ក្រុងឌូបៃៈ Emaar Properties ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងសំណង់ឈានមុខគេមានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃបានរាយការណ៍កាលពីថ្ងៃពុធពីប្រាក់ចំណេញសុទ្ធឆ្នាំ ២០១៩ កើនឡើងបន្តិច បើទោះបីជាការធ្លាក់ចុះតម្លៃអចលនទ្រព្យដ៏ខ្លាំងក៏ដោយ។
ការកើនឡើង ១ ភាគរយនេះ គឺចំពេលការធ្លាក់ចុះតម្លៃទីផ្សារអចលនទ្រព្យដ៏សំខាន់របស់ទីក្រុងឌូបៃដែលក្រុមហ៊ុននានា រួមទាំង Damac Properties ជាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនឈានមុខគេកំពុងតែជម្នះក្នុងការរកប្រាក់ចំណេញរបស់ខ្លួន។
ក្រុមហ៊ុន Emaar បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ១,៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ កើនឡើង ១ ភាគរយ កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ទោះយ៉ាងណាក្រុមហ៊ុននេះបានកត់ត្រាប្រាក់ចំណូលចំនួន ៦,៦៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ធ្លាក់ចុះប្រហែល ៤ ភាគរយធៀបទៅនឹងឆ្នាំ ២០១៨។
ក្រុមហ៊ុន Emaar ដែលអភិវឌ្ឍ Burj Khalifa ជាអគារខ្ពស់បំផុតក្នុងពិភពលោក និងជាក្រុមហ៊ុនចុះបញ្ជីឈានមុខគេនៅលើផ្សារហ៊ុន Dubai Financial ក៏មានជាប់ទាក់ទងនៅក្នុងអាជីវកម្មកម្សាន្ត សណ្ឋាគារ និងផ្សារទំនើបផងដែរ។
លោក Mohamed Alabbar ប្រធានក្រុមហ៊ុន Emaar បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ប្រតិបត្តិការរបស់ក្រុមហ៊ុន Emaar កាលពីឆ្នាំ ២០១៩ មានភាពរឹងមាំល្អដោយរក្សាបានកំណើននៅក្នុងទីផ្សារប្រកួតប្រជែងមួយនេះ»។
ក្រុងឌូបៃល្បីខាងអគារខ្ពស់កប់ពពកនៅមុខឆ្នេរសមុទ្ររបស់ខ្លួន និងកោះដែលបង្កើតឡើងដោយមនុស្ស ប៉ុន្តែទីក្រុងមួយនេះត្រូវបានជាប់គាំងដោយសារការធ្លាក់ចុះតម្លៃអចលនទ្រព្យរយៈពេល ៥ ឆ្នាំជាមួយនឹងក្រុមអ្នកវិភាគឲ្យដឹងថានឹងមិនមានភាពធូរស្រាលក្នុងរយៈពេលដ៏ខ្លីនោះទេ។
ក្រុមហ៊ុន Damac Properties បានប្រកាសកាលពីថ្ងៃអង្គារនូវការខាតបង់លើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ទសវត្សរ៍មកនេះ។
សេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុននេះបានរាយការណ៍ពីការខាតបង់ ១០ លានដុល្លារ ក្នុងឆ្នាំ ២០១៩ ធៀបនឹងប្រាក់ចំណេញសុទ្ធ ៣១៣ លានដុល្លារ កាលពីឆ្នាំ ២០១៨ ដោយសារតែប្រាក់ចំណូលបានធ្លាក់ចុះ ២៨,២ ភាគរយ មកនៅត្រឹម ១,២ ពាន់លានដុល្លារ។
រដ្ឋាភិបាលកាលពីឆ្នាំ ២០១៨ បានដាក់ឲ្យប្រើប្រាស់វិធានការសង្គ្រោះជាច្រើន ដែលរួមមានលក្ខខណ្ឌទិដ្ឋាការងាយស្រួលសម្រាប់អ្នកទិញជាជនបរទេស និងការអនុញ្ញាតឲ្យស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ក្រុមវិនិយោគិនសំខាន់ៗ។ កាលពីខែកញ្ញាឆ្នាំមុន គណៈកម្មាធិការកម្រិតខ្ពស់ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យទីផ្សារនេះមានតុល្យភាពឡើងវិញ។
តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៤ ព្រោះតែការផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង៕ LA