
សំណង់ថ្មីៗជាច្រើនបានលេចឡើងនៅក្នុងក្រុងសៀមរាប ។ រូបថត មឿន ញាណ
ខណៈខេត្តសៀមរាបមានសក្តានុពលផ្នែកទេសចរណ៍ និងជាប៉ូលទេសចរណ៍ទី ១ នៅកម្ពុជានោះអ្នកវិនិយោគចិនហាក់លឹបលៗ និងមិនទាន់មានការវិនិយោគអ្វីជាដុំកំភួននៅខេត្តសៀមរាបនៅឡើយទេ។
លោក ចៅ សេងថៃ អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនចិនច្រើនបានចូលមកវិនិយោគនៅខេត្តសៀមរាប ក្រៅពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីដែលស្ថិតក្នុងស្រុកសូទ្រនិគមនោះទេ។
លោកបន្តថា សម្រាប់ក្រុមហ៊ុនចិនមួយចំនួនដែលបានចាប់ដៃគូជាមួយអ្នកវិនិយោគក្នុងស្រុកបានទិញដីពុះឡូត៍លក់ ហើយគ្រោងបង្កើត China Town នៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាពេលនេះហាក់មិនមានសកម្មភាពអ្វីធំដំនៅឡើយទេ។
លោកនិយាយថា៖ «ខ្ញុំឮមានគម្រោងវិនិយោគរបស់ចិន ប៉ុន្តែបើតាមការសង្កេតមើលគឺគ្រាន់តែទិញដីទុកចោលមិនមានសកម្មភាពសាងសង់អ្វីនោះទេ»។
អគ្គនាយកក្រុមហ៊ុន Goal Property Service បានលើកឡើងថា បច្ចុប្បន្នតម្លៃដីនៅក្បែរព្រលានយន្តហោះថ្មី និងនៅតំបន់អង្គរឃ្យុងយូតាមផ្លូវធំៗមានតម្លៃរហូតដល់ ១០០០ ដុល្លារ និងផ្លូវតូចៗមានតម្លៃពី ៥០០ ទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់កណ្តាលក្រុងមានតម្លៃចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារសម្រាប់តំបន់ពាណិជ្ជកម្ម និងនៅតាមផ្លូវតូចៗមានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ លើកលែងតែតំបន់ Pub Street ដីមានតម្លៃចន្លោះពី ២០០០ ទៅ ៣០០០ ដុល្លារ។
លោកបន្តថា បច្ចុប្បន្ន ការវិនិយោគលើអាផាតមិនដែលមានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុង ១ យូនីតក្នុង ១ ខែមានដំណើរការល្អដោយសារមានតម្រូវការច្រើនពីភ្ញៀវ និងអ្នកធ្វើការចម្រុះជាតិសាសន៍។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានថ្លែងស្រដៀងគ្នាថា ចិនបានចូលទៅខេត្តសៀមរាបបណ្តើរៗតែមិនមានចំនួនច្រើនទេ ដោយពួកគេកំពុងទៅទិញដីទុកច្រើន ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅទីតាំងក្បែរព្រលានយន្តហោះខេត្តសៀមរាបថ្មីលើផ្ទៃដីទំហំប្រមាណ ១០០០ ហិកតា នាពេលខាងមុខនេះ។

ភ្ញៀវទេសចរជាច្រើនបានទៅទស្សនាប្រាសាទអង្គរវត្តកាលពីចុងសប្តាហ៍កន្លងមក។ហេង ជីវ័ន
លោកបានអះអាងថា៖ «ស្របពេលចំនួនភ្ញៀវទេសចរចិនមកទស្សនាខេត្តសៀមរាបច្រើន សកម្មភាពពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មនានាពីអ្នកវិនិយោគចិននឹងកើនឡើងច្រើននាពេលខាងមុខ»។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងឲ្យដឹងផងដែរថា ចិនទៅខេត្តសៀមរាបបណ្តើរ ប៉ុន្តែមិនមានចំនួនច្រើនដូចក្នុងខេត្តព្រះសីហនុទេ ហើយក៏មិនមានភាពប្រកួតប្រជែងគ្នាខ្លាំងដូចនៅខេត្តព្រះសីហនុដែរ។ លោកបានបន្តថាអ្នកវិនិយោគចិនបានធ្វើឲ្យតម្លៃដីធ្លីក្នុងខេត្តសៀមរាបកើនឡើងចន្លោះពី ១៥ ទៅ ២០ ភាគរយនៅដើមឆ្នាំនេះ។
លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្នតម្លៃដីធ្លីមានការកើនខ្លាំងនៅតំបន់ជាយក្រុង និងតំបន់ក្បែរព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប»។
អ្នកតំណាងរាស្ត្រប្រចាំខេត្តសៀមរាបលោកឧកញ៉ា សៀង ណាំ បានថ្លែងឲ្យដឹងផងដែរថា ខេត្តសៀមរាបមានភ្ញៀវទេសចរចិនច្រើន ប៉ុន្តែមិនទាន់ឃើញមានការសាងសង់សំណង់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗពីសំណាក់អ្នកវិនិយោគចិនធំៗនៅឡើយទេ ប៉ុន្តែមានក្រុមហ៊ុនទេសចរណ៍ចិនច្រើនបានមកបើកការិយាល័យនៅក្នុងក្រុងសៀមរាប។
លោកបន្តថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋានចិនជាច្រើនក៏បានបើកនៅក្នុងក្រុងនេះផងដែរ។
នៅពេលសាកសួរអំពីទីក្រុងចិន ឬ China Town ក្នុងខេត្តសៀមរាបតំណាងរាស្ត្ររូបនេះបានថ្លែងថា៖ «ក្រុមហ៊ុននោះបានរត់បាត់ទៅហើយ មិនដឹងទៅណានោះទេ ហើយគម្រោងនោះក៏គ្មានសកម្មភាពនោះទេរហូតមកទល់ពេលនេះ»៕