
ទិដ្ឋភាពនៅខាងមុខសាលាខេត្តត្បូងឃ្មុំ។ រូបថត ហ៊ឹន ពិសី
ជាខេត្តបង្កើតក្រោយគេ ទីក្រុងនៃខេត្តត្បូងឃ្មុំរហូតមកដល់ពេលនេះហាក់នៅមិនទាន់មានក្រុមហ៊ុនធំៗណាមួយចូលទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយទីក្រុងដែលស្ថិតនៅកណ្តាលព្រៃចម្ការម៉ៃសាក់នេះឲ្យសមជាទីក្រុងដែលមានសកម្មភាពពាណិជ្ជកម្មរស់រវើកនៅឡើយទេ។
អ្នកវិនិយោគគម្រោងពុះដីឡូត៍លក់ «ភូមិឋានសុភមង្គល» ដែលមានផ្ទៃដី ២០ ហិកតាលោក វេង ស៊ីគួរ បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យតាមទូរស័ព្ទកាលពីថ្ងៃអង្គារថាលោកមានផែនការចង់សាងសង់លំនៅឋានសម្រាប់លក់នៅក្នុងទីក្រុងថ្មីនេះដែលមានតម្លៃចន្លោះពី ៣ ទៅ ៤ ម៉ឺនដុល្លារ តែនៅពេលនេះការសាងសង់មិនទាន់អាចដំណើរការទៅមុខបានទេ ព្រោះប្រជាជនមិនទាន់ចូលទៅរស់នៅក្នុងតំបន់នោះដោយពួកគេកំពុងរង់ចាំមើលពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីសំណាក់អាជ្ញាធរជាមុនសិន។
លោកមានប្រសាសន៍ថា៖ «ក្នុងស្ថានភាពបែបនេះបើរាជរដ្ឋាភិបាលបោះដៃមុនតាមរយៈការបង្កើតផ្សារ និងផ្តល់ឲ្យប្រជាពលរដ្ឋចូលទៅលក់នោះនឹងអាចមានក្រុមហ៊ុនឯកជនចូលទៅវិនិយោគតាមក្រោយជាមិនខាន ព្រោះបើឲ្យក្រុមហ៊ុនឯកជនចូលទៅភ្លាម ពួកគេនឹងមិនហ៊ានចំណាយទុនធំនោះទេ ដោយសារពួកគេខ្លាចខាតបង់»។
លោកបន្តថា៖ «អ្វីសំខាន់នាពេលនេះគឺរដ្ឋាភិបាលត្រូវតែដើរជាមុន ប៉ុន្តែបើទុកស្ថានភាពឲ្យនៅបែបនេះគឺប្រជាជននឹងមិនចូលទៅរស់នៅទីក្រុងថ្មីនេះទេ ព្រោះពួកគេសុទ្ធតែរង់ចាំមើលគ្នាទៅវិញទៅមក»។
លោក ស៊ីគួរ បានប្រាប់ទៀតថាគម្រោងពុះដីឡូត៍លក់របស់លោកមានតម្លៃចន្លោះពី ៤០០០-៩០០០ ដុល្លារក្នុង ១ ឡូត៍ដែលអតិថិជនភាគច្រើនមិនមែនជាអ្នករស់នៅក្នុងខេត្តនេះទេ។ ពួកគេជាអ្នកស្រុករស់នៅតំបន់ជិតៗនោះ ដែលមានបំណងចង់ចូលមករស់នៅក្នុងទីក្រុងថ្មី ត្បូងឃ្មុំ។
ត្បូងឃ្មុំ គឺជាក្រុងគំរូមួយសម្រាប់ប្រទេសកម្ពុជាដែលប្លង់មេរបស់វាត្រូវបានរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទីក្រុងនេះមានការរៀបចំប្លង់គោលបែងចែកតំបន់ពាណិជ្ជកម្មតំបន់លំនៅឋាន និងតំបន់រដ្ឋបាល ពិសេសទីនោះមានការរៀបចំបែងចែកប្រព័ន្ធទឹកភ្លៀង និងទឹកកខ្វក់ដាច់ពីគ្នាទៀតផង។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPL ដែលបានចុះសិក្សាពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះបានថ្លែងថាត្បូងឃ្មុំជាទីក្រុងពិសេសមួយដែលមានការរៀបចំប្លង់គោលបែងចែកច្បាស់លាស់ ដើម្បីធ្វើឲ្យការអភិវឌ្ឍទទួលបានជោគជ័យ និងជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ប៉ុន្តែទោះជាយ៉ាងណាដោយសារវាជាខេត្តថ្មី ទើបរហូតមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនធំៗចូលទៅវិនិយោគសាងសង់ផ្សារ ឬបុរីនៅឡើយទេ។
លោកឧកញ៉ាបានថ្លែងថា៖ «ខ្ញុំគិតថានាពេលអនាគតទីក្រុងនេះនឹងមានការរីកចម្រើនលឿនដែលស័ក្តិសមជាទីក្រុងគំរូមួយនៅកម្ពុជា ព្រោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងអាចនិយាយថាមានភាពល្អប្រសើរ»។
លោកឧកញ៉ាបន្តថាទោះជាយ៉ាងណាបច្ចុប្បន្នយើងឃើញមានសកម្មភាពពុះដីឡូត៍លក់កើតមានច្រើននៅជុំវិញទីក្រុងថ្មីនេះដែលលោកសំណូមពរឲ្យអាជ្ញាធរគួរមានការគ្រប់គ្រងសកម្មភាពពុះដីឡូត៍លក់មានការគ្រប់គ្រង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ទាក់ទងនឹងប្រព័ន្ធផ្លូវ លូ ឬហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដើម្បីកុំឲ្យមានភាពមិនច្បាស់លាស់ និងតំបន់នោះមិនអាចអភិវឌ្ឍបានល្អប្រសើរនាពេលខាងមុខ។
ក្រុមហ៊ុន លី ហួរ គ្រុប ក៏គ្រោងនឹងសាងសង់ផ្សារ និងលំនៅឋាននៅក្នុងទីក្រុងថ្មីនេះផងដែរនាពេលអនាគត។
លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បាននិយាយថាលោកមានគម្រោងវិនិយោគផ្សារ និងលំនៅឋាននៅក្នុងទីក្រុងត្បូងឃ្មុំបន្ទាប់ពីការបោះឆ្នោតរួច ប៉ុន្តែគម្រោងនេះនឹងដំណើរការ ឬអត់ មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះទាមទារការសិក្សាច្បាស់លាស់សិន។
លោកឧកញ៉ាបានថ្លែងថា៖ «ខ្ញុំមានដីសម្រាប់អភិវឌ្ឍន៍គម្រោងនេះរួចហើយ ហេតុនេះការអភិវឌ្ឍនៅពេលណារង់ចាំតែពេលវេលា និងស្ថានភាពទីផ្សារអំណោយផល ឬអត់តែប៉ុណ្ណោះ»។
ក្រុងត្បូងឃ្មុំស្ថិតនៅចំណុចប្រសព្វរវាងស្រុកពញាក្រែក ស្រុកតំបែរ និងក្រុងសួង ខេត្តត្បូងឃ្មុំ។ ខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៦ និងក្រុង ១ ជាចំណុះ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ ១ លាននាក់។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោកបណ្ឌិត បេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអ្នកគូរប្លង់ និងរៀបចំប្លង់គោលសម្រាប់ទីក្រុងនេះបានប្រាប់ថា រាជរដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនចូលទៅវិនិយោគនៅទីក្រុងថ្មីនេះ៕