក្នុង​ទីក្រុង​បាងកក​។

ក្នុង​ចំនួន​នោះ ១ ភាគ ៣ ឬ​ស្មើ​នឹង ២៣,៦ ពាន់​លាន​បាត​គឺ​បាន​មកពី​អ្នក​ទិញ​នៅ​ប្រទេស​ចិន​ដីគោក និង​ទីក្រុង​ហុងកុង ដែល​កើនឡើង​ពី​ប្រហែល ១៣ ពាន់​លាន​បាត​កាលពី​ឆ្នាំ​ ២០១៦​។

លោក Prasert អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Pruksa Real Estate ទទួល​បន្ទុក​ពាណិជ្ជកម្ម​តម្លៃ​ខ្ពស់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ទីផ្សារ​ខុនដូ​ថា​៖ «​បញ្ហា​ដែល​អាច​កើតឡើង​ជាមួយ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ខុនដូរ​បស់​ជនជាតិ​ចិន​គឺ​ថា​ម្ចាស់​ជា​ជនជាតិ​ចិន​ភាគច្រើន​អាច​មិន​ស្នាក់​ក្នុង​យូនីត​នេះ​ដោយ​ខ្លួនឯង​បាន​ទេ ប៉ុន្តែ​ជំនួស​មក​វិញ​ដាក់​ជួល​ឲ្យ​ទីភ្នាក់ងារ​ទេសចរណ៍ ឬ​ដាក់​ជួល​ឲ្យ​គេហទំព័រ​ជួល​លំនៅឋាន Airbnb»​។

លោក​ថ្លែង​ថា​ការវិនិយោគ​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ថៃ​តាមរយៈ​ការវិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ថៃ​នៅ​ឆ្នាំ​នេះ​មាន​ល្បឿន​លឿន​ជាង​ក្រុម​វិនិយោគិន​បរទេស​ផ្សេង​ទៀត​រួម​ទាំង​វិនិយោគិន​ជប៉ុន​ដែល​សកម្ម​បំផុត​ក្នុង​អំឡុង ៣ ​ឆ្នាំ​មុន​។

លោក Prasert បញ្ជាក់​ថា​ក្រុមហ៊ុន​សរុប ១៩ មកពី​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង​ជាមួយ​នឹង​ការវិនិយោគ​សរុប​ចំនួន ៣៣៤ ​ពាន់​លាន​បាត (១០ ពាន់​លាន​ដុល្លារ​) បាន​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ថៃ​។ ក្រុមហ៊ុន​ជប៉ុន​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ២ ដោយ​មាន​ការវិនិយោគ​សរុប​ចំនួន ២៥៣ ពាន់​លាន​បាត បន្ទាប់​មក​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី​មាន​ចំនួន ៣១​ ​ពាន់​លាន​បាត​។

លោក Phattarachai Taweewong អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រឹក្សា​យោបល់​អចលនទ្រព្យ​ប្រចាំ​នាយកដ្ឋាន​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Colliers International Thailand ថ្លែង​ថា ទីផ្សារ​ខុនដូ​នៅ​ក្រុង​បាងកក​នឹង​បន្ត​មាន​ស្ថានភាព​ល្អ​ប្រសើរ​នៅ​ឆ្នាំ​នេះ​។

ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ទីក្រុង​បាងកក​ក្នុង​ឆ្នាំ​ ២០១៨ នឹង​ជិត​ដល់​កម្រិត​នៅ​ឆ្នាំ ២០១៧ ក្នុង​ចំនួន​ប្រហែល ៥៥ ០០០ យូនីត​៕ LA