ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជានឹងស្ទុះងើបឡើងវិញក្នុងល្បឿនយ៉ាងរហ័សក្នុងឆ្នាំ ២០២១ បន្ទាប់ពីការទទួលបានកំណើនទាបនៅឆ្នាំ 2020 នេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩ទូទាំងពិភពលោក។ នេះបើយោងតាមលោក Richard W. Davidson ដែលទើបនឹងត្រូវតែងតាំងថ្មីជាប្រធានរបស់ក្រុមហ៊ុន Century 21 Cambodia។
លោក Richard W. Davidson ជាអ្នកដែលមានបទពិសោធជើងចាស់ផ្នែកឧស្សាហកម្មនេះរយៈពេល ៣០ ឆ្នាំដោយលោកបានចំណាយពេលជាង ១០ ឆ្នាំធ្វើការងារជាប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Century21 Real Estate យីហោពាណិជ្ជសញ្ញាពិភពលោកនៅអាមេរិក គ្រប់គ្រងយីហោ Century21 នៅប្រទេស ៨៤ ផ្សេងទៀត។
លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៅកាសែតភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក Richard W. Davidson អំពីយុទ្ធសាស្ដ្ររបស់លោកក្នុងការដឹកនាំក្រុមហ៊ុន Century 21 Cambodia និងទស្សនៈរបស់លោកលើវិស័យអចលនទ្រព្យកម្ពុជា។
តើហេតុអ្វីបានជាលោកសម្រេចចិត្តទទួលយកតួនាទីថ្មីនៅក្នុងប្រទេសកម្ពុជាជំនួសឱ្យប្រទេសផ្សេងទៀត ដែលក្រុមហ៊ុន Century 21 កំពុងប្រតិបត្តិការទៅវិញ?
ខ្ញុំចាប់អារម្មណ៍ ទីក្រុងរបស់ប្រទេសនេះមានកំណើនយ៉ាងរហ័សក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះជាពិសេសទីផ្សារអចលនទ្រព្យជាមួយនឹងការសាងសង់អគារខ្ពស់ៗកប់ពពកជាច្រើន។ ការរីកចម្រើនយ៉ាងរហ័សនៃទីក្រុងរបស់ប្រទេសកម្ពុជាគឺស្រដៀងគ្នានឹងទីក្រុង ញូវយ៉កកាលពី ១៥ ឆ្នាំកន្លងមក។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះសេដ្ឋកិច្ចរបស់កម្ពុជាមានអត្រាកំណើនជាមធ្យមប្រហែល ៧ ភាគរយប្រចាំឆ្នាំដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីកចម្រើនរហ័សបំផុតជាច្រើនលើពិភពលោក។ បរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជាកំពុងទទួលបានទំនុកចិត្តពីក្រុមវិនិយោគិនអន្តរជាតិ ហើយជាលទ្ធផលពួកគេមើលឃើញឱកាសនៅទីនេះ និងសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងរហ័សរបស់ប្រទេសនេះ។
ភរិយារបស់ខ្ញុំ និងរូបខ្ញុំបានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន ហើយខ្ញុំមានឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ដ្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទទួលបានការស្វាគមន៍ដ៏កក់ក្ដៅពីប្រជាជនកម្ពុជា។ ដូច្នេះនៅពេលលោក គុយ វ៉ាត បានស្នើឱ្យខ្ញុំទទួលយកតួនាទីជាប្រធានក្រុមហ៊ុន Century 21 Cambodia ខ្ញុំមានការភ្ញាក់ផ្អើលក្នុងការក្លាយជាផ្នែកមួយក្នុងការបន្តការរីកចម្រើននៃយីហោ និងទីផ្សារអចលនទ្រព្យនៅប្រទេសដែលរីកចម្រើនបែបនោះ។
តើអ្វីជាគោលដៅរបស់លោកសម្រាប់តួនាទីថ្មីនៅក្រុមហ៊ុន Century 21 Cambodia?
ទិសដៅរបស់ខ្ញុំនឹងដឹកនាំឱ្យកាន់តែមានភាពសម្បូរបែបនៃវិស័យនេះ បង្កើនបណ្ដាញពិភពលោករបស់ខ្ញុំ និងជំនាញភាពជាអ្នកដឹកនាំ ដើម្បីជំរុញយុទ្ធសាស្ដ្រច្បាស់លាស់មួយ និងជំរុញស្ថាប័នមួយនេះឆ្ពោះទៅមុខ តាមរយៈយុទ្ធសាស្ដ្រកំណើនបន្ទាប់ ខណៈដែលពង្រឹងជំហររបស់យើងជាស្ថាប័នអចលនទ្រព្យឈានមុខគេរបស់ប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជា ប្រជាជនអាស៊ីអាគ្នេយ៍ និងពិភពលោកអាចជឿជាក់ និងទុកចិត្តបាន។
ជាមួយនឹងបទពិសោធ និងចំណេះធ្វើជាច្រើនឆ្នាំនៅលើឧស្សាហកម្មអចលនទ្រព្យលើពិភពលោក ខ្ញុំជឿជាក់ថា ខ្ញុំអាចនាំយកក្រុមហ៊ុន វិនិយោគិនដែលមានសក្ដានុពលកាន់តែច្រើនចូលមក និងស្វែងរកការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។
តើលោកយល់ថា ចំណេះដឹង និងបទពិសោធកម្រិតពិភពលោករបស់លោកនឹងផ្ដល់អត្ថប្រយោជន៍ដល់វិស័យអចលនទ្រព្យកម្ពុជាដូចម្ដេចដែរ?
វិជ្ជាជីវៈរបស់ក្រុមហ៊ុនជើងសា និងភ្នាក់ងាររបស់ក្រុមហ៊ុន Century 21 Cambodia សម្រេចបានកម្រិតខ្ពស់រួចទៅហើយ។ សេវាកម្មដែលផ្ដល់ដល់អតិថិជនបានកំណត់ស្ដង់ដាដោយឧស្សាហកម្មផ្សេងទៀតត្រូវការដើម្បីជំរុញទៅមុខ។
ការងារដែលបានធ្វើដោយក្រុមហ៊ុន Century 21 Cambodia ដើម្បីផ្ដល់ឱកាស និងលទ្ធភាពដ៏ប្រសើរដល់អតិថិជនអចលនទ្រព្យគឺជានវានុវត្តន៍ និងអាចបន្តក្នុងការជំរុញទីផ្សារឆ្ពោះទៅមុខ។ ខ្ញុំមិនអាចមានមោទនភាពជាងនេះទេ និងដើរតួនាទីក្នុងការបន្តកំណើន និងការអភិវឌ្ឍក្រុមហ៊ុន Century 21 Cambodia ដែលខ្ញុំត្រូវបានតែងតាំងជាប្រធានរបស់ក្រុមហ៊ុននេះ ដែលអាចឱ្យរូបខ្ញុំដើរតួនាទីជាផ្នែកមួយនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុននេះ ខណៈដែលទីផ្សារអចលនទ្រព្យប្រទេសនេះបន្តវិវឌ្ឍន៍ទៅមុខ។
ចំពោះការរីករាលដាលជំងឺកូវីដ-១៩ ប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២០ នេះ តើលោកមានការរំពឹងទុកយ៉ាងណាដែរសម្រាប់ឆ្នាំ ២០២១?
យើងគួរតែដឹងច្បាស់ហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលកំពុងជម្នះក្នុងការទប់ស្កាត់ជំងឺនេះនៅឆ្នាំនេះទេ។ អ្វីដែលខ្ញុំបានដឹងពីសហការីរបស់ខ្ញុំនៅក្រុមហ៊ុន Century 21 Cambodia ការលក់អចលនទ្រព្យមានតម្លៃលើសពី ២ លានដុល្លារ បានធ្លាក់ចុះបន្តិចក្នុងអំឡុងពេលនេះ ដោយសារការរឹតបន្តឹងការធ្វើដំណើរ ការកម្រិតលំហូរចូលអ្នកទិញមានសក្ដានុពលពីបណ្ដាប្រទេសក្រៅដូចជាជប៉ុន ចិន និងអ្នកទិញអន្តរជាតិផ្សេងទៀត។
ប៉ុន្តែប្រតិបត្តិការទិញ-លក់ អចលនទ្រព្យនៅក្រោមតម្លៃ ២ លានដុល្លារ មានដំណើរការជាធម្មតា ដោយសារតែប្រជាជនកម្ពុជាដែលមានអតិរេកសាច់ប្រាក់ និងបន្តការទិញអចលនទ្រព្យសម្រាប់ធនាគារដី។ គម្រោងសាងសង់ដែលអនុម័ត នៅតែកើនឡើងនៅឆ្នាំនេះ ហើយស្ទើរតែគ្រប់គម្រោងសាងសង់ធំៗកំពុងដំណើរការយ៉ាងសកម្ម។
ខ្ញុំគិតថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២១ នៅពេលដែលវ៉ាក់សាំងនឹងរកបាន ហើយរដ្ឋាភិបាលនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិ។ អ្នកគួរតែត្រូវបានជូនដំណឹងថា សូម្បីតែអំឡុងពេលជំងឺកូវីដ ១៩ នេះ ការិយាល័យក្រុមហ៊ុន Century 21 Cambodia របស់យើងនៅតែទទួលបានការសាកសួរជាច្រើនពីអតិថិជនដែលសួររកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ពួកគេមានដើមទុន ហើយពួកគេមើលឃើញប្រទេសកម្ពុជាជាកន្លែងមួយដើម្បីរកប្រាក់ចំណេញពីអាជីវកម្មអចលនទ្រព្យ ហើយត្រៀមជាស្រេចក្នុងការចាក់បញ្ចូលមូលនិធិទៅក្នុងទីផ្សារកម្ពុជា។
តើលោកយល់ឃើញយ៉ាងណាចំពោះវិស័យអចលនទ្រព្យកម្ពុជានៅក្នុងរយៈពេល ៥ ឆ្នាំក្រោយ និងជាច្រើនឆ្នាំទៅមុខទៀត?
ក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត ប្រទេសកម្ពុជានឹងមានការអភិវឌ្ឍកាន់តែខ្លាំង ហើយវិស័យអចលនទ្រព្យនឹងមានកំណើនកាន់តែច្រើន។ នៅទីក្រុងភ្នំពេញ ខណ្ឌបឹងកេងកងនឹងនៅតែជាមណ្ឌលពាណិជ្ជកម្មកណ្ដាលឈានមុខគេ ដោយមានអគារខ្ពស់ៗជាច្រើន។ ជាមួយគ្នានេះដែរ តំបន់ទួលគោកនឹងខិតកាន់តែជិតក្នុងការក្លាយជាមណ្ឌលពាណិជ្ជកម្មកណ្ដាលទី ២ នៅក្នុងទីក្រុងភ្នំពេញ ដោយសារតែខណ្ឌនេះកំពុងអភិវឌ្ឍក្នុងល្បឿនលឿន និងកាន់តែរហ័ស។
នៅពេលនេះខណ្ឌនេះកំពុងផ្លាស់ប្តូរយ៉ាងរហ័សពីតំបន់លំនៅឋានទៅជាតំបន់ពាណិជ្ជកម្ម ដោយមានផ្សារទំនើបកាន់តែច្រើន អាជីវកម្មលក់រាយ និងអគារខ្ពស់ៗជាច្រើន ខណៈដែលដីនៅតំបន់ទួលគោក មានតម្លៃ ១៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ កាលពីឆ្នាំ ២០១៨ តម្លៃបានកើនឡើងដល់ ៣ ៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េនៅពេលបច្ចុប្បន្ន។
ដូច្នេះក្នុងរយៈពេល ៥ ឆ្នាំចាប់ពីពេលនេះ ទីក្រុងភ្នំពេញនឹងអភិវឌ្ឍកាន់តែខ្លាំងនឹងមានអគារខ្ពស់ៗកាន់តែច្រើន ខណៈដែលខេត្តមានសក្ដានុពលជាច្រើននឹងមើលឃើញគម្រោងអភិវឌ្ឍន៍កាន់តែច្រើនដូចជាលំនៅឋានវីឡាសម្រាកលម្ហែកាយ រមណីយដ្ឋាន និងគម្រោងជាច្រើនផ្សេងទៀត។ តម្លៃដីនៅក្នុងខេត្តសំខាន់ៗមួយចំនួននឹងមើលឃើញការកើនឡើងពី ២ ទៅ ៣ ដងនៅពេលនេះក្នុងរយៈពេល ៥ ឆ្នាំក្រោយ៕LA