ក្រុងហ្សាការតាៈ ខណៈធនាគារកណ្ដាលឥណ្ឌូនេស៊ីដំឡើងអត្រាការប្រាក់ ដើម្បីការពាររូបិយប័ណ្ណដែលផុយស្រួយរបស់ខ្លួនលោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលកំពុងពឹងផ្អែកទៅលើការរស់ឡើងវិញនៃវិស័យអចលនទ្រព្យដែលមានដំណើរការយឺត ដើម្បីជួយរក្សាសម្ទុះកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កាលពី ៥ ឆ្នាំមុនតម្លៃផ្ទះលែ្វងប្រណីតនៅឥណ្ឌូនេស៊ីបានកើនឡើងខ្ពស់ក្នុងគ្រាតម្លៃទំនិញកើនឡើងដែលបានមើលឃើញអ្នកទិញមានទ្រព្យច្រើនមួយចំនួនបង់ជាសាច់ប្រាក់សុទ្ធក្នុងការទិញផ្ទះ។ កំណើនតម្លៃទំនិញបានបញ្ចប់ កំណើនសេដ្ឋកិច្ចកាន់តែយឺត ហើយច្បាប់ទប់ស្កាត់ការកេងចំណេញទីផ្សារអចលនទ្រព្យបានបញ្ចប់កំណើនទីផ្សារអចលនទ្រព្យនេះ។
នៅពេលនេះអាជ្ញាធរចង់លើកទឹកចិត្តអ្នកទិញ។ ចាប់ពីខែសីហា ធនាគារកណ្ដាលនឹងលុបចោលលក្ខខណ្ឌតម្រូវប្រាក់កក់ដំបូងអប្បបរមា ១៥ ភាគរយនៃកម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះលើកដំបូង និងបន្ធូរបន្ថយច្បាប់ផ្ដល់កម្ចីក្នុងគោលបំណងគាំទ្រកំណើនឥណទានដែលចុះខ្សោយមួយនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីរបស់លោក Warjiyo ខណៈលោកថ្លែងក្នុងបទសម្ភាសមួយកាលពីខែមុនថា៖ «យើងត្រូវគាំទ្រកំណើនសេដ្ឋកិច្ចរបស់យើង»។ លោកបញ្ជាក់ថាអចលនទ្រព្យអាចមានឥទ្ធិពលច្រើនលើវិស័យផ្សេងទៀត។
វិធានការនេះធ្វើឡើង ខណៈឥណ្ឌូនេស៊ីស្ថិតក្នុងស្ថានភាពលំបាកនៃការហូតចេញមូលធនដែលបានបណ្តាលឲ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់ ១ ភាគរយក្នុងរយៈពេល ៦ សប្តាហ៍ដើម្បីការពារប្រាក់រូពៀ។
លោក Filianingsih Hendarta មន្ដ្រីជាន់ខ្ពស់នៅធនាគារកណ្ដាលឥណ្ឌូនេស៊ីប៉ាន់ប្រមាណថាច្បាប់កម្ចីទិញផ្ទះដែលត្រូវបានបន្ធូរបន្ថយនឹងបន្ថែម ០,០៤ ភាគរយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ ចំនួននោះស្ដាប់ទៅតិច ប៉ុន្តែអត្រាការប្រាក់កាន់តែខ្ពស់នឹងកាត់បន្ថយល្បឿនកំណើនរបស់ខ្លួនដែលធ្វើឲ្យកំណើនសុទ្ធពីការផ្លាស់ប្តូរច្បាប់នេះទទួលបានការស្វាគមន៍។
ធនាគារកណ្តាលបានព្យាករថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ៥,១ ទៅ ៥,២ ភាគរយធៀបនឹង ៥,០៧ ភាគរយកាលពីឆ្នាំ ២០១៧។
ប៉ុន្តែដោយសារតែអវត្តមានទីផ្សារអចលនទ្រព្យដែលមានកំណើនខ្លាំង និងការដំឡើងអត្រាការប្រាក់ដែលព្យាយាមធ្វើអចលនទ្រព្យក្លាយជាសសរស្ដម្ភសេដ្ឋកិច្ចមួយនោះអាចបញ្ជាក់ពីកង្វះខាតជម្រើសគោលនយោបាយដែលគួរជឿទុកចិត្តបានរបស់អាជ្ញាធរនៅក្នុងបរិយាកាសបច្ចុប្បន្ន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ក្រុមហ៊ុន Standard & Poor''s រំពឹងថាការលក់អចលនទ្រព្យនឹងស្ថិតនៅថេរនៅឆ្នាំនេះ ទោះបីជាមានវិធានការថ្មីរបស់ធនាគារកណ្តាលក៏ដោយ។
ដោយសំដៅដល់ការបោះឆ្នោតសភា និងប្រធានាធិបតីនៅខែមេសាឆ្នាំក្រោយ លោក Kah Ling Chan អ្នកវិភាគបានថ្លែងថា៖ «យើងមិនគិតថានឹងមានការស្ទុះងើបឡើងវិញដ៏ធំមួយនោះទេ។ អ្វីៗនឹងប្រហែលជាដើរក្នុងល្បឿនយឺត រហូតដល់ឆមាសទី ២ ឆ្នាំ ២០១៩ បន្ទាប់ពីបោះឆ្នោត»។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុន Rumah123.com ដែលជាក្រុមហ៊ុនកម្រៃជើងសាលំនៅឋានអនឡាញធំជាងគេនៅឥណ្ឌូនេស៊ីបានកត់ត្រាការលក់យឺត។ លោក Ignatius Untung នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុននេះបានថ្លែងថា៖ «ចំនួនអ្នកទិញហាក់ដូចជាស្ងៀមស្ងាត់នៅពេលនេះ»៕ LA