ភ្នំពេញៈ ទីតាំងដែលជាអតីតតំបន់លិចទឹកនៅរដូវវស្សាមុនពេលចាក់បំពេញដោយខ្សាច់នោះ ពេលនេះកំពុងវិវត្តខ្លួនជាបណ្តើរៗទៅជាទីក្រុងពាណិជ្ជកម្មដ៏ទំនើបនាពេលអនាគត ខណៈប្រាក់ប្រមាណ ៣០០០ លានដុល្លារនឹងត្រូវចាក់បញ្ចូលទៅក្នុងតំបន់នេះ។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បាននិយាយកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីធ្វើការសិក្សាជាមួយអាជ្ញាធររួចមកក្រុមហ៊ុនសម្រេចកាត់ដីជូនប្រជាជន ១០២ ហិកតាលើផ្ទៃដីដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ៣៨៧ ហិកតា។ ដីដែលនៅសល់ក្រុមហ៊ុនបានកាត់យកមួយចំណែកសម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធទើបនៅសល់ដីចុងក្រោយ ១៤០ ហិកតា។ ដីនៅសល់នេះក្រុមហ៊ុនបានទុកប្រហែល ៣០ ហិកតាទៀតសម្រាប់ផ្តល់ជូនប្រជាជនដែលជាម្ចាស់ដីនៅទីនោះផ្ទាល់។
លោកបានប្រាប់ទៀតថា ដីនៅសល់ប្រមាណ ១១០ ហិកតានេះ រដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់សម្រាប់សាងសង់សំណង់មួយចំនួនផងដែរ ដូច្នេះដីនៅសល់ចុងក្រោយមានប្រមាណតែ ១០០ ហិកតាប៉ុណ្ណោះ។
តើគម្រោងដែលគ្រោងចំណាយលុយដ៏ច្រើននេះកំពុងមានការវិវឌ្ឍបែបណា? លោក សំណាង បាននិយាយថា បន្ទាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជិតបញ្ចប់ ដោយមានផ្លូវប្រវែង ៣០ គីឡូម៉ែត្រ និងប្រព័ន្ធលូប្រវែង ៦០ គីឡូម៉ែត្រនោះ នៅពេលនេះក្រុមហ៊ុនកំពុងសង់ផ្ទះសម្រាប់លក់ និងអគារពាណិជ្ជកម្មកម្ពស់ ១០ ទៅ ១២ ជាន់ព្រមទាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC ផងដែរ។
លោកថ្លែងថា៖ «យើងគ្រោងរៀបចំតំបន់នេះជាទីក្រុងពាណិជ្ជកម្មនាពេលអនាគតហេតុនេះយើងមិនសាងសង់វីឡា ឬផ្ទះល្វែងច្រើនទេ។ យើងចង់ឲ្យទីក្រុងនេះក្លាយទៅជាតំបន់ពាណិជ្ជកម្មដូចតំបន់ពាណិជ្ជកម្មតាមបណ្តោយមហាវិថីព្រះមុនីវង្ស»។
ទីក្រុងនេះនឹងត្រូវអភិវឌ្ឍតាមបែប Smart City។
ក្រុងរណបជ្រោយចង្វារស្ថិតក្នុងសង្កាត់ចំនួន ៣ គឺសង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេកក្នុងខណ្ឌជ្រោយចង្វារ។
ជាមួយគ្នានេះក្រុមហ៊ុន OCIC ក៏បានសាងសង់ផ្លូវថ្មីចំនួន ៣ ខ្សែស្របតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលផ្លូវមេធំជាងគេមានប្រវែង ៥,៦ គីឡូម៉ែត្រ និងផ្លូវរងចំនួន ២ ទៀតបាននិងកំពុងសាងសង់។
ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតានេះក្រុមហ៊ុនក៏កំពុងសិក្សាពីគម្រោងប្តូរទីតាំងសាលពិព័រណ៍ និងសន្និបាតកោះពេជ្រទៅកាន់ទីនោះផងដែរ។
លំហូរចរាចរណ៍គឺពិតជាមានសារៈសំខាន់ដោយលោក សំណាង បានអះអាងថាដោយសារស្ពានជ្រោយចង្វារទី ១ ត្រូវការជួសជុលរយៈពេលវែង ទើបក្រុមហ៊ុនសម្រេចសង់ស្ពានដែកបេឡេត៍ ហើយនៅពេលខាងមុខក្រុមហ៊ុននឹងស្ថាបនាស្ពានខ្សែកាប ដែលស្រដៀងនឹងស្ពានអ្នកលឿងដោយនឹងចំណាយប្រាក់ប្រហែល ៣៥ លានដុល្លារ។
លោកបញ្ជាក់ថា៖ «ស្ពាននេះនឹងសាងសង់ឡើងនៅពេលឆាប់ៗដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ»។ លោកបន្តថា៖ «ដោយសារជាទីក្រុងដ៏ធំដែលនឹងមានអគារខ្ពស់ៗជាច្រើននោះ ខ្ញុំគិតថាការអភិវឌ្ឍទីក្រុងនេះត្រូវចំណាយពេលចន្លោះពី ១០ ទៅ ២០ ឆ្នាំទើបចប់»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍជាក្រុងរណប ហើយជាលទ្ធផលខ្សាច់ត្រូវបានចាក់បំពេញរួចហើយ ប៉ុន្តែការអភិវឌ្ឍត្រូវតែធ្វើតាមប្លង់គោលអភិវឌ្ឍន៍ក្រុងដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូចម្រោះទឹកកខ្វក់ ជាដើម ដើម្បីធ្វើឲ្យប្រាកដថា ការអភិវឌ្ឍធ្វើឡើងប្រកបដោយនិរន្តរភាព។
លោកថ្លែងថា៖ «ទស្សនទាននៃការអភិវឌ្ឍតំបន់នេះជាគម្រោងដែលត្រូវអនុវត្តតាមផែនការរបស់ខ្លួនព្រោះទីតាំងនេះគឺជាទីក្រុងរណបដែលនឹងក្លាយជាទីប្រមូលផ្តុំប្រជាជនជាច្រើន»។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានប្រាប់ថា លោកគិតថាផែនការរៀបចំទីក្រុងរណបនេះជាទីក្រុងពាណិជ្ជកម្មពិតជាល្អណាស់ ព្រោះជាតំបន់ដែលកៀកតំបន់ពាណិជ្ជកម្មកណ្តាលក្រុងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ពិសេសមានស្ពាន ៣-៤ តភ្ជាប់ លក្ខខណ្ឌអាកាសធាតុ និងសណ្ឋានដីល្អ។
លោកបានបន្តថា៖ «តំបន់នេះនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ប៉ុន្តែវាត្រូវការពេលចន្លោះពី ៥-១០ ឆ្នាំទៀត ទើបអាចក្លាយជាតំបន់ពាណិជ្ជកម្មរស់រវើកបាន»។ លោកបន្តថា៖ «វានឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំនៅជាយរាជធានីភ្នំពេញ»។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕