ក្រុងបាងកកៈ អត្រាតការវាយតម្លៃដីជាមធ្យមដែលនឹងចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខចាប់ផ្ដើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នឹងកើនឡើង ៨ ភាគរយទូទាំងប្រទេសធៀបនឹងអត្រាតម្លៃបច្ចុប្បន្ន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
អ្នកស្រី Wilawan Veerakun អគ្គនាយិការងនាយកដ្ឋានរតនាគាររបស់ប្រទេសថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា អត្រាការវាយតម្លៃដីប្រហែល ៧០ ភាគរយនៃដីសរុបត្រូវបានរក្សាទុកនៅដដែលពីតម្លៃលើកមុន ខណៈដែល ២៩ ភាគរយនៃដីសរុបកើនឡើង ហើយ ១ ភាគរយធ្លាក់ចុះ។
អ្នកស្រី Wilawan បានឲ្យដឹងថា អត្រាតម្លៃនៃការវាយតម្លៃដីនៅខេត្តកំផែងពេជ្រ កើនឡើងខ្លាំង ២០០ ភាគរយធៀបនឹងអត្រាតម្លៃបច្ចុប្បន្ន។ ប៉ុន្តែអត្រាតម្លៃថ្មីនេះមានភាពស្របគ្នាទៅនឹងអត្រាតម្លៃនៅបណ្ដាខេត្តផ្សេងទៀត ហើយអត្រាតម្លៃវាយតម្លៃដីសម្រាប់ខេត្តកំផែងពេជ្រ មិនត្រូវបានកែតម្រូវនោះទេសម្រាប់ ២ លើកចុងក្រោយនេះ។
វិធីសាស្ត្រវាយតម្លៃដីថ្មីនេះនឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ការបង់ពន្ធលើដី និងអគារនៅពេលខាងមុខដែលជំនួសពន្ធលំនៅឋាន និងដី និងពន្ធអភិវឌ្ឍន៍ក្នុងស្រុកដែលទទួលរងការរិះគន់ដោយសារតែហួសសម័យ។
អ្នកស្រី Wilawan បានឲ្យដឹងថា អត្រាតម្លៃវាយតម្លៃដីនៅតំបន់រាជដាំរី និងតំបន់ឈីដលុម ដែលជាទីតាំងរបស់ផ្សារទំនើប Siam Paragon ជាមធ្យមមានកម្រិតខ្ពស់បំផុត ដោយមានតម្លៃចន្លោះពី ៩ សែន ទៅ ១ លានបាតក្នុង ៤ ម៉ែត្រការ៉េ ស្ថិតក្រោមអត្រាតម្លៃដែលធ្វើបច្ចុប្បន្នភាពថ្មីនេះ។
អ្នកស្រីបានឲ្យដឹងថា សម្រាប់ដីនៅតាមបណ្ដោយខ្សែរថភ្លើងអគ្គិសនី តម្លៃជាមធ្យមបានកើនឡើងពី ៨ ទៅ ១០ ភាគរយ។
អត្រាតម្លៃនៃការវាយតម្លៃដីថ្មីនេះនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត នឹងមិនកើនឡើងខ្លាំងនោះទេដើម្បីចៀសវាងការកេងចំណេញតម្លៃ ដោយសារតែគម្រោងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន មិនត្រូវបានបញ្ចប់នៅឡើយ។ នេះបើយោងតាមអ្នកស្រី Wilawan ។
ទោះបីជាតម្លៃវាយតម្លៃដីរបស់នាយកដ្ឋានរតនាគារជាធម្មតាមានរយៈពេល ៤ ឆ្នាំម្តងក៏ដោយ ក៏នាយកដ្ឋាននេះមានសិទ្ធិក្នុងការផ្លាស់ប្តូរតម្លៃ បើតម្លៃទីផ្សារកើនឡើងខ្លាំង។
នៅក្នុងការវិវឌ្ឍមួយផ្សេងទៀតអ្នកស្រី Wilawan បានឲ្យដឹងថា នាយកដ្ឋានលោកស្រីមានផែនការជំរុញវិស័យឯកជនឲ្យអភិវឌ្ឍដីរដ្ឋ ដោយមានទំហំវិនិយោគប្រមាណចំនួន ៧២ ពាន់លានបាត (ប្រហែល ២,៣៣ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំក្រោយ។
ក្នុងចំណោមទឹកប្រាក់ ៧២ ពាន់លានបាតនេះ ៣៨ ពាន់លាននឹងបានមកពីការវិនិយោគរួម ស្ថិតក្រោមផែនការភាពជាដៃគូសាធារណៈ និងឯកជន ៣០ ពាន់លាននឹងចូលរួមដោយក្រុមហ៊ុនធំៗ ហើយទឹកប្រាក់នៅសល់នឹងត្រូវវិនិយោគដោយក្រុមហ៊ុនម៉ៅការខ្នាតតូច។
នាយកដ្ឋានរតនាគារកំពុងស្វែងរកការវិនិយោគលើគម្រោងធំៗមួយចំនួនដែលរួមទាំងការសាងសង់សណ្ឋាគារតូចៗនៅមាត់ទន្លេខាងកើតនៃទន្លេចៅព្រះយ៉ាដែលមានតម្លៃ ១,៦ ពាន់លានបាត ការពង្រីកមជ្ឈមណ្ឌលសន្និបាតជាតិព្រះមហាក្សត្រី ស៊ីរីគីត ដែលមានតម្លៃ ៦ ពាន់លានបាត និងការអភិវឌ្ឍគម្រោងម៉រឈីតមានតម្លៃ ២៦ ពាន់លានបាត។
អ្នកស្រី Wilawan ឲ្យដឹងថា នាយកដ្ឋានប្រមូលបាន ៩,២ ពាន់លានបាត (ប្រហែល ២៩៨ លានដុល្លារ) នៅក្នុងអំឡុងរយៈពេល ១០ ខែគិតត្រឹមខែកក្កដាឆ្នាំនេះ៕ LA