L’Otel at Doce-18 Concept House មិន​ត្រឹម​តែ​ជា​សណ្ឋាគារ​បែប​ប្រពៃណី​នោះ​ទេ តែ​ប្រសិន​បើ​ភ្ញៀវ​បាន​ឡើង​ទៅ​ជាន់​ទី​ ២ គេ​នឹង​ឃើញ​មាន​បរិវេណ​ផ្នែក​ខាង​ក្នុង​ដ៏ធំ​ដែល​រួមមាន​ភោជនីយដ្ឋាន​ព្រម​ទាំង​ហាង​លក់​ទំនិញ​មួយ​ចំនួន​។

បើក​ដំណើរការ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦ ទីតាំង​ដែល​ជា​អតីត​រោងចក្រ​ផលិត​ដែក​ហៅថា Casa Cohen នេះ​អាច​និយាយ​ថា គឺជា​កន្លែង​មាន​បរិយាកាស​ពិសេស​ប្លែក​ដោយ​រាប់​ទាំង​ឥដ្ឋការ៉ូ​ក្រឡាៗ និង​មាន​ជញ្ជាំង​រូប​ផ្កា ព្រម​ទាំង​បវិវេណ​ដ៏ធំ​ដែល​រួមមាន​កន្លែង​អង្គុយ​លម្ហែ និង​អាង​ហែល​ទឹក​ព្រម​ទាំង​មាន​បន្ទប់​អង្គុយ​រង់ចាំ​ជាមួយ​នឹង​ព្យ៉ាណូ​ធំ​មួយ និង​បណ្ណាល័យ​ដែល​មាន​សុទ្ធតែ​សៀវភៅ​ដូចជា​ «Imperfect Utopia» របស់​សិល្បករ Carlos Betancourt​។

កាលពី​ខែ​កុម្ភៈ​សណ្ឋាគារ​នេះ​បាន​ចាប់ផ្តើម​ផ្តល់​សេវាស្ប៉ា​ក្នុង​បន្ទប់​ផ្ទាល់ ហើយ​គ្រោង​នឹង​បើក​កន្លែង​ស្ប៉ា​ដាច់​ដោយ​ឡែក និង​ភោជនីយដ្ឋាន​លើ​ដំបូល​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។

ស្ថិត​នៅ​ចំ​កណ្តាល​តំបន់ San Miguel de Allende ដែល​ជា​ទីក្រុង​ក្នុង​សម័យ​អាណានិគម និង​បាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ ជា​បេតិកភណ្ឌ​ពិភពលោក​ទី​នោះ​គេ​អាច​ធ្វើ​ដំណើរ​ប្រហែល​​ ១ ​ម៉ោង​ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Guanajuato international Airport​។ សណ្ឋាគារ​នេះ​ស្ថិត​នៅ​ជិត EL Jardín ផ្លាហ្សា និង​កន្លែង​តាំង​រូបភាព​សិល្បៈ និង​ភោជនីយដ្ឋាន​ផង​ដែរ​។

នៅពេល​ដែល​យើង​ចូល​ទៅ​ក្នុង​បន្ទប់​គ្រែ​ ២ ​ដ៏ប្រណីត​នៅពេល​យប់​យើង​នឹង​ទទួល​នូវ​អារម្មណ៍​កក់ក្តៅ​មួយ​រំពេច ព្រោះ​ទី​នោះ​មាន​កន្លែង​កម្តៅ​ដែល​ស្ថិត​នៅ​ពី​ក្រោម​ទូរទស្សន៍ Sony អេក្រង់​ស្តើង​ដ៏ទំនើប​នៅ​ផ្នែក​ចុង​ជើង និង​គ្រែ​ដ៏ស្អាត​ចំនួន​ ២​។ មាន​រូបភាព​សិល្បៈ​ដ៏​ស្រស់ស្អាត​ដែល​ពិពណ៌នា​អំពី​វាល​ខ្សាច់​ម៉ិកស៊ិកកូ ថត​ដោយ​លោក Edgardo Trujillo ជាដើម​។

លើស​ពី​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ទីធ្លា​ឯកជន​របស់​សណ្ឋាគារ​នេះ​ក៏​ត្រូវ​បាន​តុបតែង​ដោយ​មើល​ទៅ​ហាក់បី​ដូចជា​បន្ទប់​ទទួលភ្ញៀវ​ស្រដៀង​នឹង​ឈុត «A Midsummer Night’s Dream» របស់ Shakespear ដែរ​។

បច្ចុប្បន្ន​ទី​នោះ​អាច​និយាយ​ថា​ជា​កន្លែង​មួយ​ដែល​មាន​ការ​រចនា​ប្រកប​ដោយ​សិល្បៈ និង​ជា​កន្លែង​មាន​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​អតិថិជន និង​ផាសុកភាព​ដែល ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត​មិន​ចាំបាច់​សួរ​រក​អ្វី​ឡើយ​៕

Sara Lieberman / The New York Times