
ភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូ Cambuild'18 កាលពីថ្ងៃម្សិលមិញ។ រូបថត ហុង មិនា
ភ្នំពេញៈ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យសំណង់ និងការរចនានៅកម្ពុជាបានធ្វើឲ្យក្រុមហ៊ុនធំៗលំដាប់អន្តរជាតិប្រមាណ ៣៥០ មកពីប្រទេសចំនួន ២៣ បានមកចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ CAMBUILD''18 ដែលរៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group ចាប់ពីថ្ងៃទី ១២-១៤ ខែកញ្ញា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Events Group បាននិយាយថា នេះជាព្រឹត្តិការណ៍តាំងពិព័រណ៍វិស័យសំណង់ធំជាងគេប្រចាំឆ្នាំ ២០១៨ នៅកម្ពុជាដោយមានការចូលរួមពីក្រុមហ៊ុនធំៗក្នុងស្រុក និងអន្តរជាតិជាច្រើន។
លោកបន្តថា តាមរយៈព្រឹត្តិការណ៍នេះអ្នកចូលរួម ឬវិនិយោគិនក្នុងស្រុកអាចជួបដោយផ្ទាល់ជាមួយអ្នកជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនមកពីបរទេសដើម្បីផ្លាស់ប្តូរបទពិសោធ និងចាប់ដៃគូសហការជាមួយគ្នា។
លោកថ្លែងថា៖ «CAMBUILD''18 នឹងផ្តល់ឲ្យអ្នកចូលរួមទទួលបាននូវចំណេះដឹងថ្មីៗ និងមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យសំណង់។ អ្នកចូលរួមអាចជជែកជាមួយអ្នកជំនាញដើម្បីទទួលបានចំណេះដឹងថ្មីៗ និងដំណោះស្រាយបញ្ហាផ្សេងៗ»។
លោក ភឿង សុភ័ណ្ឌ អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជាបានលើកឡើងថា ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ទាមទារជាចាំបាច់នូវការប្រើប្រាស់បច្ចេកទេស និងសម្ភារទំនើបៗ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍពេលបច្ចុប្បន្ន និងអនាគត។ គុណភាពការរស់នៅត្រូវតែធ្វើឲ្យស្របនឹងស្តង់ដារជាតិ និងអន្តរជាតិ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍នេះគឺជាការចូលរួមរបស់វិស័យឯកជនក្នុងការបំផុសគំនិតក៏ដូចជាលើកទឹកចិត្តដល់ស្ថាបត្យករ អ្នករចនា និងវិស្វករ ឲ្យងាកមកចាប់អារម្មណ៍ចំពោះការសាងសង់ទីក្រុងបែបឆ្លាតវៃ ដោយធ្វើឲ្យទីក្រុងរបស់យើងកាន់តែមានសុវត្ថិភាព និងបរិស្ថានល្អ»។
CAMBUILD''18 មានការចូលរួមរបស់ក្រុមហ៊ុនមកពីប្រទេសមួយចំនួនដូចជា ចិន អីុតាលី អាល្លឺម៉ង់ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។
លោក ហ៊ី ម៉េងស្រ៊ន់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន L.H.K Construction Supplies ដែលនាំចូលសម្ភារបន្ទប់ទឹកពីបរទេសមកចែកចាយនៅកម្ពុជាបានប្រាប់ថា តាមរយៈព្រឹត្តិការណ៍ CAMBUILD''18 នេះក្រុមហ៊ុនរំពឹងថានឹងធ្វើឲ្យការលក់មានកំណើនបន្ថែមទៀត ព្រោះនេះជាឱកាស ក្នុងការពន្យល់ពីគុណភាព និងអត្ថប្រយោជន៍របស់ផលិតផលទៅដល់អ្នកចូលរួម។
លោកបានថ្លែងថា៖ «ការលក់ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៨ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ មានកំណើនក្នុងរង្វង់ ១៥ ភាគរយ»។
ទន្ទឹមគ្នានេះ លោក ប៊ុន ចាន់សុភាព នាយកប្រតិបត្តិក្រុមហ៊ុន ធី ខេ អេស គ្រុប ដែលនាំចូលផលិតផលសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ពីប្រទេសជប៉ុន «Makita» និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗបានកើនឡើងជាបន្តបន្ទាប់។
លោកអះអាងថា៖ «ការលក់ផលិតផលដែលមានបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុនខ្ញុំ បានកើនឡើងជាលំដាប់ ខណៈការលក់ផលិតផលដែលមានបច្ចេកវិទ្យាទាបមិនកើននោះទេ»។
លោក Wang Hongfeng ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Loxu Loxu Digital (Cambodia) Co., Ltd ដែលនាំចូលកាមេរ៉ាសុវត្ថិភាព បានប្រាប់ថា កំណើនការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅកម្ពុជា ពេលនេះបានកើនឡើងយ៉ាងច្រើន បើធៀបទៅនឹង ២-៣ ឆ្នាំមុន។
លោកបាននិយាយថា៖«ការកើនឡើងប្រាក់ចំណូលរបស់ប្រជាជនខ្មែរ បានធ្វើឲ្យការលក់កាមេរ៉ាក្នុងរយៈពេល ៨ ខែកន្លងមកកើនឡើងចន្លោះពី ២០-៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
នេះជាលើកទី ៨ ហើយដែលក្រុមហ៊ុន AMB Tarsus Events Group រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍វិស័យសំណង់លំដាប់អន្តរជាតិនៅកម្ពុជា។ សម្រាប់ CAMBUILD''18 នេះក្រុមហ៊ុនរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ១០ ០០០នាក់៕ LA