ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Square ដែលគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate របស់វិនិយោគិនចិនបានចុះកិច្ចព្រមព្រៀងជួលជាច្រើនជាមួយនឹងប្រតិបត្តិករពាណិជ្ជកម្ម ខណៈការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះគ្រោងនឹងបញ្ចប់និងដាក់ឱ្យប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខ។
លោក Steven Wang អគ្គនាយកក្រុមហ៊ុន Prince Real Estate បានឱ្យដឹងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះនៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទថា Prince Square គឺជាមជ្ឈមណ្ឌលច្រកចេញចូលតែមួយដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Prince Real Estate។ លោកបន្ថែមថា ដោយសារការអភិវឌ្ឍរហ័ស និងការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Prince Real Estate តែងតែលើកកម្ពស់បេសកកម្មនៃការបម្រើ កសាង និងផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា និងពង្រីកពាណិជ្ជកម្ម។
លោកបានថ្លែងថា៖ «ភាគច្រើននៃប្រតិបត្តិករពាណិជ្ជកម្មដែលចុះកិច្ចព្រមព្រៀងជាមួយនឹងពួកយើង គឺមកពីយីហោល្បីៗបំផុត។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មច្រកចេញចូលតែមួយ Prince Square កំពុងទទួលបាននូវការយកចិត្តទុកដាក់ និងការគាំទ្រពីរដ្ឋាភិបាលផងដែរ។ ពិធីចុះកិច្ចព្រមព្រៀងថ្ងៃនេះគឺជាការចាប់ផ្ដើម ហើយប្រតិបត្តិការរយៈពេលវែងគឺជាគន្លឹះដើម្បីឈានទៅរកការទទួលបានជោគជ័យ។ យើងសង្ឃឹមថានឹងទទួលបានការគាំទ្រជាបន្តពីដៃគូពាណិជ្ជកម្មនានាពីមន្ដ្រីរបស់រដ្ឋាភិបាល និងពីសំណាក់មនុស្សគ្រប់គ្នា»។
លោកបញ្ជាក់ថា៖ «មជ្ឈមណ្ឌលពាណិជ្ជកម្មនេះក៏នឹងក្លាយជាឱកាសវិនិយោគថ្មីមួយ និងជាចំណុចប្រកបដោយក្ដីសង្ឃឹមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានធ្វើជាគណៈអធិបតីក្នុងពិធីនោះបាននិយាយថា ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ខ្លួនយ៉ាងលឿននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសរាជធានីភ្នំពេញ ខណៈពេលដែលកំណើនសេដ្ឋកិច្ចល្អប្រហែល ៧ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមនឹងនេះប្រាក់ចំណូលរបស់ប្រជាជនខ្មែរក៏កំពុងកើនឡើងដែលអនុញ្ញាតឱ្យមានឱកាសដ៏ល្អសម្រាប់ Prince Square ក្នុងការនាំមកនូវម៉ាកប្រណីត និងល្បីដើម្បីបម្រើតម្រូវការរបស់ប្រជាជន។
លោកមានប្រសាសន៍ថា៖ «គម្រោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏ល្អគាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេសឱ្យចូលមកស្នាក់នៅ បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន»។
មជ្ឈមណ្ឌល Prince Square មានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ីក្នុងខណ្ឌទួលគោក។ មជ្ឈមណ្ឌលនេះសាងសង់នៅលើផ្ទៃដីទំហំ ៣៥ ០០០ ម៉ែត្រការ៉េ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញឈានមុខគេ ហើយត្រូវបានសាងសង់ជាហាងលក់ទំនិញច្រកចេញចូលតែមួយលើកដំបូង នៅទីក្រុងភ្នំពេញ។
នៅជាន់ទី ៣ របស់អគារនេះ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនិញ កន្លែងសម្រាកលម្ហែកាយ និងកម្សាន្ត អាហារ និងសម្ភារទាន់សម័យ ដែលរួមបញ្ចូលទាំងអស់ក្នុងផ្សារទំនើបតែមួយ រោងភាពយន្ត ហើយក៏មានសាលប្រណីត ដែលអាចរៀបចំការតាំងពិព័រណ៍ ពិធីជួបជុំអាហារពេលល្ងាច សាលសន្និសីទសារព័ត៌មានជាដើម៕ LA