មិនយូរ​ប៉ុន្មាន​ក្រោយ​ពេល​បើក​សាកល្បង​កាលពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ សួនកម្សាន្ត Rabbit Town ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Bandung ខេត្ត Java នា​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្ក​ឲ្យ​មាន​ភាពចម្រូង​ចម្រាស​មួយ​ចំនួន​កើតឡើង​។

កន្លែង​ដែល​ត្រូវ​បាន​គេ​ហៅថា ឋានសួគ៌​សម្រាប់​ការថតរូប​ត្រូវ​គេ​រាយការណ៍​ថា បាន​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ដែល​ចម្លង​ពី​ស្នាដៃ​របស់​លោកស្រី Yayoi Kusama ដែល​មាន​ឈ្មោះ​ថា «​បន្ទប់​បំផ្លាញ​» និង​ស្នាដៃ​ «​ពន្លឺ​ទីក្រុង​» របស់​លោក Chris Burden ក៏ដូចជា​ស្នាដៃ​មួយ​ចំនួន​ដែល​មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ការដាក់​តាំង​នៅ​សារមន្ទីរ Ice Cream​។

បើ​ទោះបី​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អ្នក​គាំទ្រ និង​សហគមន៍​សិល្បៈ​អំពី​ការលួច​ចម្លង​ដែល​បណ្តាល​ឲ្យ​គណនី Instagram របស់ Rabbit Town ទទួល​នូវ​សារ​ជេរប្រទេច​យ៉ាង​ខ្លាំង និង​មាន​ការ​ប្រកាស​ថា​នឹង​មិន​ឈាន​ជើង​ចូល​ទៅ​ក្នុង​សួនឧទ្យាន​នោះ​ទៀត​ក៏ដោយ ក៏​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ​បាន​ចូលទៅ​ថតរូប​នៅ​ទី​នោះ​។

ភ័ស្តុតាង​នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែល​ចំណត​រថយន្ត​ដែល​ពេញ​ហូរហៀរ​របស់ Rabbit Town បាន​បង្ខំ​អ្នក​ទេសចរ​ខ្លះ​ឲ្យ​ទៅ​ចត​រថយន្ត​របស់​ខ្លួន​នៅ​ខាង​ក្រៅ​បរិវេណ​កន្លែង​កម្សាន្ត​នោះ​។

Nia ដែល​ជា​ម្តាយ​មាន​កូន​ចំនួន​ ៣ ​នាក់​បាន​ឮ​ព័ត៌មាន​ស្តីពី​ការលួច​ចម្លង​រូបគំនូរ​ទាំង​នោះ​ពី​កូនស្រី​ច្បង​របស់​ខ្លួន​។ លោកស្រី Nia ដែល​បាន​ទៅ​លេង Rabbit Town ជាមួយ​មិត្តភក្តិ​បាន​និយាយ​ថា៖ «​វា​មិន​អី​ទេ​​ [​ការលួច​ចម្លង​] ​ព្រោះ​វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​សប្បាយ​ប៉ុណ្ណោះ​»​។

Risky ដែល​ជា​បុគ្គលិក​មីនីម៉ាត​មួយ​កន្លែង​បាន​ដឹង​ព័ត៌មាន​នេះ​តាមរយៈ​ការ​បង្ហោះ​ព័ត៌មាន​តាមរយៈ Instagram របស់​មិត្តភក្តិ ហើយ​នាង​មិន​បាន​យក​ចិត្ត​ទុកដាក់​ច្រើន​អំពី​រឿង​នោះ​ទេ ថ្វីបើ​នាង​បាន​អាន​អត្ថបទ​ ១ ​ដែល​បាន​សរសេរ​ថា​កន្លែង​នេះ​កំពុង​កេងប្រវ័ញ្ច​លើ​ស្នាដៃ​សិល្បៈ​ដែល​ល្បីល្បាញ​ក៏ដោយ​។

យុវនារី​វ័យ​ ២១ ​ឆ្នាំ​រូប​នេះ​បាន​មក​ដល់​កន្លែង​នោះ​ហើយ​តុបតែង​ខ្លួន​យ៉ាង​ស្អាត​មុន​ពេល​ថតរូប​ខ្លួនឯង​ដើម្បី​បង្ហោះ​លើ Instagram ដែល​រួមមាន​ទាំង​អំពូល​ភ្លើង​តាម​ដង​ផ្លូវ​ចំនួន ៨៨ ​បង្គោល​ដែល​រូបភាព​នេះ​គឺ​ដូច​បេះបិទ​ទៅ​នឹង​ស្នាដៃ​របស់​លោក Chris Burden ដែល​មាន​ឈ្មោះ​ថា «​ពន្លឺ​ទីក្រុង​» នៅ​សារមន្ទីរ The Los Angeles County Museum of Art (LACMA)​។

ភាព​រំភើប​របស់​អ្នកទស្សនា​គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​អាជ្ញាធរ និង​សហគមន៍​សិល្បៈ​បាន​បង្ហាញ​។

វិចិត្រករ​ជើងចាស់​ប្រចាំ Bandung លោក Tisna Sanjaya យល់​ថា ទង្វើ​របស់ Rabbit Town គឺជា​ការ​មើលងាយ​ដល់​តម្លៃ​សិល្បៈ​នៃ​ស្នាដៃ​ទាំង​នោះ​។

ដោយ​សំដៅ​ទៅ​ដល់​ស្នាដៃ «​បន្ទប់​បំផ្លាញ​» របស់​លោកស្រី Kusama ដែល Rabbit Town បាន​ចម្លង​ហើយ​ដាក់​ឈ្មោះ​ថា Patrico Sticker លោក Tisna Sanjaya បាន​និយាយ​ថា៖ «​យើង​អាច​មើល​ហើយ​គិត​ថា​ស្នាដៃ​របស់​លោកស្រី Kusama គឺជា​អ្វី​ដែល​ងាយស្រួល​ធ្វើ​ដោយសារ​តែ​វា​ពោរពេញ​ដោយ​ចំណុច​ពណ៌​ជាច្រើន​»​។

លោក​បាន​បន្ត​ថា៖ «​ការងារ​នេះ​គឺជា​លទ្ធផល​នៃ​ដំណើរការ​ច្នៃប្រឌិត​ដ៏យូរអង្វែង​ចាប់​តាំងពី​នាង​នៅ​ក្មេង​។ នៅពេល​មាន​នរណា​ម្នាក់​យក​តម្លៃ​នៃ​ស្នាដៃ​លោកស្រី​មក​បង្ហាញ​បែប​នេះ វា​ជា​ការ​ប្រមាថ​ដល់​ការងារ​ដ៏វិសេសវិសាល​របស់​គាត់​»​។

ប្រធាន​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​តំបន់ Bandung អ្នកនាង Kenny Dewi Kaniasri បាន​និយាយថា​នាយកដ្ឋាន​របស់​នាង​ត្រូវ​បាន​គេ​បិទបាំង​មិន​ឲ្យ​ដឹង​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់ Rabbit Town ឡើយ ដោយសារ​តែ​កន្លែង​នេះ​បាន​ទទួល​លិខិត​អនុញ្ញាត​អាជីវកម្ម​ពី​នាយកដ្ឋាន​ការវិនិយោគ​។

អ្នកនាង Kenny បាន​និយាយ​ថា៖ «​និយាយ​ដោយ​ស្មោះត្រង់​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ និង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ដោយសារ​តែ​បញ្ហា​នេះ​»​។

ខណៈ​ការចោទប្រកាន់​ពី​ការលួច​ចម្លង​បាន​រីករាលដាល​រួច​ទៅ​ហើយ​នោះ នាង​បាន​បញ្ជូន​ក្រុម​ការងារ​របស់​នាង​ទៅ​ធ្វើការ​ជាមួយ​អ្នក​គ្រប់គ្រង Rabbit Town កាលពី​ ២ ​សប្តាហ៍​មុន​ដោយ​ស្នើ​ឲ្យ​ពួកគេ​បញ្ចូល​ខ្លឹមសារ​ក្នុង​ស្រុក​បន្ថែម​ទៀត​នៅក្នុង​ឧទ្យាន​នោះ​។

អ្នកនាង Kenny បាន​និយាយ​ថា៖ «​ពួកគេ​សន្យា​ថា​នឹង​បញ្ចូល​ព័ត៌មាន​អំពី​ថា​តើ​ការដំឡើង​នេះ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ស្នាដៃ​អ្នក​ណា​ឲ្យ​ពិតប្រាកដ​។ ខ្ញុំ​នឹង​ពិនិត្យ​មើល​ថា​តើ​ពួកគេ​បាន​បំពេញ​តាម​ការសន្យា​ដែរ ឬ​អត់​?»​។

អ្នក​ស្រាវជ្រាវ​សិល្បៈ និង​ជា​អ្នក​ដេញ​ថ្លៃ​លោក Amir Sidharta បាន​ចាត់​ទុក​ថា ការ​ដាក់​ស្លាក​ «​បំផុស​គំនិត​ដោយ​...» សិល្បករ​ណា​មួយ​អាច​ជា​ដំណោះស្រាយ​គ្រប់គ្រាន់​។ លោក​បន្ត​ថា៖ «​ប៉ុន្តែ​វា​អាស្រ័យ​លើ​ថា​តើ​សិល្បករ​នៃ​ស្នាដៃ​នោះ​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​?»​។

លោក Amir បាន​និយាយ​ថា៖ «​លោក​បាន​ស្នើឲ្យ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ឧទ្យាន​នេះ​ដើម្បី​បំពេញ​តម្រូវការ​អ្នក​ចូលចិត្ត​ថតរូប​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​កេងប្រវ័ញ្ច​លើ​ស្នាដៃ​សិល្បៈ​ល្បីល្បាញ គឺ​ម្ចាស់​ឧទ្យាន​អាច​ចាប់ផ្តើម​ដោយ​ការជួល​វិចិត្រករ​ឥណ្ឌូនេស៊ី​ជាច្រើន​នាក់​ដើម្បី​បង្កើត​ការងារ​ពិសេស​ប្លែកៗ​ពី​គេ​យក​មក​ដាក់តាំង​។ នេះ​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​ស្នាដៃ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ក្រោយ​មក​អាច​ត្រូវ​បាន​បង្ហាញ​នៅក្នុង​សារមន្ទីរ​ពិតប្រាកដ​ណា​មួយ​ក្នុង​នាម​ជា​ស្នាដៃ​សិល្បៈ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សម័យកាល​ណាមួយ​»​។

ដូច​ដែល​បាន​រាយការណ៍​ដោយ Artnet សារមន្ទីរ Ice Cream បាន​ជំទាស់​ទៅ​នឹង​ទង្វើ​របស់ Rabbit Town ដោយ​បាន​និយាយ​ថា «​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​កម្មសិទ្ធិ​បញ្ញា​របស់​សិល្បករ​»​។

ប្រធាន​ទីភ្នាក់ងារ​ផ្នែក​សេដ្ឋកិច្ច​ច្នៃប្រឌិត​លោក Triawan Munaf បាន​និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​គាំទ្រ​ការស៊ើបអង្កេត​ទៅ​លើ​ការលួចចម្លង​ប្រសិន​បើ LACMA ចង់​បន្ត​រឿង​នេះ​។ លោក​ថែម​ទាំង​បាន​ស្នើសុំ​ជំនួយ​ពី​អ្នក​អភិរក្ស​សិល្បៈ​ជាច្រើន​ដើម្បី​ទាក់ទង LACMA ដែល​ជា​កន្លែង​ដាក់​បង្ហាញ​ស្នាដៃ​របស់​លោក David Burden​។

លោក Triawan បាន​ប្រាប់ Jakarta Post តាមរយៈ​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ផ្ញើ​លិខិត​ជូនដំណឹង​តាម​ផ្លូវ​ច្បាប់ ឬ​លិខិត​ផ្លូវការ​ទៅ​ម្ចាស់​ឧទ្យាន Rabbit Town​។ ខ្ញុំ​ត្រូវការ​ការជឿជាក់​ថា LACMA ពិតជា​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​នេះ​ពិតមែន​។ ខ្ញុំ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ភ្លាមៗ​ដោយ​បន្ទោស​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​។ យើង​ចង់​ចាត់​វិធានការ​ដោយ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​នេះ​»​។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ LACMA ឬ​ស្ថាប័ន​ផ្សេង​ទៀត​ដាក់​ពាក្យ​បណ្តឹង Bekraf នឹង​ជួយ​តាមដាន​ករណី​កម្មសិទ្ធិបញ្ញា និង​ជូន​ដំណឹង​ដល់​ប៉ូលីស​។

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់ Bandung ឧទ្យាន Rabbit Town គឺជា​អតីត​កន្លែង​ស្នាក់នៅ​របស់​អគ្គនាយក និង​ជា​ប្រធាន​ក្រុមហ៊ុន Kagum Group លោក Henry Husada ដែល​បាន​បង្កើត​អាណាចក្រ​ជំនួញ​របស់​លោក​ជាមួយ​នឹង​ហាង និង​សណ្ឋាគារ​នៅ Bandung​។

ក្រៅពី​ការដំឡើង​ស្នាដៃ​ទាំងអស់​នេះ​ឧទ្យាន​ដែល​មាន​ផ្ទៃដី​ទំហំ​ ២ ​ហិកតា​នេះ​ក៏មាន​សត្វ​រស់នៅ​ដូច​សត្វ​ស្វា ព្រាប និង​សត្វ​ទន្សាយ​ផង​ដែរ​។

លោក Nabila មន្ត្រី​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ Rabbit Town បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទប្រកាន់​ពី​បទ​លួច​ចម្លង​នេះ​ឡើយ ប៉ុន្តែ​សន្យា​ថា​នឹង​ផ្តល់​ការពន្យល់​នៅ​ក្នុង​ខែ​នេះ​។ ឧទ្យាន​នេះ​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២២ ខែ​មេសា​។

អ្នកនាង Kenny បាន​កត់សម្គាល់​ថា​ការ​លួច​ចម្លង​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ Bandung ដែល​ជា​ទីក្រុង​ស្ថិត​ក្នុង​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ មក​។

អ្នកនាង Kenny និយាយ​ថា​៖ «​វា​បាន​ក្លាយ​ជា​រឿង​ចម្លែក​ដែល​នៅក្នុង​ទីក្រុង​នេះ​នៅ​តែ​មាន​ម្ចាស់​អាជីវកម្ម​ដែល​ខ្វះ​ការ​គោរព​ចំពោះ​ស្នាដៃ​របស់​សិល្បករ​ផ្សេង​ទៀត​»​។

ប្រធាន​វេទិកា​គំនិត​ច្នៃប្រឌិត​នៃ​ទីក្រុង Bandung (BCCF) លោកស្រី Tita Larasati បាន​និយាយ​ថា​លោកស្រី​មិន​ព្រួយបារម្ភ​ថា​ភាពចម្រូង​ចម្រាស​អាច​ប៉ះពាល់​ដល់​ឱកាស​របស់ Bandung ក្នុង​ការ​រក្សា​ទីតាំង​របស់​ខ្លួន​នៅក្នុង​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ​នោះ​ទេ​។

លោកស្រី​បាន​បញ្ជាក់​ថា៖ «​ដរាប​ណា យើង​ធ្វើឲ្យ​ភាព​ចម្រូង​ចម្រាស​នេះ​មាន​តុល្យភាព​ជាមួយ​សមិទ្ធផល​ដែល​យើង​ទទួល​បាន​យើង​មិន​គួរ​ព្រួយបារម្ភ​នោះទេ​។ យើង​គ្រាន់​តែ​ត្រូវ​អប់រំ​ពួកគេ [​មនុស្ស​ដែល​ខ្វះ​ការយល់​ដឹង​ពី​សិល្បៈ​]»៕

Yuliasri Perdani /The Jakarta Post