
សំណង់ធំៗដែលបានលេចឡើងយ៉ាងច្រើនក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា អត្រាកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា នឹងថយចុះក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារតែភាពឆ្អែតនៃវិស័យនេះ។
បើទោះយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលហាក់មិនឯកភាពទៅនឹងរបាយការណ៍ព្យាកររបស់ IMF នោះទេ។
របាយការណ៍ស្តីពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ IMF ចេញផ្សាយកាលពីថ្ងៃអង្គារ ព្យាករថា កំណើនសេដ្ឋកិច្ច កម្ពុជានឹងបន្តភាពខ្លាំងសម្រាប់រយៈពេល ២-៣ ឆ្នាំទៀត មុននឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ៦ ភាគរយសម្រាប់រយៈពេលមធ្យម ដោយសារការថមថយកំណើនផលិតភាព និងភាពចាស់ទុំនៃវដ្ដឥណទាន និងអចលនទ្រព្យ។
លោក Jarkko Turunen តំណាង IMF បានថ្លែងថា៖ «ក្នុងពេលនេះវិស័យអចលនទ្រព្យ និងសំណង់គឺជាកត្តាជំរុញខ្លាំងដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក្នុងពេល ៥ ឆ្នាំខាងមុខវិស័យផ្សេងទៀតនឹងក្លាយជាកត្តាជំរុញកំណើនខ្លាំងជាង [វិស័យអចលនទ្រព្យ និងសំណង់]»។
លោក ចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ កម្ពុជា ស៊ីភីអិល ដែលជាក្រុមហ៊ុនអចលនទ្រព្យមានវ័យចំណាស់ជាងគេនៅកម្ពុជា បានប្រាប់ថា សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងនៅតែមានសញ្ញាវិជ្ជមានដដែល។
លោកថ្លែងថា៖ «វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានាពេលនេះកំពុងមានសម្ទុះខ្លាំងតែនៅខេត្តក្រុង ៣-៤ ប៉ុណ្ណោះ ដូច្នេះសម្រាប់រយៈពេល ៥-៦ ឆ្នាំខាងមុខ ខ្ញុំគិតថា វានឹងបន្តស្ទុះងើបទៅកាន់ខេត្តមានសក្តានុពលផ្សេងៗទៀត។ វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនក្នុងរយៈពេលយូរជាបន្តទៀត»។
លោក ជីវ ស៊ីវផេង អ្នកចាត់ការទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ខណៈគម្រោងសាងសង់ធំៗ ត្រូវការពេលពី ៣-៥ ឆ្នាំ ដើម្បីបញ្ចប់ការព្យាកររបស់ IMF វាអាចចំពេលដែលគម្រោងធំៗទាំងនោះបញ្ចប់។
លោកថ្លែងថា៖ «នៅពេលបញ្ចប់ការសាងសង់ វិនិយោគិនមួយចំនួនគាត់មិនទាន់ចាប់ផ្តើមវិនិយោគអ្វីថ្មីភ្លាមៗទេ ដោយត្រូវរង់ចាំរហូតដល់គម្រោងនោះលក់អស់សិន។ ដូច្នេះការវិនិយោគអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី តែវានឹងងើបឡើងវិញបន្ទាប់ពីនោះ»។
លោក ជីវ ស៊ីវផេង ថ្លែងថា វិស័យសំណង់នាពេលនេះ កំពុងកើនឡើងជាគំហុក ដោយមិនទាន់មានសញ្ញាធ្លាក់ចុះទេ ហើយវានៅតែល្អក្នុងរយៈពេលយូរទៀត។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសំណង់ធំៗបានលេចឡើងយ៉ាងច្រើននោះ ដូច្នេះនៅ ៥ ឆ្នាំខាងមុខវាអាចនឹងធ្វើឲ្យតម្រូវការទីផ្សារមានភាពឆ្អែតផងដែរ។
ប៉ុន្តែលោកបានអះអាងថា វិស័យអចលនទ្រព្យកម្ពុជានឹងនៅតែរក្សាបានកំណើនរបស់ខ្លួនជាបន្តទៀត ដោយសារតែលំហូរចូលនៃវិនិយោគិនចិន។
លោកបានបញ្ជាក់ថា៖ «វិស័យអចលនទ្រព្យនៅប្រទេស កម្ពុជា សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខអាចនឹងធ្លាក់ចុះខ្លះ ប៉ុន្តែបើជនជាតិចិននៅតែបន្តចូលមកវិនិយោគនៅកម្ពុជានោះ វានឹងអាចនៅល្អដដែល»។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០១៨ មានតម្លៃប៉ាន់ស្មាន ២,១៥ ពាន់លានដុល្លារ។
កាលពីឆ្នាំ ២០០៧ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣,០៥២ លើផ្ទៃក្រឡាសាងសង់សរុបចំនួន ១០,៧៤៦,២១៩ម៉ែត្រការ៉េ និងមានតម្លៃវិនិយោគជាង ៦,៤ ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៦ ដែលមានតម្លៃ ៥,២ ពាន់លានដុល្លារ ចំនួននេះកើនឡើង ២២,៣១ ភាគរយ។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីរាជរដ្ឋាភិបាល បានចាត់ទុករបាយការណ៍ព្យាកររបស់ IMF ថា មិនបានឆ្លុះបញ្ចាំងពីភាព ជាក់ស្ដែងនោះទេ។
លោក សេង ឡូត អ្នកនាំ ពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា លោកមិនដឹងថា IMF យកអ្វីធ្វើជាមូលដ្ឋានសម្រាប់ការព្យាករនោះទេ ប៉ុន្តែបើផ្អែកលើសម្ទុះនៃការរីក លូតលាស់ក្នុងវិស័យសំណង់ លោកនៅតែមានជំនឿថា វិស័យសំណង់នៅប្រទេសកម្ពុជា នឹងបន្តការរីកចម្រើនរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀត។
លោកបានថ្លែងថា ៖ «យើងមិនអាចនិយាយថា កំណើនវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា នឹងឈានទៅដល់ភាពចាស់ទុំ(Maturing) នៅរយៈពេល ៥-៦ ឆ្នាំទៀតបានទេ ព្រោះជាក់ស្តែងនៅតាមបណ្តាប្រទេសកំពុងរីកចម្រើន គឺត្រូវការសំណង់កាន់តែច្រើនជាបន្តបន្ទាប់»៕LA