អ្នកវិនិយោគ និង​អ្នកជំនាញ​បាន​អះអាង​ថា ការទិញ​លក់​លំនៅឋាន​នៅ​តាម​បុរី និង​សំណង់​ផ្ទះល្វែង​នាពេល​នេះ​គឺ​មាន​ភាព​ល្អប្រសើរ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បើ​ទោះ​វា​ជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក៏ដោយ​។

អគ្គនាយក​ក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់ថន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា ការលក់​លំនៅឋាន​នៅ​តាម​បុរី និង​សំណង់​នានា​បាន​បន្ត​កើនឡើង​ល្អ​ប្រសើរ ព្រោះ​បើ​សិន​ជា​លក់​មិន​ចេញ​មិន​មាន​គម្រោង​ថ្មីៗ​កើតឡើង​ជា​បន្តបន្ទាប់​ស្រប​ពេល​ដែល​បុរី​ធំៗ​កំពុង​ពង្រីក​ការសាងសង់​របស់​ខ្លួន​បន្ថែម​ទៀត​។ លោក​បាន​បន្ត​ថា​ប្រជាជន​កើនឡើង​នៅ​រាជធានី​ភ្នំពេញ​ជា​ប្រចាំ​ហេតុ​នេះ​តម្រូវការ​លំនៅឋាន​ក៏​កើនឡើង​ព្រម​គ្នា​ផងដែរ​។

លោក​បាន​អះអាង​ថា៖ «​កំណើន​ជីវភាព​ប្រជាពលរដ្ឋ​កំណើន​ប្រជាសាស្ត្រ ពិតជា​រួម​ចំណែក​ធ្វើ​ឲ្យ​ទីផ្សារ​បុរី​នានា​កាន់​តែ​មាន​សញ្ញា​វិជ្ជមាន​»​។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន VTrust Appraisal បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​ ២០០០ រហូត​ដល់​ដំណាច់ឆ្នាំ​ ២០១៧ នៅ​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​បុរី និង​សំណង់​លំនៅឋាន​ជាង​ ៥០០ ​គម្រោង​ដែល​ស្មើ​នឹង​ផ្ទះ​សង់​ថ្មី​សរុប​ប្រហែល​ ១២៥០០០ ​ខ្នង​ផ្ទះ​។ ដោយឡែក​នៅ​ឆ្នាំ​ ២០១៨ មាន​ផ្ទះ​ចំនួន​ ១៣០០០ ​ខ្នង​បាន​សាងសង់ និង​លក់​ចេញ​ប្រមាណ​ ៨០ ​ភាគរយ​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal បាន​ប្រាប់​ថា បើ​ធៀប​រវាង​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៦ ឃើញ​ថា​ការលក់​លំនៅឋាន​មាន​ភាពប្រសើរ​ក្នុង​ឆ្នាំ​ ២០១៧ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ក្រុមហ៊ុន​របស់​លោក​នៅ​មិន​ទាន់​បាន​សិក្សា​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការសាកសួរ​ម្ចាស់​គម្រោង​មួយ​ចំនួន​ឃើញ​ថា​លំនៅឋាន​នៅតែ​មាន​ការអភិវឌ្ឍ​ថ្មីៗ​ជាច្រើន​ទៀត ហើយ​ការលក់​មាន​ភាព​ល្អប្រសើរ​ផង​ដែរ​។

លោក​បាន​អះអាង​ថា៖ «​ស្ថានភាព​នៃ​ការលក់​ជាក់ស្តែង​នា​ឆ្នាំ​នេះ​គឺ​កំពុង​កើនឡើង ប៉ុន្តែ​បើ​សួរ​ថា កើនឡើង​ប៉ុន្មាន​ភាគរយ​នោះ​យើង​មិន​ទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ទេ​»​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​បុរីរិទ្ធ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ៥៩៨ អ្នកនាង ស៊ូ ហ្វាង បាន​ឲ្យ​ដឹងថា​ការលក់​លំនៅឋាន​របស់​បុរីរិទ្ធ​នៅ​តែ​មាន​កំណើន​ល្អប្រសើរ បើ​ទោះ​ជា​ឆ្នាំ​បោះឆ្នោត​ក្តី តែ​យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ពី​ការលក់​ធ្លាក់​ចុះ​នោះ​ទេ​។ អ្នកនាង​បាន​បន្ត​ថា នៅពេល​ខាង​មុខ​ឆាប់ៗ​នេះ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​គម្រោង​ថ្មី​ទៀត​ផង​។

អ្នកនាង​និយាយ​ថា៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរីរិទ្ធ​នឹង​ចាប់ផ្តើម​គម្រោង​ថ្មី​ទៀត​នៅលើ​ផ្ទៃដី​ចន្លោះ​ពី​ ៦ ​ទៅ​ ៧ ​ហិកតា​នៅក្រោយ​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​»​។

បើ​តាម​អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ សំណង់​លំនៅឋាន​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ជាង​ ៣០០០០ ​ដុល្លារ​ទៅ​ ៦០០០០ ​ដុល្លារ​គឺ​កំពុង​មាន​ទីផ្សារ​ល្អ​ជាង​គេ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ថា ទីផ្សារ​បុរី​តាម​ការវាយតម្លៃ​របស់​លោក​នៅ​តែ​ល្អប្រសើរ ព្រោះ​អ្នក​ពូកែ​នៅតែ​ពូកែ អ្នក​មាន​ឈ្មោះ​ល្បី​នៅតែ​ទទួល​បាន​ជោគជ័យ​ដោយសារ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​ ប៉ុន្តែ​អ្នក​ធ្វើ​មិន​បាន​គិតពី​គុណភាព និង​មិន​យក​ចិត្តទុកដាក់​នឹង​បរាជ័យ​។

លោក​មាន​ប្រសាសន៍​ថា៖ «​នេះ​ជា​រឿង​ធម្មតា​ក្នុង​យន្តការ​ទីផ្សា​សេរី បើ​អ្នក​មិន​យកចិត្ត​ទុកដាក់ អ្នកខ្សោយ អ្នក​នឹង​បរាជ័យ​ហើយ​»​។ លោក​បាន​បន្ត​ថា៖ «​នៅ​ឆ្នាំ​នេះ​ការសាងសង់​បុរី និង​លំនៅឋាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ច្រើន​មែនទែន ប៉ុន្តែ​តម្លៃ​លំនៅឋាន​បាន​ងាក​មក​កាន់​អ្នក​មាន​ជីវភាព​មធ្យម​ច្រើន​ជាង​មុន​»​។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី​វិមាន​ភ្នំពេញ​បាន​ថ្លែង​ថា​ការអភិវឌ្ឍ និង​សាងសង់​លំនៅឋាន​ថ្មីៗ​ទាំង​សំណង់​ផ្ទះល្វែង និង​ខុនដូ​នៅ​តែ​មាន​ភាព​ល្អប្រសើរ ហើយ​ការលក់​ក៏​នៅ​តែ​ធម្មតា​ដែរ ដោយ​មិន​មាន​សញ្ញា​ណា​មួយ​លើស​តម្រូវការ​នោះ​ទេ ខណៈ​ដែល​ការចូល​មក​ដល់​នៃ​អ្នកវិនិយោគ​ចិន​កាន់តែ​ច្រើន បាន​ធ្វើឲ្យ​វិស័យ​នេះ​បន្ត​រីកចម្រើន​នៅ​ទូទាំង​ប្រទេស​។

លោក​បន្ត​ថា ជាមួយ​នឹង​ល្បឿន​នៃ​ការអភិវឌ្ឍ​យ៉ាង​លឿន​នេះ យើង​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​ជាង​មាន​បច្ចេកទេស​ជំនាញ និង​កម្មករ​ក្នុង​វិស័យ​សំណង់​កំពុង​ប្រឈម​ការខ្វះខាត​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា៖ «​បើ​ធៀប​នឹង​ឆ្នាំ​មុន ចំនួន​បុរី​ក្នុង​ស្រុក​មិន​កើនឡើង​នោះ​ទេ ប៉ុន្តែ​បើ​គិត​ពី​ការវិនិយោគ​ក្នុង​វិស័យនេះ​ទូទាំង​ប្រទេស​មាន​ការ​កើនឡើង ដោយសារ​កំណើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​អន្តរជាតិ​នានា​»៕