ភ្នំពេញ: បើទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ក៏ដោយ ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យនេះ​នៅ​​តែមាន​សក្តានុពល​ខ្ពស់​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​នៅ​ក្រោយ​ពេល​វិបត្តិ​ជំងឺ​នេះ​ស្ងប់ស្ងាត់​ទៅវិញ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃ​ពុធ​បាន​អនុម័ត​លើ​គម្រោង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៤ មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​ទុនវិនិយោគ ៣៥,២ ​លាន​ដុល្លារ​ ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Sun & Moon Hotel Co., Ltd​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​សង់​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម ក្បែរ​ស្ពាន​ព្រះមុនីវង្ស​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា បើទោះ​បី​វិស័យ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ក៏ដោយ ប៉ុន្តែ​ការវិនិយោគ​នៅពេល​នេះ​នឹង​ក្លាយ​ជា​ឱកាស​ដ៏ល្អ​ក្នុង​ការត្រៀម​ខ្លួន ដើម្បី​ស្វាគមន៍​អតិថិជន​សម្រាប់​រយៈពេល ២ ​ទៅ​ ៣ ​ឆ្នាំ​ខាង​មុខ​។

អ្នកស្រី​បន្តថា ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​កំពុង​ទទួល​ជោគជ័យ​លើ​អាជីវកម្ម​សណ្ឋាគារ​ប្រណីត​បែប​បស្ចិមប្រទេស​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​រួច​មក​ហើយ​ក្នុង​គម្រោង​ទី​ ១ របស់ខ្លួន​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ជា​ពេល​ស័ក្តិសម​។ នៅពេល​ទីផ្សារ​សណ្ឋាគារ​ត្រឡប់​មកវិញ​ក្រោយ​វិបត្តិ​ជំងឺ​នេះ វា​នឹង​មិន​មាន​ឧបសគ្គ​អ្វី​ទេ សម្រាប់​គាត់​ក្នុង​ការពង្រីក​ផលិតផល​របស់គាត់​នៅលើ​ទីផ្សារ​។ តាម​បទពិសោធ និង​ជំនាញ ខ្ញុំ​គិតថា គម្រោង​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​ដូច​មុន​»​។

លោក តុប សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការវិនិយោគ​នេះ​នឹង​រួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីកចម្រើន ទោះជា​វិស័យនេះ​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

លោក​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​សណ្ឋាគារ​សរុប​ចំនួន ២ ០៤៤ នៅ​កម្ពុជា​ក្នុង​នោះ​មាន​ចំនួន ៣៤៣ ​កំពុង​ប្រតិបត្តិការ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ បើទោះបី​ជា​យើង​មិន​ទាន់មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មកពី​ក្រៅប្រទេស​នៅក្នុង​អំឡុងពេល​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង​យើង​នឹងមាន​ប្រក្រតីភាព​ភ្ញៀវទេសចរ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូវីដ​១៩ បញ្ចប់​ទៅ​»​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាប់ពី​ដើមខែ​មករា​រហូត​ដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឲ្យ​គម្រោង​អភិវឌ្ឍន៍​នៅ​ទូទាំង​ប្រទេស​ដែលមាន​ទុនវិនិយោគ​សរុប ១ ៩៩៦ ​លានដុល្លារ កើនឡើង​ជិត ៤៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

ចំណែក​ចំនួន​គម្រោង​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ក្នុងអំឡុង​ពេលនេះ គឺមាន​ចំនួន ៧២៨ គម្រោង កើន ២៨,១ ​ភាគរយ​ពី​ចំនួន ៥៦៨ ​គម្រោង​កាលពី​ឆ្នាំ​ ២០១៩​។ ជាមួយ​គ្នា​នេះ​ផ្ទៃក្រឡា​សំណង់​មាន​ទំហំ​ប្រមាណ ៤,២ លាន​ម៉ែត្រក្រឡា​កើន​ជិត ​៣៤ ​ភាគរយ​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ១១,៤៣ ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ៩៨,៧៤ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ប្រមាណ ៥,៣១ ពាន់​លាន​ដុល្លារ​៕ LA